ក្រុម​​សហជីព​​និង​​សមាគម​​រក​​កិច្ច​​អន្តរា​គមន៍​​ពី​​នាយក​​រដ្ឋ​មន្ត្រី​ សុំ​​ឱ្យ​​មាន​ការ​​ដោះ​លែង​​លោក ​រ៉ុង ​ឈុន​

ប្រធាន​ស្តីទី​សហភាព​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័​ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ករណី​តំណាង​សហជីព​និង​សមាគម​មួយចំនួន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ក្បែរ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

តំណាង​សហជីពនិង​សមាគម​ប្រមាណ២០នាក់មក​ពី​ស្ថាប័ន​ចំនួន៤ បាន​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ឱ្យ​មានការ​ដោះលែងលោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​មិន​ទទួលយក​ញត្តិ​សុំ​អន្តរាគមន៍​នោះ​ឡើយ។

សហជីពនិង​សមាគម​ទាំង៤នោះ រួមមាន សហភាព​សហជីព​កម្ពុជា សហព័ន្ធសហជីពកម្ពុជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។

ប្រធាន​ស្តីទី​សហភាព​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័​ណ្ឌ មានប្រសាសន៍​នៅ​ក្បែរ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក្បែរ​វត្ត​បទុម​វតី រាជធានី​ភ្នំពេញ​ ថាកាលដែល​ពួក​គាត់នាំគ្នា​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រីនេះ គឺ​ដើម្បី​សុំ​អន្តរាគមន៍​ពីលោក ហ៊ុន សែន ជួយ​ឱ្យ​មានការ​ដោះលែងនិង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើលោក រ៉ុង ឈុន ដោយ​ថា លោ​ក រ៉ុង ឈុន ពុំ​មាន​កំហុស​ដូច​ការចោទប្រកាន់។

អ្នកស្រីបន្ត​ថា លោក រ៉ុង ឈុន ជា​មនុស្ស​ឆ្នើម​មួយ​រូបដែល​តែងតែ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល ធ្វើសកម្មភាព​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់​ជូន​កម្មករ ប្រជាពលរដ្ឋ និង​សង្គមជាតិ ប៉ុន្តែ​បែរជា​ត្រូវ​បាន​គេ​ចាប់និង​ឃុំខ្លួន​យ៉ាង​អយុត្តិធម៌​ទៅវិញ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​មើលឃើញ​ថា ករណី​លោកគ្រូ រ៉ុង ឈុន គឺ​គាត់​រង​នូវ​អំពើ​អយុត្តិធម៌​ណាស់ ដោយសារ​គាត់​បាន​ដើរតួ​នាទី​ក្នុងនាម​ជា​គ្រូបង្រៀន គាត់​ជា​តំណាង​កម្មករ ហើយ​គាត់​ជា​ពលរដ្ឋ​មួយ​រូប​ដែល​បាន​ឈឺឆ្អាល​នឹង​រឿង​ប្រទេសជាតិ ខ្ញុំ​គិតថា​គាត់​ធ្វើ​មិន​ខុស​ទេ។ ហើយ​ខ្ញុំ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ជួយ​វិនិច្ឆ័យថា​ តើ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​ហ្នឹងជា​ទង្វើ​ខុសច្បាប់ឬយ៉ាងម៉េច»។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​របស់​ក្រុម​សហជីពនិង​សមា​គមនៅ​ព្រឹកមិញ​នេះ មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី មិន​ទទួលយក​ញត្តិ​របស់​ពួក​គេ​នោះ​ទេ ក្រោម​ហេតុផល​ថា ញត្តិ​នោះ​ធ្វើ​មិន​ត្រឹមត្រូវ​តាមបែបបទ​រដ្ឋបាល​របស់​ខុទ្ទកាល័យ និង​ខុស​បច្ចេកទេស។

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន បាន​ពិនិត្យមើល​ញត្តិ ហើយ​បាន​ប្រគល់​ជូន​តំណាង​សហជីពនិង​សមាគម​វិញ។ លោក​បាន​ស្នើ​ឱ្យធ្វើ​សារ​ថ្មីទៅតាម​បែបបទ​រដ្ឋបាលនិង​បច្ចេកទេស ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ជា​គំរូ​ឡើយ។

លោក​បន្ថែម​ថា៖ «ពីព្រោះ​នៅក្នុង​ញត្តិ​នេះ យើង​ដាក់​ពួក​គាត់​ដែល​សំណូមពរ​សុទ្ធតែ​សមាជិក​អញ្ចឹង យើង​ត្រូវ​មាន​បញ្ជី​ហ្នឹង​មួយ​ដោយឡែក​ បាន​បញ្ជាក់​ថា គាត់​អាច​ស្នើសុំ​បាន។ មួយទៀត បើ​ក្រម​ព្រហ្មទណ្ឌ បើកាលណា​អង្គការ​យើង​អត់មាន​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​ក្នុង​រឿង​បទល្មើស​ព្រហ្មទណ្ឌ​ទេ យើង​មិន​អាច​ស្នើសុំ​អញ្ចឹង​បានទេ។ មួយទៀត យើង​សរសេ​រកម្មវត្ថុ​ស្នើសុំ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​បាន​ នៅក្នុង​រឿងយើង​ជា​ជន​ត្រូវ​ចោទ។​ អញ្ចឹង​ត្រូវ​ទៅ​កែ​ឡើងវិញ​ទើប​អាច​ទទួល​បាន បើ​ធ្វើបែប​នេះ​ មិន​អាច​ទទួល​បានទេ»។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុ​ក ឆា​យ៉ា​វី បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ខុទ្ទកាល័យ​ដែល​មិន​ទទួល​ញត្តិ​របស់​ពួក​គាត់។ អ្នកស្រី​ថា ការ​មិន​ទទួល​នេះជា​ចេតនា​មួយ​មិន​ចង់ឱ្យ​មានការ​ដោះលែង និង​ដាក់ទោសលោក រ៉ុង ឈុន យ៉ាង​អយុត្តិធម៌​ទៀត។

ប្រធាន​សមាគម​រូប​នេះចាត់ទុក​ករណី​បន្ត​ឃុំខ្លួនលោក រ៉ុង ឈុន នេះ ថា​ជា​ការ​គំរាមកំហែង​ដល់ទៅ​អ្នក​ដែល​ធ្វើការងារ​ផ្នែកការ​ពារ​សិទ្ធិ​គ្រូបង្រៀន សិទ្ធិ​កម្មករ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួក​គេ​ថែមទៀត។

អ្នកស្រី​បន្ថែ​ថា៖ «ថ្ងៃនេះ យើង​បាន​ដាក់​លិខិត​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រីដោះលែងលោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​អកុសល មន្ត្រី​ខុទ្ទកាល័យ​មិន​ទទួល​ញត្តិ​យើង ​ថាយើង​ធ្វើខុស​នីតិវិធី ប៉ុន្តែ​គាត់​មិនបាន​បង្រៀន​យើង​ពី​របៀប​ធ្វើដែល​គាត់​ចង់បាន​ទេ»។

មេដឹកនាំ​សហជីព​មួយ និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួនកាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មក លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម» ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ពី​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដែល​លោក​និយាយ​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់ដីស្រែ​របស់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ។ បច្ចុប្បន្ន លោ​ក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សវនាការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ