ក្មេង​ស្រី​និង​សាច់​ញាតិ​​ស្រី្ត​ដែល​​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​លក់​នៅ​ចិន​ ស្នើ​​អាជ្ញា​ធរ​​​កម្ពុជា​ជួយ​​នាំ​ពួក​គេ​មក​កម្ពុជា​វិញ​​ឱ្យ​​បាន​​ឆាប់​​

ក្មេងស្រី​ខ្មែរ​ម្នាក់ អាយុ១៤ឆ្នាំ ​ដែល​រងគ្រោះចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។ (ផ្ដល់ឱ្យ)

អាណាព្យាបាលនិងក្មេងស្រីមួយចំនួនដែលចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិន អំពាវនាវជាថ្មីទៅរដ្ឋាភិបាលកម្ពុជា​ ជួយពន្លឿននីតិវិធីក្នុងការជួយ​នាំពួកគេឱ្យ​បានត្រឡប់មក​ប្រទេស​កម្ពុជាវិញ។

កាលពីអំឡុងខែធ្នូ ស្ត្រីខ្មែរចំនួន​៣នាក់ដែលចាញ់បោកមេខ្យល់នាំទៅលក់នៅប្រទេសចិន និង​សាច់ញាតិរបស់ពួកគេ ធ្លាប់បាន​ស្នើ​ឱ្យ​អាជ្ញាធរកម្ពុជាជួយ​អន្តរាគមន៍ឱ្យ​ពួកគេបានត្រឡប់មក​ប្រទេស​កម្ពុជាវិញ ក្រោយពីពួកគេរងការធ្វើបាបពីស្វាមីនៅប្រទេសចិន។​

ក្មេងស្រីវ័យ​១៤ឆ្នាំម្នាក់ ឈ្មោះ យ.ស.ដ.វ បាន​អះអាងប្រាប់វីអូឌីតាមសារជាសំឡេងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃពុធនេះថា រូបគាត់បានចាញ់បោកមេខ្យល់ដែលមិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែមក​ហើយ។

ក្មេងស្រីរូបនោះបន្តថា រូបគាត់​ត្រូវបានប្តីជនជាតិចិនវាយធ្វើបាបរាងកាយនិង​​​ទាញទម្លាក់ពីលើគ្រែដេកស្ទើរជារៀងរាល់ថ្ងៃ រហូតទ្រាំលែងបាន ទើបសម្រេចចិត្តលួចរត់ទៅប៉ុស្តិ៍ប៉ូលិសដែលមានចម្ងាយពីផ្ទះជនរងគ្រោះ១០គីឡូម៉ែត្រ ដោយពុំស្គាល់ទីតាំងភូមិសាស្ត្រនៅតំបន់នោះឈ្មោះអ្វីនោះទេ។

ក្មេងស្រីរូបនោះនិយាយទៀតថា គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ មានរយៈពេលជិតកន្លះខែហើយ ​ត្រូវបានប៉ូលិសចិនទុកឱ្យស្នាក់នៅបណ្តោះអាសន្ន និងឱ្យបាយទឹកចំនួន៣ពេលក្នុងមួយថ្ងៃ ដើម្បីរង់ចាំអាជ្ញាធរកម្ពុជាជួយ​អន្តរាគមន៍ឱ្យ​គាត់​បានត្រឡប់មកកម្ពុជាវិញ។

ក្មេងស្រីរូបនេះបាន​អះអាងទៀតថា គិតត្រឹមរសៀល​ថ្ងៃទី៦ ខែមករា​នេះ ​មិនទាន់មានមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសចិន មកសម្ភាសឬសួរនាំគាត់ពីបញ្ហារត់គេចខ្លួនពីផ្ទះរបស់បុរសជនជាតិចិនដែលធ្វើបាបនោះនាងនៅឡើយ។ ករណី​នេះ រូបគាត់​​បាន​ស្នើ​ដល់អាជ្ញាធរកម្ពុជា ជួយ​ពន្លឿនកិច្ចអន្តរាគមន៍ជួយ​គាត់​ឱ្យ​បានឆាប់ ព្រោះ​​​បច្ចុប្បន្ននេះ គាត់រស់នៅក្នុងប៉ុស្តិ៍ប៉ូលិសទំាងមានផ្ទៃពោះជិត៣ខែយ៉ាងលំបាក។

 ក្មេងស្រីរូបនោះនិយាយដូច្នេះថា៖ «នៅក្នុងប៉ុស្តិ៍ប៉ូលិស [ចិន] នៅឡើយទេ ព្រោះគេមិនទាន់ទាក់ទងមកយកខ្ញុំទៅដល់ខ្មែរផង ពិបាករឿងញ៉ាំ ណាមួយខ្ញុំពោះធំ ខ្ញុំចង់ទៅដល់ខ្មែរឱ្យបានលឿន»។

ឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះម្នាក់ទៀតដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិនដែរនោះ លោក យ.ប.រ បាន​និយាយថា គាត់បានដាក់ពាក្យបណ្តឹងទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និង​ការពារអនីតិជន ប្រចាំនៅខេត្តបន្ទាយមានជ័យ ជិតមួយខែហើយ ឱ្យជួយអន្តរាគមន៍នាំកូនរបស់គាត់បានត្រឡប់មកកម្ពុជា ប៉ុន្តែរហូតមកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ មិនទាន់ទទួលបានដំណឹងពីអាជ្ញាធរកម្ពុជា​នៅឡើយ ។

ករណីនេះ លោកបាន​អំពាវនាវទៅ​​រដ្ឋាភិបាលកម្ពុជាជួយពន្លឿនកិច្ចអន្តរាគមន៍ ដើម្បីនាំកូនស្រីរបស់គាត់ឱ្យ​បាន​​ត្រឡប់មកម្ពុជាជួបជុំគ្រួសារវិញ ខណៈកូនស្រីគាត់កំពុង​ជួបបញ្ហាប្រឈមច្រើននៅពេលរស់នៅក្នុងប៉ុស្តិ៍ប៉ូលិសចិន។

លោកថា៖ «[កូនស្រីគាត់​ប្រាប់ថា] នៅក្នុងហ្នឹង [ប៉ុស្តិ៍ប៉ូលិសនៅចិន] ម្ហូបអាហារចិនវាពិបាកហូប ហើយកន្លែងងូតទឹកពិបាក ហើមដៃ ហើមជើង នៅក្នុងបន្ទប់អត់មានទៅណាមកណាបានទេ អញ្ចឹងចង់ឱ្យគាត់​បាន​មករួមរស់នៅក្នុងគ្រួសារឡើងវិញ ដូចពីមុនៗមក អត់ចង់ឱ្យទៅណាទៀតទេ»។

ចំណែកអ្នកស្រី ង.ឃ ដែលអះអាងថា ​ត្រូវជាម្តាយបង្កើតអ្នកនាង គ.ស.ល អាយុ១៨ឆ្នាំ ជាជនរងគ្រោះម្នាក់ទៀត​ ក៏បានអំពាវនាវដូចគ្នានេះដែរ ដោយគាត់ចង់​ឱ្យ​ក្រសួងនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿននីតិវិធីក្នុងការអន្តរាគមន៍ជួយកូនគាត់ឱ្យ​ត្រឡប់មកកម្ពុជាវិញឆាប់ៗ។

អ្នកស្រីនិយាយ​ថា ដើមចមដែលនាំឱ្យគាត់ព្រមឱ្យកូនទៅប្រ​ទេសចិន ដោយសារតែមេខ្យល់ដែលនាំទៅនោះសន្យា​រកការងារឱ្យធ្វើនៅប្រទេសនោះ។ ប៉ុន្តែអ្នកស្រីថា នៅពេលទៅដល់ប្រទេសចិនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បែរជាមេខ្យល់យកទៅលក់ឱ្យបុរសជនជាតិចិន ស្ថិតនៅផ្លូវខាងលិចស្រុកណានឆាង ក្រុងណានឆាង ខេត្តជាងហ្វី និងឃុំក្នុងផ្ទះមិនឱ្យចេញទៅណាអស់រយៈពេលជិតកន្លះឆ្នាំ និងធ្វើទារុណកម្មគ្រប់រូបភាព និងបង្អត់អាហារទៀតផង។

អ្នកស្រីនិយាយថា៖ «ថ្ងៃមុនគេវាយឡើងជាំពេញខ្លួន វាឆាតបង្ហាញឱ្យម៉ែ ឱ្យបងមើល វាថាខ្ញុំគេធ្វើបាបខ្ញុំ គេបង្អត់[អាហារ]ខ្ញុំ គេមិនឱ្យយើងហូបបាយ ហូបទឹកផង ឥលូវកាលពីម្សិលមិញ គេថា ម៉ែ! រាល់ថ្ងៃមិនដឹងម៉េចទេជីវិតខ្ញុំ អាចរស់ឬក៏អត់ ឬងាប់ទៅ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញការស្នើនេះពីរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ​) លោកស្រី ជូរ ប៊ុនអេង ​បានទេ នៅរសៀលថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង ប្រាប់ វីអូឌី តាមបណ្តាញ​​សង្គម​នៅថ្ងៃនេះថា បើ​​តាមរបាយការណ៍ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានជួបសម្ភាសស្ត្រីរងគ្រោះឈ្មោះ យ.ស.ដ.វ រួចហើយ ហើយស្ថានទូតកំពុងរៀបចំធ្វើលិខិតបើកផ្លូវ ដើម្បីបញ្ជូនគាត់មកមាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែក ទាក់ទងនឹងរឿងស្ត្រីម្នាក់ទៀត ឈ្មោះ គ.ស.ល អាយុ១៨ឆ្នាំ ដែលចាញ់បោកមេខ្យល់ដែរនោះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា នៅពេលទទួលដំណឹងថា ពលរដ្ឋខ្មែរដែលរងគ្រោះនៅបរទេស ជាពិសេស​ដោយ​សារការជួញដូរ រដ្ឋាភិបាលនិងក្រសួងការបរទេស រួមទាំងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស តែងតែស្វះស្វែងអន្តរាគមន៍ជួយសង្គ្រោះឱ្យបានឆាប់បំផុត។

ចំណែកមេខ្យល់ លោកថា កន្លងមក អា​ជ្ញាធរមានសមត្ថកិច្ចទាំងពីរប្រទេស កម្ពុជា-ចិន តែងតែតាមចាប់ខ្លួនមេខ្យល់និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ មិនដែលអនុគ្រោះ លើកលែងម្តងណាឡើយ ព្រោះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា បើតាមការ​ជួបសម្ភាសជាមួយ​អ្នករងគ្រោះមួយចំនួនកន្លងមក ពួកគេអះអាងថា ​​មន្ត្រីដែលបំពេញឯកសារនៅមូលដ្ឋានមួយចំនួនតូច​ ហាក់​មានការឃុបឃិតគ្នាជាមួយមេខ្យល់​ ទើបមានជនរងគ្រោះខ្លះ​មិនគ្រប់អាយុ ក៏អាចទៅប្រទេសចិនបាន​ដែរ។

លោកអះអាងថា បើសិនជារដ្ឋាភិបាលនិងមន្ត្រីស្ថានទូតឬស្ថានកុងស៊ុលកម្ពុជា មិនចាត់វិធានការឱ្យមានប្រសិទ្ធភាពទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងធ្វើឱ្យបញ្ហានេះនៅតែបន្តកើតមាននាពេលខាងមុខទៀត។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជា គួរតែធ្វើការសហការជាមួយអាជ្ញាធរចិននិងរដ្ឋាភិបាលចិន ធ្វើយ៉ាងណាចាត់វិធានការចំពោះការជួញដូរស្ត្រីខ្មែរពីកម្ពុជាទៅប្រទេសចិន​ឱ្យខានតែបាន។ នៅពេលដែលមានបញ្ហា អាណា​ព្យាបាលតំណាងឱ្យជាតិ តំណាងឱ្យប្រទេសទាំងមូល មិនចាត់វិធានការឱ្យមានប្រសិទ្ធភាពទេ វាធ្វើឱ្យកិត្យានុភាពជាតិរបស់យើងធ្លាក់ចុះ គេមើលងាយ មើលថោក ជាពិសេសរឿងទៅប្រទេសចិននោះឯង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ