រដ្ឋា​ភិបាល​កាត់​​ដី​​បឹង​​តា​មោក​​ជាង​២២​ហិ​កតា​ ឱ្យ​ទៅ​​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែត្រ​និង​​គ្រួសារ​​អាវុធ​ហត្ថ​

ទិដ្ឋភាព​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ដី​បំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

រដ្ឋាភិបាលសម្រេច​កាត់​ដី​បឹង​តា​មោក​ជាង២២ហិ​កតាឱ្យទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រនិង​គ្រួសារ​អាវុធហត្ថ ដែល​ករណីនេះធ្វើ​ឱ្យ​សង្គម​ស៊ីវិល​មាន​ក្តី​បារម្ភ ខណៈ​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះកាន់តែ​រួម​តូច​ទៅៗ។ 

កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជាបាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់​ផ្ទៃ​«បឹង​តា​មោក»ជា​សម្បតិ្ត​របស់​រដ្ឋ ដែល​មានផ្ទៃ​ដី​សរុប​ប្រមាណ៣ ២៣៩ហិ​កតា សម្រាប់​ស្តុក​ទឹក​កខ្វក់​និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ ផ្ទៃ​បឹង​តា​មោក​ជាង៨០០ហិ​កតា​ហើយត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

យោង​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ឈួន សុធី ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក ក្រសួង​រៀបចំ​ដែនដី ក្រសួងសេដ្ឋកិច្ច និង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បាន​លើកឡើង​ថា ចំពោះ​សំណើ​ដែល​ក្រសួងនិង​ស្ថាប័ន​ទាំងនោះស្នើសុំ​កាត់​ដី​ទំហំ២០ហិ​កតា ចេញពី​ផ្ទៃដី​បឹង​តា​មោក (បឹង​កប់​ស្រូវ​) ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ឱ្យ​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​សាងសង់​សាខា​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នោះ រដ្ឋាភិបាលសម្រេច​អនុញ្ញាត។

ដោយឡែក លិខិត​មួយទៀត​របស់លោក កែន សត្ថា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធនិង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បាន​លើកឡើង​ដែរ​ថា ចំពោះ​សំណើ​ដែល​ក្រសួង​និង​ស្ថាប័ន​ទាំងនោះស្នើសុំ​កាត់​ឆ្វៀល​ដី​ជាង២ហិ​កតាចេញពី​ផ្ទៃដី​បឹង​តា​មោក ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ទៅ​ឱ្យ​គ្រួសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន១៦គ្រួសារដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​នោះ រដ្ឋាភិបាលក៏​សម្រេច​អនុញ្ញាត​ដែរ។

ពាក់ព័ន្ធ​រឿង​នេះ វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន និង​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត លោក ឈាង រ៉ា បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ថា មុននឹង​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ប្រគល់​ឱ្យ​បុគ្គលនិង​ស្ថាប័នរដ្ឋ​នោះ លោក​ថា រដ្ឋាភិបាល​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​រួចហើយ។ ពាក់ព័ន្ធ​នឹង​ការ​រក្សា​ផ្ទៃ​បឹង​ទុក​ប៉ុន្មាន​ហិ​កតាដើម្បី​រំដោះ​ទឹក​នោះ លោក ភក្ដី សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះរឿងនេះ។

លោក​ថា៖ «ការសម្រេច​កាត់ និង​កែសម្រួល​ដីឬផ្ទៃ​បឹង​ណាមួយ ដើម្បី​ធ្វើ​កិច្ច​អីណា​មួយ​អីហ្នឹង ប៉ុន្មាន​សម្រាប់​ការងារ​របស់​ខាង​កងទ័ព អាហ្នឹង​ជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មិនមែន​ជាការស​ម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ អ៊ីចឹង​យើង​អត់​អាច​សម្រេច​ខ្លួនឯង ​ត្រូវ​ទុក​ប៉ុន្មាន ប៉ុន្តែ​គ្រាន់តែ​ចង់​ជម្រាបថា រាល់​ការសម្រេច​ពាក់ព័ន្ធ​នឹង​ផ្ទៃ​បឹង​ទាំងអស់សុទ្ធ​មានតែ​មាន​ការសិក្សា​អំពី​ផល​ប៉ះពាល់ បរិស្ថាន និង​ការ​រំដោះ​ទឹក​អី​ផ្សេង​ៗហើយ»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព បង្ហាញ​ការ​ខកចិត្តចំពោះ​ការសម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​បន្ថែម​ទៀត ខណៈ​ឆ្នាំ២០១៨ ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​ថ្លែង​ថា បឹង​តា​មោក​នឹង​មិន​ត្រូវ​លុប​ឡើយ។ 

លោកស្រី​ថា៖ «ខ្ញុំ​មើលទៅ​វា​ជា​រឿង​គួរ​ឱ្យ​ព្រួ​យបារម្ភ ព្រោះថា ​បឹង​តា​មោក​នេះមាន​ទំហំ​ធំធេង ​ហើយយើង​គួរតែ​រក្សាទុក​ជា​តំបន់​ធម្មជាតិ ហើយ​ជាទី​តាំង​យុទ្ធសាស្ត្រទប់ទល់​នឹង​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ ហើយ​យើង​ឃើញ​កាលពីឆ្នាំទៅ យើង​បាន​ឆ្លងកាត់​គ្រោះមហន្តរាយ​ទីក្រុង​ច្រើន​កន្លែង​មែនទែន»។

ករណីនេះ លោកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​លទ្ធផល​សិក្សា​ពី​ផល​ប៉ះពាល់ឱ្យ​សាធារណ​ជន​បានដឹង ដោយ​លោកស្រី​សង្កេតឃើញ​ថា ចាប់ពី​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​ជាបន្តបន្ទាប់ ដែល​ធ្វើ​ឱ្យបឹងធម្មជាតិ​មួយ​នេះចេះតែ​រួម​ទៅៗ។

លោកស្រី​បន្ថែម​ថា៖ «បើសិនជា​យើង​នៅតែ​លុប​ជាបន្តបន្ទាប់ ដោយ​មិន​មានការ​បង្ហាញ​ការសិក្សា​នូវ​ផល​ជះ​ប៉ះពាល់​បែប​ណា​? ហើយ​មូលហេតុ​អី​បាន​ជា​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ វា​លែង​ទៅជា​ប្រយោជន៍​របស់សាធារណៈ​ហ្នឹង ហើយ​ត្រូវ​បាន​បម្លែង​ទៅជា​ដី​ឯកជន​របស់​រដ្ឋ? នេះ​ជា​ចំណុច​មួយ​ដែល​យើង​ចង់​ដឹង ក្នុងនាម​យើង​ជា​ពលរដ្ឋ ជា​អង្គការ​សង្គម​ស៊ីវិល ដែល​យើង​មើលឃើញ​កន្លងមកមានការ​លុប​បឹង ទន្លេ សមុទ្រ បន្តបន្ទាប់​នេះ​អ៊ីចឹង យើង​មិនដឹង​ចក្ខុវិស័យ​អភិ​ឌ្ឍ​ន៍​ដោយ​ចីរភាព​បែប​ណា​ទេ»។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា បឹង​ធម្មជាតិ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​ចាក់​ដី​លុប​អស់ទាំង​ស្រុង។ របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន១៦ហើយ​ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ខណៈ​បឹង​ចំនួន១០ទៀត​ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ