ភរិយា​ស​កម្ម​​ជន​​អតីត​​បក្ស​​ប្រឆាំង​​ដែល​​ជាប់​ឃុំ​ បន្ត​​ការ​​តវ៉ា​​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​ស្វាមី​​ពួក​​គាត់​

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ក្រុម​គ្រួសារ​ពួក​គេ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

​ក្រុម​ស្ត្រី​ជាង១០នាក់ ដែល​ជា​ភរិយានិង​សាច់ញាតិ​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដែល​ជាប់ឃុំ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ បាន​នាំគ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​មានការ​ដោះលែង​ស្វាមីនិង​គ្រួសារ​របស់​ពួក​គេ។

អ្នកស្រី អ៊ុ​ក ចាន់​ធី ជា​ភរិយាស​កម្ម​ជន​អតីត​បក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ជាប់ឃុំ បាន​និយាយ​ថា ការដែល​ពួក​គាត់​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ានិង​ដើរតាម​ដងផ្លូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​ស្វាមីនិង​គ្រួសារ​របស់​ពួក​គាត់​ឱ្យ​មាន​សេរីភាព​វិញ។

អ្នកស្រី​ថា៖ «ប្តី​ខ្ញុំ​អត់មាន​កំហុស​អី​ទេ ​[…] ប្តី​របស់ខ្ញុំ​ជា​ឆ្នាំងបាយ​របស់ខ្ញុំ ខ្ញុំ​គ្មានអ្វី​សុំ​ក្រៅពី​ការ​សុំ​ឱ្យ​ដោះលែងនិង​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្តី​របស់ខ្ញុំ​ […] ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​គ្មាន​ពេល​ចង់​មក​ដើរ​តវ៉ា​អញ្ចឹង​ទេ»។

ការ​ប្រមូល​ផ្តុំនិង​ដើរ​តវ៉ា​នៅ​តាម​ដងផ្លូវ​នោះ ក៏​មានការ​ឃ្លាំមើលពី​សំណាក់​ក្រុម​សមត្ថកិច្ចនិង​ប្រជា​ការពារ​ជាច្រើន​នាក់​ផង​ដែរ ដោយមាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តីនិង​រុញច្រាន​គ្នា​ខ្លះ។ ក្រុម​អាជ្ញាធរបាន​ព្យាយាម​រារាំង​ក្រុម​ស្ត្រី​ទាំងនោះ មិន​ឱ្យ​បន្ត​ដើរតាម​ដង​វិថី​នានានៅ​ចំណុច​ក្បែរ​ផ្សារដេប៉ូ ខណ្ឌ៧មករា ដោយ​ថា ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈនិង​បង្ក​ការ​កកស្ទះ​ចរាចរណ៍។

ទោះ​យ៉ាងណា ក្រុម​ស្ត្រី​ទាំងនោះបាន​នាំគ្នា​បន្ត​ទៅ​ប្រមូល​ផ្តុំ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បន្ត​ទៀត ដើម្បី​ស្នើ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជាឱ្យដោះលែង​ស្វាមីនិង​គ្រួសារ​របស់​ពួក​គាត់។

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​និង​គ្រួសារ​របស់​ពួក​គាត់ ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គទូត​នានា អស់​រយៈពេល​ប្រមាណ​ជិត៣០សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ