ពលរដ្ឋ​៧​នាក់​​ប្តឹង​​មន្ត្រី​​អាជ្ញា​ធរ​​ជាតិ​​អប្សរា​​និង​​បក្ស​ពួក​ទៅ​​តុលាការ​ពាក់​ព័ន្ធ​​បញ្ហា​​ដី​ធ្លី​

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​វត្ត​អង្គ​ម៉ោល​សិរី​វង្ស ស្ថិតនៅ​ក្នុង​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។ (​ហ្វេសប៊ុក៖ អាជ្ញាធរ​ជាតិ​អប្សរា Apsara National Authority​)

​ប្រជាពលរដ្ឋ៧នាក់ បាន​ប្តឹង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរានិង​បក្ស​ពួក​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដោយ​ចោទ​ថា បាន​រំលោភបំពាន​ដីធ្លីនិង​បំ​ផ្លិច​បំផ្លាញ​ផលដំណាំ​របស់​ពួក​គេ។

ក្នុង​បណ្តឹង​ចុះ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដែល​មានស្នាម​មេដៃ​មនុស្ស៧នាក់ បាន​ចោទប្រកាន់អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក ឡុង កុសល និង​បក្ស​ពួក ថា​បាន​ធ្វើសកម្មភាព​រំលោភបំពាន​លើ​ដី​កម្មសិទ្ធិនិង​បំផ្លាញ​ផលដំណាំ​របស់​ពួ​គេ ស្ថិតនៅ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ២០២០។

ក្រុម​ពលរដ្ឋលើកឡើង​ថា លោក ឡុង កសល និង​បក្ស​ពួក បាន​កាប់​បំផ្លាញ​ដំណាំ​ឫស្សី​ផ្អែម ចំនួន២ ០០០ដើម លើ​ដី​ប្រហែល១០០ហិ​កតា ដក​បង្គោលរបង​ថ្ម​ចំនួន១ ៥០០ដើម និង​បង្គោលរបង​គ្រាក់ ចំនួន៨០០ដើម រួម​ទាំងដើមដូង ដើម​ស្វាយ ដើមចេក ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ២៩ ០០០ដុល្លារ។

បើ​តាម​បណ្តឹង ក្រុម​ពលរដ្ឋ​បាន​ទាមទារ​ឱ្យ​មានការ​ផ្តន្ទា​ទោស​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងនោះ ហើយ​ទាមទារ​ថ្លៃ​សំណង​ខូច​ខាត ចំនួន២៩ ០០០ដុល្លារ និង​សំណង​ជំងឺចិត្ត ចំនួន២០ ០០០ដុល្លារ​ផង​ដែរ។

ដើម​បណ្តឹង​ទាំង៧នាក់​នោះ រួមមាន ​អ្នកស្រី លី អ៊ុំ​អេង, អ្នកស្រី លី ឆេង​ឆៃ, លោក លី អ៊ុំ​ចំរើន, លោក ធឿន ដា​រ៉ូ, លោក ម៉ៃ ម៉ុន, លោក សាន សាន់ និង​លោក គយ រ៉ឺ។ 

វី​អូ​ឌី មិន​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់​នេះ​ពី​ក្រុម​ពលរដ្ឋ​​បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម (Telegram​) ថា ក្រុមការងារ​ទប់ស្កាត់​សំណង់​ខុសច្បាប់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅ​រុះរើ​របង​របស់​ពលរដ្ឋ​ទាំងនោះ ដោយសារតែ​ពួក​គេ​សាងសង់​របង និង​ដាំដំណាំ​បំពាន និង​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​តំបន់២ នៃ​រមណីយដ្ឋាន​អង្គរ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា តាម​ព្រះរាជ​ក្រឹត្យ​ស្តី​ពី​ការចាត់ចែងនិង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ​ឆ្នាំ១៩៩៤ និង សេចក្តី​សម្រេចស្តី​ពី​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​រាល់​ការសាងសង់ឬអភិវឌ្ឍន៍​អ្វីមួយ​ក្នុង​តំបន់​នោះ ត្រូវ​មានការ​អនុញ្ញាត​ជាមុន។

លោក​ឱ្យ​ដឹង​ទៀត​ថា មុននឹង​ក្រុមការងារ​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល គឺ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ហើយ​មុន​សម្រេច​ធ្វើការ​រុះរើ​នោះ ក៏​អាជ្ញាធរ​បាន​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​ទាំងនោះ រុះរើ​ចេញ​វិញ​ដោយខ្លួនឯង​ដែរ ប៉ុន្តែ​ពួក​គេ​មិនព្រម​អនុវត្ត​តាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ