លោក​ ស​ ខេង​ បញ្ជា​​ឱ្យ​​ចាត់​វិធានការ​​លើ​​ម៉ូតូ​​ធំ​​ដែល​​បង្ក​​សំឡេង​​រំខាន​​ដល់​​ពលរដ្ឋ​

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បាន​ឃាត់​ក្មេង​ទំនើង​ចំនួន៣នាក់​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឱ្យ​ឮសំឡេង​ខ្លាំង បង្ក​ការ​ភ្ញាក់ផ្អើល​និង​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ (វេ​បសាយ៖ នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​/ gdlf​-kh.com​)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល ពិសេស​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​​ម្ចាស់​ម៉ូតូ​ធំ ដែល​កែច្នៃ​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ។

ក្នុង​កិច្ចប្រជុំ​អន្ដរ​ក្រសួង ដើម្បី​កែសម្រួល​លក្ខណៈ​សម្បត្តិ​នៃ​គោលនយោបាយ​ភូមិ​ឃុំមាន​សុវត្ថិភាព នៅ​ថ្ងៃសុក្រ​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​ថា ថ្មី​ៗនេះ លោក​នៅតែ​សង្កេតឃើញ​មាន​ករណី​ក្មេង​ទំនើង​មួយចំនួនបាន​ជិះ​ម៉ូតូ​ធំដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំងខុសពី​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ដែល​មាន​សំឡេង​ឮ​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា រូបលោក​ក៏​ធ្លាប់​ជួប​ម៉ូតូ​ធំ​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ហើយ​ករណីនេះ លោក​ជំរុញ​សមត្ថកិច្ចនិង​ក្រសួង​ពាក់ព័ន្ធ លុបបំបាត់​ម៉ូតូ​ធំ​ដែល​បង្ក​ជា​សំឡេង​រំខាន កុំឱ្យ​មាន​បន្ដ​ទៀត​នៅក្នុង​សង្គម។

លោក​បាន​ថ្លែង​ថា៖ «ស្នើ​ក្រសួងសាធារណការ បញ្ជូន​ផ្លាក​លេខ ​[ម៉ូតូ​ធំ​ដែល​បង្ក​សំឡេង​រំខាន​] មក​ប៉ូលិ​ស ដើម្បី​ឱ្យ​ដឹង​អាសយដ្ឋាន​ម៉ូតូ​ហ្នឹង ព្រោះ​ម៉ូតូ​នេះ​សុទ្ធតែ​ក្មេង​ទំនើង​ជិះ វា​ជិះ​ហើយ​វា​ដក​បំពង់​ស៊ី​ម៉ាំង​ចេញ។ បើ​វា​ជិះ​មុខ​ផ្ទះ​យើង បើ​ដេក​កំពុងតែ​ស្ងប់ ​ដឹង​តែ​ភ្ញាក់ ខ្ញុំ​ធ្លាប់​ឮរអ៊ូ​លើ​បញ្ហា​នេះ​នៅ​ម្ដុំ​វិមានឯករាជ្យ»។

លោក ស ខេង ក៏បាន​បញ្ជា​ទៅ​មន្ដ្រី​នគរបាលឱ្យ​ឃ្លាំមើលនិង​សហការ​ជាមួយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់​អត្តសញ្ញាណ និង​អសយដ្ឋាន​អ្នក​ជិះ​ម៉ូតូ​ធំ​ទាំងអស់​នោះ​ផង​ដែរ ដោយ​លោក​ថា កន្លងមក អ្នក​ជិះ​ម៉ូតូ​ធំៗ​ទាំងនោះបាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្លះទៀត បាន​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន រួម​ទាំង​រំខាន​ដល់​ដំណេក​ថ្នាក់ដឹកនាំ​ផង​ដែរ។

អនុរដ្ឋ​លេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន មា​នប្រ​សាសន៍ថា មន្ត្រី​ជំនាញ​ក្រសួង នឹង​ធ្វើការ​សហការ​ជាមួយ​នគរបាល ដើម្បី​ធ្វើ​កិច្ចការ​ងារ​នេះ។

លោក​ថា៖ «មធ្យោបាយ ដូចជាម៉ូតូ ដូចជា​អីពាក់ព័ន្ធ​ហ្នឹង មិនទាន់​មាន​ផ្លាក​លេខ ផ្លាក​អីហ្នឹង អាហ្នឹងយើង​រក​វា​មិនទាន់​ឃើញ​ទេ។ ទាល់តែ​សមត្ថកិច្ច​យើង​តាម​កាក់​នៅ​នឹងកន្លែង​តែម្ដង លើកលែងតែ​យានយន្ត​ដែល​បាន​មក​ចុះបញ្ជី​ហើយ​ អាហ្នឹងក្រសួង​យើង​អាច​រក​ឃើញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ