រដ្ឋាភិបាលសម្រេចនិរាករឬបដិសេធលើលិខិតសំណើមួយចំនួនដែលស្នើសុំកាត់ឆ្វៀលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ប្រមាណ៣០ហិកតា សម្រាប់សាងសង់អគាររដ្ឋ ខណៈរដ្ឋាភិបាលក៏សម្រេចដោះដូរទីតាំងក្រសួងស្ថាប័នមួយចំនួនផងដែរ។
យោងតាមលិខិតរបស់រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ផ្ញើជូនក្រសួងនិងស្ថាប័នមួយចំនួនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ឱ្យដឹងថា កាលពីអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០២០ មានសំណើឱ្យនិរាករ (បដិសេធ) លើលិខិតមួយចំនួនដែលសុំកាត់ឆ្វៀលដីផ្ទៃបឹងតាមោក ក្នុងរាជធានីភ្នំពេញ សម្រាប់សាងសង់អគាររដ្ឋមួយចំនួន។
លិខិតទីស្តីការគណៈរដ្ឋមន្ត្រី បន្តថា តាមរយៈការស្នើនោះ រដ្ឋាភិបាលបានសម្រេចនិរាករលិខិតដែលស្នើសុំកាត់ផ្ទៃបឹងតាមោកទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ ដែលគ្រោងសាងសង់អគារអភិវឌ្ឍន៍ជនបទ និងនិរាករលិខិតស្នើសុំដោះដូរដីទំហំ១៥,៣៣ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរាល់គ្រុប។
លិខិតដដែលក៏បានបញ្ជាក់ពីការនិរាករលិខិតស្នើសុំកាត់ផ្ទៃដីបឹងតាមោកទំហំ១៥ហិកតាផ្សេងទៀត ដើម្បីសាងសង់អគារគណៈកម្មាការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិការដោយសារមីន ផងដែរ។
ក្រៅពីនោះ លិខិតទីស្តីការគណៈរដ្ឋមន្ត្រី បន្តថា រដ្ឋាភិបាលក៏សម្រេចនិរាករលិខិតស្នើសុំដោះដូរនិងផ្ទេរកម្មសិទ្ធិដីទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិការដោយសារមីន ជាមួយក្រុមហ៊ុន ធីភី នោះផងដែរ។
វីអូឌី បានសុំការអត្ថាធិប្បាយបញ្ជាក់បន្ថែមពីលោក ហ៊ីង ថូរ៉ាក់ស៊ី នៅថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកបដិសេធ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលសម្រេចនិរាករនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលតែងតែធ្វើអ្វីតាមរយៈការផ្តល់នៃសេចក្តីស្នើសុំពីអន្តរក្រសួង។ នេះមិនមែនជានិរាករណ៍លើកទីមួយនោះទេ មានរឿងច្រើនណាស់ដែលបាននិរាករបន្ទាប់ពីការពិនិត្យសារជាថ្មីម្តងទៀត ហើយការនិរាករហ្នឹងគឺដើម្បីថែរក្សាផលប្រយោជន៍សាធារណៈ ហើយដោយអាស្រ័យទៅលើផលប្រយោជន៍សាធារណៈធំជាងអ្វីដែលជាផលប្រយោជន៍ឯកជនរបស់រដ្ឋ»។
អ្នកស្រី ផន សុខុម ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងតាមោកជាយូរឆ្នាំមកហើយ តែមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិរស់នៅស្របច្បាប់នោះ ហាក់មិនទាន់សាទរចំពោះរក្សាទុកផ្ទៃបឹងតាមោកប្រមាណ៣០ហិកតានេះទេ។
អ្នកស្រីថា៖ «យើងមិនដឹងថា គាត់ [រដ្ឋាភិបាល] ទុកហ្នឹង ហើយគាត់បម្រុងនឹងធ្វើម៉េច យើងអត់ដឹង ដូច្នេះយើងអត់ទាន់រីករាយទេ។ ពេលណាដែលគាត់ថា អត់អភិវឌ្ឍន៍បឹងហ្នឹងទៀត បានពួកខ្ញុំសប្បាយចិត្ត […] យើងនៅតែខ្វល់ នៅតែគិត ពីព្រោះដីផ្ទះរបស់ខ្ញុំនៅទីហ្នឹងដែរ»។
ជាមួយគ្នានេះ អ្នកស្រីក៏បានស្នើដល់រដ្ឋាភិបាលផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋដែលរស់នៅទីនោះជិត២០០គ្រួសារផងដែរ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរចំពោះការនិរាករលើលិខិតស្នើសុំកាត់ផ្ទៃបឹងតាមោកនេះ ខណៈលោកថា រដ្ឋាភិបាលបានចាប់ផ្តើមយកចិត្តទុកទៅលើសំឡេងរបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីបារម្ភនិងការមិនសប្បាយចិត្តរបស់ពួកគេចំពោះការលុបបឹងជាបន្តបន្ទាប់ដែលបណ្តាលឱ្យមានការជន់លិច។
លោកថា៖ «ពីព្រោះអី រឿងបឹងធម្មជាតិ រឿងប្រឡាយមេ ដែលជាសម្បត្តិរដ្ឋនេះ វាគួរតែមានការការពារឱ្យបានច្រើន ជាប្រយោជន៍ដើម្បីបន្សាំការរស់នៅរបស់ប្រជាពលរដ្ឋជាមួយនឹងគ្រោះធម្មជាតិ ដូចជា ភ្លៀង ទឹកជំនន់អីជាដើម ព្រោះបើមានទឹកជំនន់ វារកកន្លែងហូរអត់បាន វាត្រូវលិចលំនៅឋានពលរដ្ឋហើយ»។
ក្រៅពីនិរាករណ៍លើលិខិតស្នើសុំកាត់ឆ្វៀលផ្ទៃបឹងតាមោកនោះ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរពីការសម្រេចរបស់រដ្ឋាភិបាល ពីការប្រគល់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្ន ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និងប្រគល់ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន ឱ្យទៅមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។
ចំណែកទីតាំងទីស្តីការក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន នឹងប្រគល់ទៅឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយាដី រាជធានីភ្នំពេញ បានថ្លែងថា លោកបានឃើញលិខិតរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការដោះដូរទីតាំងក្រសួងនិងស្ថាប័នមួយចំនួនតាមបណ្តាញសារព័ត៌មានដែរ។ លោកថា មន្ទីររៀបចំដែនដី នឹងផ្លាស់ប្តូរទីតាំងទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលណាដែលក្រសួងនេះរើទៅក្រសួងរៀបចំដែនដីរួច។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែត្រង់ថាកំណត់ពេលវេលា ពេលណានោះ អត់ទាន់ដឹង! ពីព្រោះអី រហូតដល់ក្រសួងដែនដីនៅហ្គ្រេន [ភ្នំពេញ] សង់ហើយ បានក្រសួងដែនដីរើទៅ ហើយក្រសួងអភិវឌ្ឍន៍ជនបទ រើតាមក្រោយហើយ បានបន្តិចបាន[យើង]រើទៅក្រសួងអភិវឌ្ឍន៍ជនបទ»។
ទោះយ៉ាងណា លោក សារិន វណ្ណា មិនបានដឹងថា តើរដ្ឋាភិបាលនឹងប្រគល់ទីតាំងមន្ទីររៀបចំដែនដីបច្ចុប្បន្នទៅឱ្យស្ថាប័នមួយណាគ្រប់គ្រងបន្តទៀតនោះទេ។
លោកបានបន្ថែមថា៖ «បច្ចុប្បន្ន មន្ទីរយើងស្ថិតនៅក្រោយក្រសួងរៀបចំដែនដី អគារជាប់គ្នាហ្នឹង យើងអត់ដឹងទេខាងមុខទៀត។ អគាររបស់រដ្ឋយើង ហើយរដ្ឋជាអ្នកចាត់ចែងហើយ យើងមិនអាចឆ្លើយបានទេ»៕