សង្គម​​ស៊ីវិល​​ថាក្នុង​​ឆ្នាំ​២០២០​ មនុស្ស​​ប្រមាណ​​៥០​នាក់​ត្រូវ​​ចាប់​ខ្លួន​​ដោយ​សារ​​ការ​​បញ្ចេញ​មតិ​​

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កុ្រម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ឱ្យ​ដឹង​ថា រយៈពេល១ឆ្នាំ​កន្លងមក មាន​សកម្មជន​ដីធ្លី បរិស្ថាន នយោបាយ និង​សកម្ម​ជន​ផ្សេង​ៗ ប្រហែល៥០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួននិង​ចោទប្រកាន់​នៅ​តុលាការ ដោយសារ​ការ​បញ្ចេញមតិ​របស់​ពួក​គេ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី​ នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា មានប្រសាសន៍​ថា តាម​របាយការណ៍​បឋម សកម្មជន​ប្រមាណ៥០នាក់ដែល​សមត្ថកិច្ច​ចាប់ខ្លួននិង​ចោទប្រកាន់​នៅ​តុលាការ​ជាបន្តបន្ទាប់​ក្នុង​ឆ្នាំ២០២០នោះ បាន​ធ្វើឡើង​ក្រោយពី​ពួក​គេ​បាន​សម្ដែង​មតិ ​ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​មាន​ដំណោះស្រាយ​បញ្ហា​ព្រៃឈើ បរិស្ថាន និង​បញ្ហា​សង្គម​ផ្សេង​ៗទៀត។ 

លោក​ថា៖ «ឆ្នាំ២០១៧ ​- ២០១៨ ​- ២០១៩ ​- ២០២០ គឺថា​ វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរមិន​ខុសគ្នា​ទេ ហើយ​យើង​មិនទាន់​ឃើញ​មាន​បញ្ហា​ល្អ​ប្រសើរចំពោះ​បញ្ហា​នៃ​ការ​រឹត​ត្បិតនិង​សិទ្ធិ​សេរីភាព​ទេ គឺ​វា​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ។ អាហ្នឹងយើង​ដឹង​ទាំងអស់គ្នា​ថា នៅពេល​មាន​វិបត្តិ​នយោបាយ ហើយ​បច្ចុប្បន្ន​យើង​មាន​វិប​ត្តិ​ធំៗ​មួយចំនួន ជាពិសេសនយោបាយនិង​បញ្ហា​កូ​វី​ដទៀត គឺថា ធ្វើ​ឱ្យ​សេរីភាព​មួយចំនួន​កាន់តែ​បន្ត​ធ្លាក់ចុះ​បន្ត​ទៀត»។

លោក នី សុខា បញ្ជាក់​ថា សកម្មជន​ដីធ្លី បរិស្ថាន និង​នយោបាយ​ទាំងនោះ ត្រូវ​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​«ញុះញង់»ដូចគ្នា បើ​ទោះបីជា​ការសម្ដែង​មតិនិង​ការ​ទាមទារ​របស់​ពួក​គេ ត្រូវ​បាន​ធានាដោយ​ច្បាប់​ជាតិនិង​ច្បាប់អន្តរជាតិ​ក៏ដោយ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន យុវជន និង​សកម្មជន​នយោបាយ​ក្នុង​ឆ្នាំ២០២០កន្លងមក បង្ហាញ​ឱ្យ​ឃើញថា រដ្ឋាភិបាលខកខាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការការពារនិង​លើកកម្ពស់​សេរីភាព​មូលដ្ឋាន ដែល​ធានា​ដោយ​ច្បាប់​ជាតិ​និង​ច្បាប់អន្តរជាតិ។ ក្រៅពី​មានការ​ចាប់ខ្លួន​សកម្មជន​ហើយ លោកស្រី​មើលឃើញ​ថា សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិលនិង​អ្នកសារព័ត៌មាន ក៏​រង​នូវ​ការ​រឹតត្បិតនិង​ការ​គំរាមកំហែង​ផង​ដែរ។

លោកស្រី​ថា៖ «អ៊ីចឹង​យើង​មើលទៅ​រូបភាព​នេះ មិនបាន​ធ្វើ​ឱ្យ​ឃើញថាលំ​ហ​សង្គម​ស៊ីវិល​ត្រូវ​បាន​លើកកម្ពស់​ទេ ត្រូវ​បាន​រួម​តូច​ៗទៅ ដែល​រដ្ឋាភិបាល​បាន​ប្រាស​ចាក​ឆ្ងាយ​អំពី​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដែល​ប្រទេស​កម្ពុជា​យើង​ប្រកាស​ថា យើង​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះ វា​ហាក់ដូចជា​ផ្ទុយទៅវិញ»។

ចំណែកនាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ចាត់ទុក​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ដីធ្លី និង​នយោបាយ​ក្នុង​មួយឆ្នាំ​កន្លងមក​នេះ ថា​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាពចូលរួម​នយោបាយ​ ដែល​ធានា​ដោយ​ច្បាប់​ជាតិនិង​ច្បាប់អន្តរជាតិ។ 

ករណីនេះ លោក​បាន​ជំរុញ​រដ្ឋាភិបាល​គោរព​ទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិ​ដែល​បាន​ផ្ដល់​សច្ចាប័ន​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ចៀស​ការបាត់បង់​អត្ថ​ប្រយោជន៍​ផ្សេង​ៗបន្ថែម​ទៀតពី​សហគមន៍​អន្តរជាតិ ដូចជា GSP និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជាដើម។

លោក អំ សំអាត ថា៖ «បើសិនជា​យើង​កែ​លម្អ​ចំណុច​ទាំងអស់​ហ្នឹង​បាន កម្ពុជា​យើង​នឹងអាច​មាន​ភាពល្អ​ប្រសើរ។ បើសិនជា​យើង​នៅ​ដូច​បច្ចុប្បន្ន រាល់​របាយការណ៍​របស់​អង្គការ​ជាតិនិង​អន្តរជាតិ ក៏​រដ្ឋាភិបាល​ច្រានចោល រហូតដល់​សេចក្ដីថ្លែង​ការណ៍​របស់​អង្គការសហប្រជាជាតិ ក៏​រដ្ឋាភិបាល​បាន​បដិសេធ អាហ្នឹង​ខ្ញុំ​គិតថា មិនសូវ​ជា​ល្អ​ទេ សម្រាប់​ការ​កែ​លម្អ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​គោរព​សិទ្ធិមនុស្ស​យ៉ាង​ខ្ជាប់ខ្ជួន។ លោក​បន្ត​ថា ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​កន្លងមក គឺ​ដោយសារតែ​ពួក​គេ​ប្រព្រឹត្ត​ខុសច្បាប់។ 

លោក​ថា៖ «អ្វី​ដែល​ជា​ទិសដៅ​កម្ពុជា គឺ​យើង​រក្សា​សន្តិភាពនិង​ស្ថិរភាព​នយោបាយ ​ហើយ​សិទ្ធិមនុស្ស​យើង​គោរព ក៏ប៉ុន្តែ​បើ​ប្រឆាំង​នឹង​ច្បាប់ រំលោភច្បាប់​ យើង​អត់​គោរព​ទេ យើង​ត្រូវតែ​បន្ត​រក្សា​អនុវត្ត​នូវ​នីតិរដ្ឋ​ ក្នុង​ការ​ផ្ដល់​នូវ​សុវត្ថិភាព ស្ថិរភាព​សម្រាប់​ឱកាស​អភិវ​ឌ្ឍ​ន៍​របស់​ប្រជាពលរដ្ឋ​យើង នេះ​ជាអាទិភាព​ធំ​ណាស់។ អ្នក​ទាំងអស់​នោះដែល​ពាក់​ស្លាក​ស្អី​ក៏ដោយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ កាលណា​ប្រឆាំង​នឹង​ច្បាប់ រំលោភច្បាប់ ​អ្នកនោះ​ត្រូវតែ​ទទួលទោស»។

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​កង្វល់​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន អំពី​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ ការ​គំរាមកំហែង​ដល់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ក្រោយពី​មានការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ចាប់ខ្លួន​ក្រុម​យុវជន​មាតា​ធម្មជាតិ អ្នក​ចម្រៀង​រ៉េ​បវ័យក្មេង​នៅ​ខេត្តសៀមរាប រួម​ទាំង​ការ​ចាប់ខ្លួនលោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ទាំងនោះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ និង​ធានា​ពី​សិទ្ធិ​នេះ​ឡើងវិញ តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជានិង​ច្បាប់អន្តរជាតិដែល​កម្ពុជា​បាន​ទទួលស្គាល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ