ថៃ​​ប្រាប់​​អាជីវ​ករ​​កម្ពុជា​​ឱ្យ​​ផ្អាក​​នាំ​​ទំនិញ​​ចេញ​ចូល​​ទៅ​​ផ្សារ​​រ៉ុង​ក្លឿ​​បណ្តោះ​អាសន្ន​ ដើម្បី​​ទប់​ស្កាត់​​ជំងឺ​​កូ​វីដ​១៩​​

រនាំងដាក់ត្រូវបាកដំឡើងនៅទីតាំងផ្លូវរថភ្លើងនៅតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (Ananth Baliga)

អាជ្ញាធរ​ថៃ ប្រាប់​ដល់​អាជ្ញាធរ​កម្ពុជា ពី​គម្រោង​បិទ​ការ​ធ្វើអាជីវកម្ម​នៅ​ផ្សារ​រ៉ុង​ក្លឿ​ជា​បណ្ដោះ​អាសន្ន ចាប់ពី​ចុង​សប្ដាហ៍​នេះ​ទៅ ដោយ​សម្អាងថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ខណៈ​ជំងឺ​នេះកំពុង​រាលដាល​ទៅ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​ថៃ។

បើ​តាម​លិខិត​ជូនដំណឹង​របស់​អាជ្ញាធរ​ថៃ ផ្ញើ​មក​ភាគី​កម្ពុជា នៅ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នឹង​ផ្អាក​ការ​ដឹកទំនិញ​ចេញ​-ចូល​ផ្សារ​រ៉ុង​ក្លឿ ស្ថិត​ក្នុង​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ខណៈប្រទេស​ថៃ​កំពុង​ផ្ទុះ​ជំងឺ​នេះ នៅក្នុង​តំបន់​ជាច្រើន។

លិខិត​ដដែល​បន្ត​ថា អាជ្ញាធរ​ថៃក៏​នឹង​បង្កើត​វិធានការណ៍​ថ្មី​ដូចដែល​ធ្លាប់​បាន​ជជែក​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង ដែល​តម្រូវ​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​ទៅ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ផ្សារ​រ៉ុង​ក្លឿ ក្រោម​លក្ខខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​សុខភាព​សាធារណៈ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ផង​ដែរ។ 

អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក លី សារី ប្រាប់ ​វី​អូ​ឌី​ នៅ​ថ្ងៃនេះ​ថា ភាគី​ថៃនឹង​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជាដឹកទំនិញ​ចេញ​-ចូល​ទៅ​ផ្សារ​រ៉ុង​ក្លឿ ចាប់ពី​ថ្ងៃទី១០ ខែមករា ដល់​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ខាងមុខ ក្រោយពី​ថៃ​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា ការ​បិទ​បណ្ដោះអាសន្ន ពិតជា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើអាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែនេះ​ជា​ចំណាត់ការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

លោក​ថា៖ «វា​ប៉ះពាល់​ហើយ ព្រោះ​បើ​ទំនិញ​ចេញចូល សេដ្ឋកិច្ច​យើងបាន​ពន្ធ​ពី​ការ​ឆ្លងកាត់​ហ្នឹង។ ទី២ ពលករ​យើង​មួយចំនួន​នៅ​ផ្សារ​រ៉ុង​ក្លឿ ក៏បាន​ទៅ​លក់ដូរ​នៅ​នោះ​មួយចំនួន​ដែរ តែ​គ្រាន់តែ​ថា លក់ដូរ​មិន​បើកទូលាយ​ដែរ ត្រូវ​មានការ​ឆ្លងកាត់​ពិនិត្យ​សុខភាព ធានា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់»។

អភិបាលរងខេត្ត​រូប​នេះបន្ត​ថា គិត​មកដល់​ថ្ងៃនេះ ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មាន​ប្រហែល២ ០០០នាក់ ដែល​បច្ចុប្បន្ន អ្នក​ទាំងនោះត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យនិង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​ក រយៈពេល១៤ថ្ងៃ​ ទាំងអស់គ្នា។

អា​ជីក​រលក់​ស្បែកជើង​នៅ​ផ្សារ​រ៉ុង​ក្លឿ​ម្នាក់ អាយុ២៥ឆ្នាំ​ សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ផ្អាក​ការនាំចូល​ទំនិញ​នេះ ដោយ​អ្នកស្រី​ខ្លាច​ការ​បិទ​នេះមាន​រយៈពេល​យូរដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​ពួក​គាត់។

អា​ជីវក​ររូបនេះ​ថា៖ «បើសិនជា​គេ​បើក ​វា​ធូរ​យើង​លក់ដូរ ចេញ​ចូល​ស្រួល ដល់ពេល​គេ​បិទ​អ៊ីចឹង​ ដូច​ថាពេលខ្លះ​ម៉ូយ​ត្រូវ​ទិញអីវ៉ាន់ យើង​អត់​បាន​រៀបចំ​អីវ៉ាន់​ឱ្យ​ម៉ូយ​អ៊ីចឹង។ ប៉ះពាល់​ បាត់បង់​ចំណូល​អ៊ីចឹង។ និយាយទៅ​បារម្ភ​ដែរ ខ្លាច​គេ​បិទ​រហូត បន់​ឱ្យ​គេ​បិទ​រយៈពេល​ខ្លី មិន​ចង់ឱ្យ​គេ​បិទ​រយៈពេល​យូរ ប៉ុន្តែ​អត់​ដឹង​ថា​យ៉ាងណា។ បើ​បិទ​យូរ​ យើង​មានតែ​ដូរ​មុខរបរ»។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី បង្ហាញ​ក្ដី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​មិន​ឱ្យ​ដឹកទំនិញ​ចេញចូល​ទៅ​ផ្សារ​រ៉ុង​ក្លឿ​នេះ​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក​ថា៖ «ពេល​បិទ​អ៊ីចឹង ប្រជាពលរដ្ឋ​ខ្មែរយើង អ្នក​ដែល​រកស៊ី​នៅ​ជាយដែន គឺ​ពឹង​លើ​ការដោះដូរ​ទំនិញចូល​ទៅ​ផ្សារ​ថៃ​ហ្នឹង ហើយដល់ពេល​ធ្វើ​អ៊ីចឹង ប្រជាពលរដ្ឋ​នៅ​តាម​ជាយដែន ធ្វើ​ឱ្យ​គ្នា​ដាច់​បាយ អត់មាន​អ្វី​ដំណោះស្រាយ​សោះ»។

រដ្ឋបាល​ខេត្តបាត់ដំបង លោក សឿម ប៊ុ​នរិ​ទ្ធិ ឱ្យ​ដឹង​ថា ចំពោះ​ច្រក​អន្តរជាតិ​រវាង​កម្ពុជា​-ថៃ​ចំនួន២នៅក្នុង​ខេត្ត​នេះ រួមមាន ច្រក​អន្តរជាតិ​ដូង និង​ភ្នំដី គឺ​ប្រជាពលរដ្ឋ​នៅ​អាច​ដឹកទំនិញ​ចេញចូល​បាន​ធម្មតា។ 

លោក​បន្ត​ថា គិត​មកដល់​ថ្ងៃនេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃដែល​ចូល​មក​តាម​ច្រក​ព្រំដែនទាំងពីរ​នេះមាន​ចំនួន១ ៨៨៨នាក់ ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត និង​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក។​ លោក​បញ្ជាក់​ថា ក្នុងចំណោម​ពលករ១ ៨៨៨នាក់ គឺ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ចំនួន៦នាក់។

ចំណែកអភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង មានប្រសាសន៍​ថា ពលករ​ខ្មែរ​មក​ពី​ថៃ​នៅ​តាម​ច្រកព្រំដែន​ខេត្ត​នេះ មាន​ចំនួន៦៣នាក់ ដោយ​បច្ចុប្បន្ន ពួក​គេ​កំពុង​ធ្វើ​ចត្តាឡីស័​កនៅ​មណ្ឌល​ដែល​អាជ្ញាធរនិង​មន្ទីរ​សុខាភិបាល​រៀបចំ។ សម្រាប់​ជនជាតិ​ថៃ​វិញ លោកស្រី​ថា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ចូល​មក​ទឹកដី​កម្ពុជា​ឡើយ។ 

លោកស្រី​ថា៖ «ខេត្ត​ដែល​ឆ្លង​កូ​វីដ​ជាប់​ខេត្តកោះកុង គឺ​យើង​ពង្រឹង។ ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​យើង​ទទួល​គាត់សម្រាប់​ចត្តាឡីស័​ក សម្រាប់​ពលរដ្ឋ​ថៃ​គឺ​យើង​មិន​ឱ្យ​ចូល​ទេមួយ​រយៈ​នេះ យើង​ទំនាក់ទំនង​ឱ្យ​គាត់​ទៅ​ធ្វើ​ចត្តាឡីស័​កនៅ​ប្រទេស​ថៃ​វិញ​ដែរ»។

លោកស្រី មិថុនា ភូ​ថង បន្ត​ថា ចំពោះ​ការ​ដឹកទំនិញ​ចេញចូល​របស់​ពលរដ្ឋ​វិញ នៅតែ​មាន​ការដឹក​ចេញចូល​ធម្មតា ប៉ុន្តែ​គ្រាន់តែ​រឹ​តបន្តឹងជាងមុន​ប៉ុណ្ណោះ។

លោកស្រី​ថា៖ «អ្នក​ដឹក​អីវ៉ាន់​មក យើង​មាន​រៀប​កន្លែង​បែងចែក​ដោយឡែក​ពីគ្នា ហើយ​កម្មករ​មិន​ឱ្យ​ពាក់ព័ន្ធ​គ្នា​ទេ ហើយ​អ្នក​បើករថយន្ត​ យើង​ឱ្យ​គាត់​ទៅ​អង្គុយ​កន្លែង​ផ្សេង មិន​ឱ្យ​ទំនាក់ទំនង​ជាមួយ​កម្មករ​ទេ ហើយ​អីវ៉ាន់​ យើង​ឱ្យ​គេ​បាញ់​សម្អាត ​បាញ់ថ្នាំ​បាញ់​អី»។

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​កាលពី​ថ្ងៃម្សិលមិញ​ថា រដ្ឋាភិបាល​ថៃបាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ចាប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដល់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​ថា ដើម្បី​បន្ត​ទប់ស្កាត់​និង​គ្រប់គ្រង​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​ជារ​លក​ថ្មី​នៅក្នុង​ប្រទេស​ថៃ។

ករណីនេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ទាំងអស់បន្ត​ចូលរួម​សហការ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​នូវ​វិធានការ​ណ៍នានា​របស់​រដ្ឋាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ព្រមទាំង​អនុវត្ត​វិធានការ​ណ៍អនាម័យ ដើម្បី​ចូលរួម​បង្ការនិង​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

បើ​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល​ជាបន្តបន្ទាប់ ឃើញថា គិត​ចាប់តាំងពី​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ២០២០ មកដល់​ព្រឹក​ថ្ងៃពុធ​នេះ ក្រសួង​បាន​រក​ឃើញ​ពលករ​ខ្មែរ​ចំនួន១៨នាក់​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្រោយពី​ពួក​គេ​បាន​ឆ្លងដែន​មក​ពី​ប្រទេស​ថៃមកកាន់​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ