អ.ស.ប បារម្ភពីការឃុំខ្លួននឹងចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) សម្តែងការព្រួយបារម្ភ ចំពោះការឃុំខ្លួន និងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សកម្ពុជា ក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ និងការជួបប្រជុំដោយសន្តិវិធី។

ក្នុងលិខិតរួមរបស់អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន ៦រូប ដែលបានផ្ញើជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃ៨ ខែមករាម្សិលមិញនេះលើកឡើងថា មានការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សកម្ពុជា ទាក់ទងនឹងបាតុកម្មអហិង្សា។

ករណីនេះ អ្នកជំនាញ អ.ស.ប សម្តែងការព្រួយបារម្ភចំពោះការឃុំខ្លួន និងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សកម្ពុជា រួមទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិស្រ្តីមួយចំនួន ក្នុងការឆ្លើយតបទៅនឹងការការពារសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេក្នុងការជួបប្រជុំដោយសន្តិវិធី។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនំាពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានទេនៅថ្ងៃនេះដោយទាក់ទងតាមទូរសព្ទមិនមានអ្នកទទួល និង ផ្ញើសារតាមតេឡេក្រាមក៏មិនមានការឆ្លើយតប។​

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ច្រានចោលលិខិតរួមរបស់អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប។លោកថាការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកបញ្ចេញមតិកន្លងមក ដោយសារតែពួកគេធ្វើខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «ទិដ្ឋភាពចាប់វិធានការរបស់សមត្ថកិច្ចមិនមែនជាការបំភិតបំភ័យធ្វើទុក្ខបុកម្នេញសកម្មជនការពារសិទ្ធិមនុស្សនោះទេ អ្នកដែលរងកាចោទប្រកាន់ទាំងប៉ុន្មាន មិនមែនដោយសារការអនុវត្តសិទ្ធសេរីភាពនោះទេ គឺដោយសារការបំពានច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំចោទប្រកាន់តាមនីតិវិធីតាមផ្លូវតុលាការ»

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីកុំឱ្យមានភាពចម្រូងចម្រាស់ដាក់គ្នាទៅវិញទៅមក រដ្ឋាភិបាលត្រូវពិនិត្យ និងកែសម្រួលវិសោធនកម្មច្បាប់មួយចំនួន រួមទាំងអនុវត្តឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងរដ្ឋធម្មនុញ្ញ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា បើរដ្ឋាភិបាលមិនពង្រឹងការអនុវត្តច្បាប់ឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងរដ្ឋធម្មនុញ្ញទេ អ្នកដែលខាតប្រយោជន៍កម្ពុជា។

លោកមានប្រសាសន៍ដូចនេះថា៖«កម្ពុជា ច្បាប់ទាំងឡាយត្រូវអនុលោមទៅតាមបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលយើងបានទទួលស្គាល់ និងតាមរដ្ឋធម្មនុញ្ញដែរ។ កន្លងមកយើងឃើញមានការខាតបង់ច្រើនដូចជា បញ្ហាEBAរបស់សហគមន៍អឺរ៉ុប២០%(អឺរ៉ុបផ្តាល់ប្រព័ន្ធអនុគ្រោះពន្ធ) ហើយខាងមុខទៀតយើងក៏បារម្ភដែររឿងGSP ហើយនៅមានអ្វីច្រើនទៀត បើយើងគោរពបានតាមគោលការណ៍សិទ្ធិមនុស្ស កម្ពុជាយើងនឹងចំណេញ»

សហភាពអឺរ៉ុបបានចាប់ផ្តើមដកភាពអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជាចំនួន២០ភាគរយជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីខ្លួនបានដំណើរការពិនិត្យរយៈពេល១៨ខែ រាប់ចាប់ពីថ្ងៃប្រកាសនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយខ្លួនរកឃើញមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងមានលក្ខណៈធ្ងន់ធ្ងរនៅកម្ពុជា។ក្រោយមក សមាគមរោងចក្រកាត់ដេរនៅក​ម្ពុ​ជា បានប្តឹងសហភាពអឺរ៉ុបទៅតុលាការយុត្តិធម៌របស់តំបន់នេះ កាលពី​ថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២០ ដើម្បីជំរុញឱ្យទាម​ទារឱ្យតំណាងក្រុមប្រទេសបញ្ជាទិញមួយនេះ ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដល់កម្ពុជាឡើងវិញ ដោយសំអាងថា ការសម្រេចរបស់ EU រំលោភលើគោលការណ៍សមាមាត្រ        និងតម្រូវការនៃភាពស្ថិតស្ថេរ រវាងគោលនយោបាយ រួមទាំងសកម្មភាពរបស់សហភាពអឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ