មនុស្ស​១៣​នាក់​​ត្រូវ​​ចាប់​ខ្លួន​​ពីរ​​ថ្ងៃ​​ជាប់​គ្នា​ ខណៈ​​លោក​ស្រី​ មូរ​ សុខ​ហួរ​ បង្ហាញ​​ជំហរ​មក​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Mu Sochua)

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា ពីរ​ថ្ងៃ​ជាប់គ្នា​មកនេះ មនុស្ស​យ៉ាងហោចណាស់១៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គាំទ្រ​ក្រុម​អ្នកនយោបាយប្រឆាំង ខណៈ​អនុប្រធាន​បក្ស​ប្រឆាំង អ្នកស្រី មូរ សុខ​ហួរ ប្រកាស​ថា​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​ក្រោយនេះ ដើម្បី​តតាំង​ក្តី​នៅ​តុលាការ ដែល​បទ​ចោទ​ពី​បទ «ឧបឃាត» ឬក្បត់ជាតិ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា មនុស្ស៥នាក់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្នុង​នោះ ២នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ និង ៣នាក់​ទៀតត្រូវ​បាន​ចាប់ខ្លួន​នៅ​ភ្នំពេញ។ 

មន្ត្រី​នាំពាក្យ​នគរបាល​ជាតិ​រូប​នេះប្រាប់​ថា មនុស្ស​ទាំង៥នាក់​នោះត្រូវ​បាន​ចោទ​ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍» ហើយ​ថា បច្ចុប្បន្ន​ តុលាការ​សម្រេច​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ។

មន្ត្រី​រូប​នេះបន្ត​ថា មនុស្ស៨នាក់​ផ្សេងទៀតត្រូវ​ចាប់ខ្លួន​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃម្សិលមិញ​នេះ អំឡុង​ពេល​តុលាការ​បើកសវនាការ​ជំនុំជម្រះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ២១នាក់ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​«ញុះញង់»«រួមគំនិតក្បត់»

លោក ឆាយ គឹម​ខឿន ប្រាប់​ថា៖ «ពីរ​នាក់​នៅ​ត្បូងឃ្មុំ បាន​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ដើម្បី​អប់រំ​។ ម្នាក់ទៀត​មាន​អសយ​ដ្ឋាន​នៅ​ភ្នំពេញ​ កំពុងតែ​សុំ​គោលការណ៍ ដើម្បី​សម្រេច​ថាត្រូវ​ធ្វើ​ម៉េច។ ហើយ៥នាក់​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ យើង​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចាត់ការ​បន្ត»។

នៅ​ថ្ងៃម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជម្រះក្តី​សំណុំរឿង​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន សរុប២១នាក់ ក្នុង​នោះ​មាន​ទាំងលោក សម រង្ស៊ី ផង​ដែរ ពី​បទ​«ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» «ញុះញង់​មិន​ឱ្យ​យោធិន​ស្តាប់​បង្គាប់» និង​ «រួម​គំ​និតក្បត់»។

នៅ​ថ្ងៃនេះ​ដែរ តុលាការ​ជាន់​ទាប​មួយ​នេះបាន​បន្ត​សួរដេញដោល​សំណុំរឿង​អតីត​សកម្ម​ជនបក្ស​ប្រឆាំង១៥នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​បទ​ចោទ​ដូចគ្នា។

អ្នកស្រី មូរ សុខ​ហួរ ដែល​បាន​រស់នៅ​ឯក្រៅ​ប្រទេស ​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ២០១៧នោះ បាន​និយាយ​រួចហើយ​ថា អ្នកស្រី​នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី៤ ខែមករា​ឆ្នាំក្រោយ​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដោយ​អ្នកស្រី​ថា ដើម្បី​ចូលរួម​សវនាការ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

អ្នកស្រី មូរ សុខ​ហួរ មានប្រសាសន៍​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន រួមមាន ​សកម្មជន៨នាក់ ក្រៅពីនោះ​ជា​ភរិយាស​កម្ម​ជន​ដែល​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន និង​ខ្លះទៀត​ជា​អ្នកគាំទ្រ។

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ គូសបញ្ជាក់​ថា ចំណាត់ការ​ចាប់ខ្លួន​នេះជា​ភស្តុតាង​មួយទៀត បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា​កំពុង​ជំរុញ​ប្រទេសជាតិ​ឱ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្មាន​ទី​បញ្ចប់។

អ្នកស្រី មូរ សុខ​ហួរ មានប្រសាសន៍​ថា៖ «ខ្ញុំ​យល់ឃើញ​ថា លោក ហ៊ុន សែន ខ្លាច​ពួក​យើងខ្ញុំ​ពេក។ ខ្លាច​ពេក​ មានន័យថា គាត់​អត់មាន​ទំនុកចិត្ត​អីទាំងអស់​ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​គាត់​ […] ការភ័យខ្លាច​ហ្នឹង ទោះបី​គាត់​ចាប់ចង​ដល់ណា​ក៏ដោយ ក៏​មិន​អាច​បញ្ចប់​នូវ​ការឈឺចាប់​បាន​ដែរ។ លើកស្ទួយ​ប្រជាធិបតេយ្យ ចំណេញ​ដល់​ប្រទេស​ទាំងមូល សម្លាប់​ប្រជាធិបតេយ្យគឺ​សម្លាប់​ប្រទេសជាតិ ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​ដោយ​ភាព​ភ័យខ្លាច មិនមែន​ជា​ការដឹកនាំ​ប្រទេស​យក​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ជាធំ​ទេ»។

លោក សំ សុ​គង់ មេធាវី​មួយ​រូបការ​ពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រាប់​ថា សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​រយៈពេល២ថ្ងៃ​មកនេះ រួមមាន ​កញ្ញា ម៉ារី ខ្មែរ​ថាវរៈ, អ្នកស្រី សុខ ប៉ូលី​ម៉ា ជាសកម្ម​ជន, អ្នកស្រី គីម សុគន្ធ, លោក សុខ ផេង ជាសកម្ម​ជន និង​លោក អ៊ុំ យ៉េ​ត ជា​ប្រធានប្រតិបត្តិ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

ភរិយា​លោក អ៊ុំ យ៉េ​ត គឺ​អ្នកស្រី ងួន ផល្លា និយាយ​ថា ប្តី​គាត់​មិនធ្លាប់​ធ្វើសកម្មភាព​នយោបាយ​ទេ ក្រោយពី​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រំលាយ។ គាត់​ថា ប្តី​គាត់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ខណៈ​គាត់​កំពុងតែ​ដាំចេក​នៅ​ចម្ការ។

អ្នកស្រី​បន្ត​ថា មុន​សមត្ថកិច្ច​បញ្ជូន​ប្តី​គាត់​ទៅ​ឃុំខ្លួន គាត់​បាន​ផ្តាំផ្ញើ​គ្នា​ទៅវិញទៅមក​តាម​ទូរសព្ទ កុំឱ្យ​តក់ស្លុត​ចំពោះ​ការ​ចាប់ខ្លួន​ទាំង​មិនបាន​ធ្វើអ្វី​ខុស​នេះ។

អ្នកស្រី ងួន ផល្លា ប្រាប់​ថា៖ «គេ​ចោទ​ថា យើង​ក្បត់ជាតិ គាត់​ថាអញ្ចឹង! ហើយ​គាត់​ថា យាយ​ឯង​រឹងប៉ឹង​ឡើង ខ្ញុំ​ប្រាប់​គាត់​វិញ តា! តា​ឯង​ក៏​ត្រូវ​រឹងប៉ឹង​ដែរ ព្រោះ​ឯង​គ្មាន​កំហុស​អី​ទេ គាត់​ថា ហ្នឹងហើយ ​គាត់​ធ្វើ​បាន»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍​ថា ការ​តវ៉ា​ដោយសន្តិវិធី​ក៏ដោយ បើ​គ្មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរឬប្រឆាំង​នឹង​បម្រាម​របស់​អាជ្ញាធរ​ដែនដី លោក​ថា ជាសកម្ម​ភាព​ល្មើសច្បាប់ ​ដែល​លោក​ថា អាជ្ញាធរ​ត្រូវ​មាន​ចំណាត់ការ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធា​រណៈ។

លោក​ចាត់ទុក​ចំណាត់ការ​ចាប់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ប៉ុន្មាន​ថ្ងៃ​មកនេះ​ថា ជា​ការអនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

លោក កត្តា អ៊ន មានប្រសាសន៍​ថា៖ «ប៉ុន្តែកន្លងមក​នេះ ពួក​គាត់​មួយចំនួន​មិនបាន​សុំ​ទេ។ ករណី​ខ្លះ ពួក​គាត់​ថែមទាំង​បំពាន​បម្រាម​ផ្សេង​ៗទៀត​របស់​អាជ្ញាធរ។ អញ្ចឹង​ហើយ​បាន​ជា​អាជ្ញាធរ​គេ​រារាំង។ ទី៣ ការដែល​យើង​ទៅ​ធ្វើបាតុកម្ម​តវ៉ា​ស្រែក​តាម​ឧគ្ឃោសនា​សព្ទ​ទាមទារ​នៅមុខ​តុលាការ អំឡុង​ពេល​សវនាការ​ក្រៅរបង​តុលាការ វា​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​អារម្មណ៍​ចៅក្រម ទៅ​លើ​ឆន្ទៈ​របស់​ចៅក្រម។ អញ្ចឹង​ហើយ​ការ​ដាក់​សម្ពាធ​ទៅលើ​តុលាការ សុទ្ធតែ​ជា​រឿង​ខុសច្បាប់»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​មួយចំនួន រួម​ទាំង​នៅមុខ​សាលាដំបូង អាច​ជា​វិធានការ​ទប់ស្កាត់​ការ​ប្រមូល​កម្លាំង​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅមុខ​តុលាការ​នៅ​ភ្នំពេញ ​ក្នុង​ថ្ងៃ​សវនាការ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង។

តែ​យ៉ាងណា លោក​ចាត់ទុក​ចំណាត់ការ​នេះ​ថា វា​បាន​រំលោភ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «អាហ្នឹង វា​បង្ហាញ​ពី​រឿង​ថា មិន​ចង់ឱ្យ​មានការ​ជួបជុំ​ដោយសន្តិវិធី​នៅមុខ​តុលាការ​ហ្នឹង​ទេ។ អញ្ចឹង រឿង​ហ្នឹង វា​នាំ​ឱ្យ​មានការ​រិះគន់​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​សិទ្ធិ​ប្រមូល​ផ្តុំ សិទ្ធិ​ជួបជុំ​ដោយសន្តិវិធី»។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត ពីទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​និយាយតាមសេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី២៥ ខែវិច្ឆិកា ​ថាលោកស្រី​មាន​កង្វល់​យ៉ាង​ខ្លាំង​ពី​ចំណាត់ការ​ចាប់ខ្លួន និង​ការ​ជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​លើ​បុគ្គល​មួយចំនួន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។

លោកស្រី​ថា ចំណាត់ការ​នេះ​ទំនងជា​កើត​ចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​នីតិវិធី​ត្រឹមត្រូវដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ