សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​​ពាក់​ព័ន្ធ​​ករណី​​បាញ់​សម្លាប់​​មន្ត្រី​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក រ៉េ​ត ស៊ី​ណែ​ត។ (​ហ្វេសប៊ុក​ជនរងគ្រោះ​)

​សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​មន្ត្រី​នគរបាល​មួយ​រូប នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ខណៈ​សមត្ថកិច្ច​ខេត្តកណ្តាល ក៏បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ក្រោយ​មាន​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​នេះ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក រ៉េ​ត ស៊ី​ណែ​ត អាយុ៣៩ឆ្នាំ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន២គ្រាប់​ចំ​ដងខ្លួន និង១គ្រាប់​ចំក្បាល បណ្ដាល​ឱ្យ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី នៅ​មុ​ខព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​មាន​ទំនាស់​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។

ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក សាត គឹ​មសាន ប្រាប់​ វី​អូ​ឌី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជំនាញ​មក​ពី​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃម្សិលមិញ បាន​ឃាត់ខ្លួន​បុរស​អ្នក​បើករថយន្ត Luxus Rx300 ពណ៌ខ្មៅ​ដែល​ដឹក​ខ្មាន់​កាំភ្លើង​ក្នុងករណី​បាញ់សម្លាប់​មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។

ស្នងការ​រូប​នេះបន្ត​ថា ជនសង្ស័យ ឈ្មោះ កែ ចាន់​មាន អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់វិល ឃុំ​អន្សា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ជា​អ្នក​បើករថយន្ត LuxusRx300 ពណ៌ខ្មៅ បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង។ 

លោក សាត គឹ​មសាន បន្ថែម​ថា ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​រាជធានី​ភ្នំ​ពេញ​ភ្លាម​ៗកាលពី​ម្សិលមិញ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ និង​កំពុង​ស្វែងរក​ចាប់​ជនសង្ស័យ​ម្នាក់ទៀត។

លោក​បន្ថែម​ថា៖ «ម្សិលមិញ​ យើង​ឃាត់​បាន​ម្នាក់ ហើយដែល​ច្បាស់លាស់​នោះ គឺ​ឃាត់ខ្លួន​អ្នក​បើ​កឡាន​លុច​ស៊ី​សនោះ​ទេ គ្រាន់តែ​ឃាត់​ហើយ​បញ្ជូន​ទៅ​ភ្នំពេញ​តែម្តង»។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន្ត សុខ​សីហា សុំ​មិន​បកស្រាយ​ច្រើន​លើ​ករណីនេះ​ទេ ​ដោយ​លោក​ថា ទុក​ឱ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការងារ​នេះ​សិន។

របាយការណ៍​របស់​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បានឱ្យ​ដឹង​ក្រោយ​កើតហេតុ​ការណ៍​នេះ​កាលពី​សប្តាហ៍​មុន​ថា ខ្មាន់​កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម​ដែល​មិន​ស្គាល់​ប្រភេទ ហើយ​បាន​បាញ់ប្រហារ​ចំនួន៩គ្រាប់ទៅ​លើមន្ត្រី​នគរបាល ឈ្មោះ រ៉េ​ត ស៊ី​ណែ​ត ខណៈ​ជនរងគ្រោះ​រូប​នេះបាន​ដក​កាំភ្លើង Glock19 មួយ​ដើម ភ្ជង់​ទៅលើ​ខ្មាន់​កាំភ្លើង​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍។

ចំណែកសមត្ថកិច្ច​ខេត្តកណ្តាល នៅ​ថ្ងៃ​ចន្ទ​នេះ ក៏បាន​បញ្ជូន​បុរស​ជនសង្ស័យ​ម្នាក់ទៅ​សាលាដំបូង​ខេត្តកណ្តាល​ផង​ដែរ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បាន​ផ្ទុះអាវុធ​ជាមួយ​សមត្ថកិច្ច។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​ថ្ងៃសៅរ៍ ទី២ ខែមករា​នេះ ដោយ​ជនសង្ស័យ​ម្នាក់ឈ្មោះ ពៅ ហុង អាយុ២៧ឆ្នាំ បាន​បើករថយន្ត​ធុន​ធំ បុក​បង្គោល​ភ្លើង​ចំនួន៣បង្គោល និង​ដាច់ខ្សែ​ភ្លើង​ប្រមាណ៦០ម៉ែត្រ។

ស្នងការ​ខេត្តបន្ត​ថា ក្រោយ​ការ​ឃាត់ខ្លួននិង​រង់​ចាំ​ការ​ដោះស្រាយ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ បាន​រត់​ចូលបន្ទប់​ការិយាល័យ​ប៉ុស្តិ៍​សំពៅពូន និង​បាន​យក​កាំភ្លើង​សមត្ថកិច្ច​ដែល​ទុក​ក្នុង​នោះ បាញ់រះ​ជាច្រើន​គ្រាប់​មក​លើ​សមត្ថកិច្ច។

តែ​យ៉ាងណា ស្នងការ​ខេត្ត​បញ្ជាក់​ថា ក្រោយ​ការ​បង្ក្រាបនិង​ប្រើប្រាស់​វិធានការ​ដើម្បី​ទម្លុះ​ទ្វារ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប៉ុស្តិ៍​នោះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​យប់​ថ្ងៃ​ដដែល​នោះ ដោយ​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល លោក សូ សារិ​ន ប្រាប់​វី​អូ​ឌី​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍និង​ប្រើប្រាស់​អាវុធ​បាញ់​ទៅលើ​សមត្ថកិច្ច​នៅ​ខេត្តកណ្តាល​នោះ ឈ្មោះ ពៅ ហុង ត្រូវ​បាន​ចៅក្រម​សម្រេច​ឱ្យ​ឃុំខ្លួន​ហើយ ដោយ​ចោទប្រកាន់​ពី​បទ​«ប៉ុ​នប៉ង​ឃាតកម្ម​ប្រឆាំង​អ្នករាជការ​សាធារណៈ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មានការ​អនុ​ញ្ញាត»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ក្នុង​ឆ្នាំ២០២០ ការប្រើ​ប្រាស់​កាំភ្លើង​សម្រាប់​បាញ់ប្រហារនិង​គំរាមកំហែង​គ្នា​បាន​កើតឡើង​ជា​បន្ត​បន្ទប់។ លោក​ថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការគ្រប់គ្រង​អាវុធនិង​ការអនុវត្ត​ច្បាប់មិនទាន់​បាន​ល្អ។

លោក​បន្ថែម​ថា៖ «វា​ជា​ការ​បង្ហាញ​មួយអំពី​ការគ្រប់គ្រង​អាវុធ​មិនបាន​ល្អ ពីព្រោះ​យើង​សង្កេតឃើញ​ថា មានការ​ប្រើប្រាស់​អនាធិប​តេយ្យ​ច្រើន ហើយ​បា​នប​ង្កឱ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ។ អ៊ីចឹង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​ទៅលើ​យន្តការ​នៃ​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ និង​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​តឹង​រ៉ឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ