សកម្ម​ជន​​បរិស្ថាន​​បារម្ភ​​ពី​​វិនាស​កម្ម​​ព្រៃ​​​ឡង់ ​ខណៈ​​បទ​ល្មើស​​នៅ​តែ​​បន្ត​​កើត​មាន​​

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់​ក្នុងខេត្តកំពង់ធំ ត្រូវបានដឹកតាមគោយន្តចេញពីតំបន់ព្រៃឡង់យកទៅឱ្យឈ្មួញ កាលពីដើមខែមិថុនា ឆ្នាំ២០២០។ (បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ)

សកម្មជន​បរិស្ថាន បង្ហាញ​ក្តី​បារម្ភ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ខណៈ​ពួក​គេ​សង្កេតឃើញ​មាន​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការទប់ស្កាត់​ទាន់ពេល​វេលា​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ការ​បារម្ភ​នេះបាន​កើតឡើង​ស្រប​ពេល​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ឈ្មោះ Thol Kt កាលពី​ថ្ងៃម្សិលមិញនិង​ថ្ងៃនេះ បាន​ផុស​ឃ្លី​បវីដេអូអំពី​សកម្មភាព​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ​ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ចូលក្នុង​ដី​ក្រុមហ៊ុន​មួយ។

ក្នុង​វី​ដេ​អូឃ្លី​បជាង១នាទី​នោះបាន​បង្ហាញ​សកម្មភាព​គោយន្ត​ចំនួន៣គ្រឿង​ដឹកឈើ​ហុប​ធំៗ ដោយ​អ្នក​ថត​វីដេអូនិយាយ​ថា ឈើហុប​ទាំងនោះ​ដឹក​ចេញពី​ព្រៃ​ឡង់​ទៅ​ក្រុមហ៊ុន។ ម្ចាស់​ហ្វេសប៊ុក​ដដែល​នោះបាន​បញ្ជាក់​ប្រាប់​វី​អូ​ឌី​បន្ថែម​ថា ហេតុការណ៍​នេះកើតឡើង​ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ប៉ុន្តែ​លោក​បាន​បដិសេធ​អត្ថា​ធិប្បាយ​លម្អិត​ជុំវិញ​ករណីនេះ។

បណ្តាញ​ព្រៃ​ឡង់​ខេត្តក្រចេះ អ្នកស្រី សួន ចន្ទី បាន​លើកឡើង​នៅ​ថ្ងៃសុក្រ​នេះ​ថា ក្នុង​ពេល​ថ្មី​ៗនេះ អ្នកស្រី​ក៏​សង្កេតឃើញ​មាន​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​តាម​ម៉ូតូ គោយន្ត និង​ឡាន​ជាដើម ស្ទើរតែ​រៀងរាល់ថ្ងៃ ដោយ​ពុំ​ឃើញ​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «យប់​ដឹក​យ៉ាង​គគ្រឹកគគ្រេង ទាំង​ឡាន ទាំង​ម៉ូតូ មិនឃើញ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ផង។ បើ​ចុះ​ទប់ស្កាត់ មិនមែន​មាន​ដឹក​ទាំងយប់​ទាំង​ថ្ងៃ​អញ្ចឹង​ទេ»។ 

លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ មានប្រសាសន៍​ដែរ​ថា សកម្មភាព​កាប់និង​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់នៅតែ​បន្ត​កើតមាន​ស្ទើរ​រាល់ថ្ងៃ ខណៈ​បណ្តាញ​ព្រៃ​ឡង់​ទាំង៤ខេត្ត ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ឡង់។

លោក​បន្ត​ថា រយៈពេល​ដែល​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​បណ្តាញ​ព្រៃ​ឡង់​ចុះ​ល្បាត​នេះ ក៏​ជា​ឱកាស​សម្រាប់​ជនល្មើស​ងាយ​ស្រួល​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ។ លោក​ថា តាម​របាយការណ៍ដែល​បណ្តាញ​ព្រៃ​ឡង់​ចុះ​ល្បាត​តាមផ្លូវនៅ​ក្រៅ​តំបន់​ព្រៃ​ឡង់ គឺ​បាន​ជួប​គោយន្ត​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ក្នុង១ថ្ងៃ​មិន​តិច​ជាង១៥គោយន្ត​ឡើយ។

លោក​បន្ថែម​ថា៖ «យើង​មើលតែ​មន្ត្រី​ឧទ្យានុ​រក្ស​តាម​ស្នាក់​ការ​នី​មួយ​ៗដែល​គាត់​យាម​តាម​ច្រកចេញ​ហើយ តែ​ហេតុ​អី​បាន​ជា​ឈើ​នៅតែ​ចេញ​បាន​តាម​ច្រក​នោះ​? យើង​គិតតែ​ប៉ុណ្ណោះ​បាន​ហើយ។ ខ្ញុំ​ឱ្យ​យ៉ាង​យូរ៥ឆ្នាំ ប្រសិនបើ​គ្មាន​សមាសភាព​របស់​ក្រុម​យើង​ចូល​ទៅ​ល្បាត​ក្នុង​ព្រៃ​ឡង់​ទៀត យ៉ាង​យូរ៥ឆ្នាំ​ទៀត ព្រៃ​ឡង់​នឹង​អស់ហើយ។ វា​មិន​អស់ទាំង​អស់​ទេ ប៉ុន្តែ​ឈើ​ធំៗ​លែង​មានតែ​ម្តង»។

ចំណែកបណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ស្រី ថី និយាយ​ថា បច្ចុប្បន្នសកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ ក៏​នៅតែ​បន្ត​កើតមាន​ជា​ហូរហែដដែល ដោយ​ពុំ​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរ​និង​មន្ត្រី​ឧទ្យានុ​រក្ស​ឡើយ។

លោក​អះអាង​ថា ជនល្មើស​បាន​ប្រើប្រាស់​គោយន្ត​ជា​មធ្យោបាយ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ហើយ​ឡាន​ធំៗ​រង់​ចាំ​ដឹក​បន្ត​នៅ​ស្រុកនិង​ខេត្ត។

លោក​បន្ថែម​ថា៖ «ព្រៃ​នេះ ប្រហែលជា​មិន​អាច​សល់​ទៀត​ទេ ព្រោះអី​គេ​ដឹកឈើ​រាល់តែថ្ងៃ។ ពេលល្ងាច ​គេ​ដឹក​រាល់​ល្ងាច ៥ទៅ៦គោយន្ត។ យើង​មិន​សង្ឃឹមលើ​អាជ្ញាធរ​ទេ ព្រោះ​គាត់​ដូចជា​បើកផ្លូវ​ឱ្យ​គេ​ដឹកឈើ​រហូត​អញ្ចេះ។ គេ​ដឹក​ដាក់​ឈ្មួញក​ណ្តាល ហើយ​ឈ្មួញ​កណ្តាល​ដឹក​ទៅ​ដាក់​ក្រុមហ៊ុន​នៅ​ខេត្តកំពង់ធំ​បន្ត​ទៀត»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា សុំ​មិនទាន់​ធ្វើ​អធិប្បាយ​លើ​បញ្ហាការ​បន្ត​មានការកាប់​ឈើ​ចេញពី​ព្រៃ​ឡង់​នេះ​ទេ ដោយ​លោក​ថា មិនទាន់​ទទួល​បាន​ព័ត៌មាន​នៅឡើយ។ ប៉ុន្តែលោក​ធ្លាប់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០ កាលពី​ខែធ្នូ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់​នៅ​មាន តែ​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​ប៉ុណ្ណោះ។

ចំណែកប្រធានមន្ទីរ​បរិស្ថាន​ខេត្តក្រចេះ លោក ឌួង ឆាយ​សា​វុធ ប្រាប់​វី​អូ​ឌី​ថា ក្រោយ​ទទួល​បាន​ព័​ត៌​មាន​ថា មាន​ករណី​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ភ្លាម លោក​ចាត់​មន្ត្រីនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ទប់​ស្កា​ត់​ភ្លាម​ៗនៅតំបន់​គោលដៅ ប៉ុន្តែ​មន្ត្រី​របស់​គាត់​ថា ពុំ​មាន​ករណីនេះ​កើតឡើង​ឡើយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ថាព័ត៌មាន​ដែល​គាត់​ផ្សាយ​ហ្នឹង​ពិត​ឬមិន​ពិត​ទេ គ្រាន់តែ​ពេល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម មន្ត្រី​ខ្ញុំ​ទៅ​ទប់ស្កាត់​ភ្លាម ប៉ុន្តែ​អត់មាន​បញ្ហា​ហ្នឹង​កើតឡើង​ទេ។ ខ្ញុំ​គ្រាន់​បញ្ជាក់​ថា ប្រសិនបើ​មាន​ករណី​អញ្ចឹង​កើតឡើង ហើយ​ផ្តល់​ព័ត៌មាន​មក​ឱ្យ​ខ្ញុំ​ភ្លាម ខ្ញុំ​នឹង​ចាត់វិធានការ​ភ្លាម»។

របាយការណ៍៩ខែ ​ឆ្នាំ២០២០ របស់ក្រ​សួង​បរិស្ថាន បាន​ឱ្យដឹង​ថា រយៈពេល៩ខែ ​ឆ្នាំ២០២០​នេះ មន្ត្រី​ឧទ្យានុ​រក្សនិង​សហគមន៍​បាន​ចុះ​ល្បាត​ចំនួន១ ៨២៣លើក ដោយ​បាន​បង្ក្រាប​បទល្មើស​ចំនួន៩៥៤ករណី ក្នុង​នោះ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៤០ករណី និង​រឹបអូស​បាន​វត្ថុ​តាងនៃ​បទល្មើស​មួយចំនួន​ទៀត ខណៈ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​មួយចំនួន​បាន​ថយ​ចុះ។

បើ​តាម​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យនៅ​ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃ​ដី​ជាង៤៣ម៉ឺន​ហិ​កតា ​(៤៣១ ៦៨៣ហិ​កតា​) ដែល​ក្នុង​នោះ​មាន​ជីវ​ចម្រុះ​ជិត៤០០ប្រភេទ​កំពុង​រស់នៅ។ ដែន​ជម្រក​សត្វ​ព្រៃមួយ​នេះស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​មន្ត្រី​ឧទ្យានុ​រក្ស​ចំនួន៨៤នាក់បាននិង​កំពុង​ឈរជើង​ការពារ និង​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន១៩នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ