តំណាង​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ម្នាក់​​នឹង​​ចូល​​បំភ្លឺ ​ក្រោយ​​ស្នង​ការ​​ខេត្ត​មណ្ឌល​គិរី​​កោះ​ហៅ​​រឿង​​បង្ហោះ​​សារ​​រិះ​គន់​​

លោក ​គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Kroeurng Tola IP)

តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់ដែល​សកម្ម​ក្នុង​រឿង​ដីធ្លីនិង​ព្រៃឈើ គ្រោង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃពុធ​ស្អែក តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​រិះគន់​រឿង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​លើ​បណ្ដាញ​សង្គម។

កាលពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចេញ​លិ​ខិត​កោះហៅលោក ​គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី ឱ្យ​ចូលខ្លួន​ទៅ​ផ្តល់​ចម្លើយនៅ​ថ្ងៃទី០៤ ខែមករា ពាក់ព័ន្ធ​នឹង​រឿងហេតុ «បង្ហោះ​សំណេរនិង​រូបភាព ក្នុង​គោលបំណង​ញុះញង់និង​ការប្រមាថ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​មន្រ្តី​រាជការ​សា​ធា​រណៈ» តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុកកាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

ពាក់ព័ន្ធ​នឹង​ការ​កោះហៅ​នេះ លោក គ្រឿង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃអង្គារ​នេះ​ថា លោក​បាន​ស្នើសុំ​ទៅ​សមត្ថកិច្ច ដើម្បី​ពន្យា​រពេល​ចូល​ឆ្លើយ​បំភ្លឺ ដោយសារ​លោក​ជាប់រវល់។ លោក​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ករណីនេះ​នៅ​ថ្ងៃពុធ​ស្អែកនេះ។

លោក​បាន​គូសបញ្ជាក់​ថា៖ «នៅក្នុង​នេះ គេ​ហៅ​ខ្ញុំ​ហ្នឹង ​រឿងញុះញង់​ហើយ​ប្រមាថ​អ្នករាជការ​សាធារណៈ ទៅលើ​ការ​រិះគន់​របស់ខ្ញុំ ពាក់ព័ន្ធ​ការ​យក​ថ្ម​ត្បូងនៅ​មណ្ឌលគិរី​ហ្នឹង»។

អ្វី​ដែល​លោក​ គ្រឿង តុលា បាន​រៀបរាប់​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​កោះហៅ​ពី​សមត្ថកិច្ច​ខេត្ត​នោះ៖

«កាលពី​ឆ្នាំ១៩៩៧ មានការ​ដណ្ដើមគ្នា​ដឹកជញ្ជូន​ឈើហុប នៅ​ឆ្នាំ២០០៦ ដី​ឡើងថ្លៃ ក៏​ប្រជែង​គ្នា​ទន្រ្ទាន​យក​ដី ខណៈ​បច្ចុ​ប្ប​ន្ននេះ រត់​ជាន់​ជើង​គ្នា​ដឹក​ថ្ម​វិញ​ម្ដង នៅពេល​អស់ពី​ធនធាន​ធម្មជាតិ​ ប្រហែល​លក់​ទាំង​ប្រពន្ធ​កូន​ទៀត»

លោក​ក៏បាន​សរសេរ​បន្ថែម​ក្នុង​បណ្តាញ​សង្គម​ទៀត​ថា «សូម​លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង បើក​ត្រចៀកនិង​ភ្នែកមើល​ឱ្យ​ឃើញ​បញ្ហា​ទាំងនេះ និង​មានចិត្ត​ស្រលាញ់​ជាតិ​ពិតប្រាកដ»

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយពីលោក​ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរីបានទេ នៅ​ថ្ងៃអង្គារ​នេះ ដោយ​លោក​ថា កំពុង​ជាប់​បេសកកម្ម​នៅក្នុង​ព្រៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ