សវនាការ​​ថ្ងៃ​នេះ​ តុលាការ​​សួរ​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​រក​​អ្នក​​កៀរ​គរ​​មនុស្ស​​ទៅ​​ទទួល​​លោក​ សម​ រង្ស៊ី​ ថ្ងៃ​៩​វិច្ឆិកា​​ឆ្នាំ​មុន​

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

​សកម្មជន​បក្ស​ប្រឆាំង២រូប​ ក្នុងចំណោម​សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង១១រូប​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ចោទសួរ​ពី​ការចូលរួម​របស់​ពួក​គេ​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេ​បក្ស​ប្រឆាំង​នៅ​ឯក្រៅ​ប្រទេស និង​ការ​ជាប់ពាក់ព័ន្ធ​ក្នុង​គម្រោង​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​មេបក្ស​ប្រឆាំង​កាលពី​ឆ្នាំមុន។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​អតីត​មេដឹកនាំ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន២១នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «រួមគំនិតក្បត់» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម» និង​ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់បង្គាប់»។

ប៉ុន្តែមានតែ​សកម្មជននិង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១៣នាក់​ប៉ុណ្ណោះ ត្រូវ​បាន​នាំទៅ​ចូលរួម​សវនាការ​នៅ​ព្រឹក​នេះ ខណៈ​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង រួម​មាន លោក សម រង្ស៊ី អ្នកស្រី ជូ ឡុង​សូ​ម៉ូរ៉ា អ្នកស្រី មូរ សុខ​ហួរ លោក នុត រំដួល លោក អេង ឆៃ​អេង ជាដើម មិន​មាន​វត្តមាន​ឡើយ។

ក្នុង​សវនាការ​ព្រឹក​នេះ តុលាការ​បាន​ចោទ​តែ​សកម្មជន២រូប​ប៉ុណ្ណោះ មាន​លោក ឡុង ផា​រី អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​អតីត​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មក​ពី​ខេត្តព្រៃវែង លោក និន ឃាង។

ក្នុង​បន្ទប់​សវនាការ ចៅក្រម​ជំនុំជម្រះ លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ លោក សេង លៀង បាន​សួរ​ទៅ​លោក ឡុង ផា​រី ថា បានដឹង​ពី​ផែនការនិង​បាន​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី នៅ​ឯក្រៅ​ប្រទេស​ដែរឬយ៉ាងណា។

ក្រៅពី​សួរដេញដោល​ពីការ​បង្កើត​ចលនា​នេះ​ហើយ ចៅក្រមនិង​តំណាង​អយ្យការ​បាន​សួរលោក ឡុង ផា​រី ជុំវិញ​ការ​កៀរគរ​អ្នកគាំទ្រនិង​សកម្មជន​ផ្សេងទៀត​ឱ្យទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​ផង​ដែរ។

ឈរ​ក្នុងរង្វង់​ក្រចកសេះ ពាក់​ខោអាវ​ស្លា​ទុំ អតីតប្រធាន​ប្រតិបត្តិ​ស្រុក​កំពង់ត្របែក លោក ឡុង ផា​រី បាន​ប្រាប់​ទៅ​តុលាការ​ថា ចាប់តាំងពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ក៏​ឈប់​ធ្វើសកម្មភាព​នយោបាយ​ដែរ។ ចំពោះ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​ក្រៅប្រទេស និង​ផែនការ​ចលនា​នេះ លោក ឡុង ផា​រី អះអាង​ថា លោក​បានដឹង​បន្ទាប់ពី​លោក សម រង្ស៊ី ឡើង​ថ្លែង​​តាម​សារព័ត៌មាន។

ពាក់ព័ន្ធ​នឹង​ការ​កៀរគរ​គ្នា​វិញ លោក ឡុង ផា​រី និយាយ​ថា លោក​មិនដែល​ជួបឬទទួលបញ្ជា​ពីអ​តី​តតំណាង​រាស្រ្ត​ខេត្តព្រៃវែង លោក ហេង ដា​ណា​រ៉ូ​ នោះ​ទេ ចាប់តាំងពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ២០១៧មក។

លោក​បញ្ជាក់​ថា មុន​ថ្ងៃ​​វិលត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា ប្រធានប្រតិបត្តិ​គណ​បក្ស​សង្គ្រោះជាតិ​ខេត្តព្រៃវែង លោក ប៉ែន សំ​អូន បាន​ទូរសព្ទ​ឱ្យ​លោក​ប្រមូល​សកម្មជននិង​អ្នកគាំទ្រ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ៩វិ​ច្ឆិ​កាដែរ ប៉ុន្តែលោក​មិន​អនុវត្ត​តាម ព្រោះ​ជាប់​រកស៊ី ហើយ​ថាខ្លួន​ក៏​ឈប់​រវល់​នឹង​គណបក្ស​នយោបាយ​ដែរ។

លោក ឡុង ផា​រី និយាយ៖ «ខ្ញុំ​បានដឹង​ការបង្កើតនិង​ផែនការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស បន្ទាប់ពី​ចូល​ផឹក​កាហ្វេ ឮ​ប្រជាពលរដ្ឋ​និយាយ និង​តាម​សារព័ត៌មាន ខ្ញុំ​ស្ដាប់​អាស៊ី​សេរី។ ហើយ​ដំណឹង​វិលត្រឡប់​របស់​លោក សម រង្ស៊ី ក៏​ខ្ញុំ​បាន​ទទួលតាម​សារព័ត៌មាន​ដែរ។ មុន​ពេល​រំលាយ​គណបក្ស ខ្ញុំ​បាន​ជួប​លោក ហេង ដា​ណា​រ៉ូ ម្ដង ប៉ុន្តែចាប់តាំងពី​តុលាការ​រំលាយ​គណបក្ស ខ្ញុំ​មិនបាន​ជួប ហើយក៏​មិនដែល​និយាយទូរសព្ទ​ជាមួយ​ដែរ។ ខ្ញុំ​បាន​និយាយ​ជាមួយ ប៉ែន សំ​អូន តាម​ទូរសព្ទ​ឱ្យ​ខ្ញុំ​កៀរគរ​គ្នា​ទៅ​ទទួល​លោក សម រង្ស៊ី ប៉ុន្តែខ្ញុំ​មិនបាន​ធ្វើតាម​ទេ​»។

ចៅក្រម​និង​តំណាង​អយ្យការ​ក៏បាន​សួរ​អតីត​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លោក និន ឃាង បែបនេះ​ផង​ដែរ ប៉ុន្តែលោក និន ឃាង បាន​បដិសេធ ដោយ​ថា លោក​មិនបាន​ចូលរួម​ជាមួយគ​ណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស និង​មិនបាន​ចូលរួម​ក្នុង​គម្រោង​វិលត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី ទេ។

លោក ឡុង ផា​រី អាយុ៥៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ម្ដុំ​ផ្សារ​អូរឫស្សី កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំនេះ។ 

ក្រោយពី​សាកសួរ​លោក ឡុង ផា​រី និង​លោក និន ឃាង អស់​ពេញ​មួយ​ព្រឹក ចៅក្រម​បានសម្រេច​លើកពេល​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អតីត​មេដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន២១នាក់ ទៅ​ធ្វើ​នៅ​ថ្ងៃទី២២ ខែមករា ​ឆ្នាំក្រោយ​នេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី​នៅ​សមា​គម​អាដ​ហុក លោក នី សុខា ដែល​បាន​តាមដាន​ស្ដាប់​សវនាការ​នា​ថ្ងៃនេះ​ដែរ ជំរុញ​តុលាការ​ធ្វើ​យ៉ាងម៉េច​អនុញ្ញាត​ឱ្យ​អតីត​មេដឹកនាំនិង​មន្ត្រី​របស់​បក្ស​ប្រឆាំង​មក​ចូល​បំភ្លឺ ជាជាង​ធ្វើការ​សាកសួរ​សកម្មជននិង​អ្នកគាំទ្រ​ពាក់ព័ន្ធ​នឹង​ចលនា​គណបក្ស​ប្រឆាំង​បង្កើត​នៅ​ក្រៅប្រទេស។

លោក នី សុខា មានប្រសាសន៍​ថា៖ «អ៊ីចឹង បើសិនជា​សវនាការ​ទៅដល់​មេដឹកនាំ​គណ​បក្ស​ធំៗ អាហ្នឹងខ្ញុំ​គិតថា ប្រហែលជា​អាច​មានការ​សួរដេញដោល​បាន​ច្បាស់លាស់​ជាង​នេះ ពីព្រោះ​នៅក្នុង​កម្រិត​ពួក​គាត់ មានការ​ចូលរួម​និង​យល់ដឹង​គម្លាត​ឆ្ងាយ​ពី​រចនាសម្ព័ន្ធ​ដឹក​នាំ​ធំៗ។ គាត់​មិន​អាច​ដឹង​បាន​ទាំងអស់​ទេ។ ប៉ុន្តែប្រសិនបើ​យើង​ចង់ឱ្យ​មានការ​ដេញដោល​រឿង​ហ្នឹងបាន​ច្បាស់លាស់ ខ្ញុំ​គិតថា បើសិនជា​អាច​អនុញ្ញាត​ឱ្យ​មេ​បក្ស​ធំៗ​ដែល​គាត់​កំពុង​ជាប់ចោទ​ដែរ មក​ឆ្លើយ​ចំពោះមុខ​តុលាការ ហើយ​មក​ដេញដោល​គ្នា ខ្ញុំ​ថា អាហ្នឹង​វា​ជា​រឿង​ល្អ វា​អាច​ធ្វើ​ឱ្យ​រឿង​ហ្នឹង ជ្រះស្រឡះ​បាន»។

បើ​តាម​លោក សំ សុ​គង់ មេធាវី​មួយ​ក្នុងចំណោម​មេធាវី៣រូប​ទៀត​ដែល​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង បានឱ្យ​ដឹង​ថា ចាប់តាំងពី​ដើមឆ្នាំ២០២០មក មាន​អតីត​សកម្មជននិង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជិត៣០នាក់ ត្រូវ​បាន​សមត្ថកិច្ច​និង​តុលាការ​សម្រេច​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ «រួមគំនិតក្បត់» និង ​«ញុះញង់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ