កម្ពុជា​​ចាប់​ផ្តើម​​ផលិត​​ដំណក់​​ប្រេង​​លើក​ដំបូង​​នៅ​​ថ្ងៃ​នេះ​

សកម្មភាពខួងអណ្ដូងផលិតកម្មនៅលើផ្លាតហ្វមខួងអណ្ដូងនៅក្នុងទីតាំងប្លុក A ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​នាយក​រដ្ឋមន្ត្រី ប្រកាស​ថា ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជានឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូង​ប្រេង​ទី១ ឈ្មោះ A-0ID នៃ​ផ្លា​តហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូងសមុទ្រ​កម្ពុជា នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃអង្គារ​នេះ​ថា តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ការចូលរួម​សកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែល​ជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ កម្ពុជាសម្រេច​បាន​នូវ​ការ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការសាងសង់ ការ​បំពាក់​គ្រឿងសម្ភារ និង​បរិ​ក្ខា​រនៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរការ​ផលិតកម្ម​ធនធាន​រ៉ែ​ប្រេង។

លោក​បន្ត​ថា អណ្តូង​ប្រេង​ទីមួយបាន​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ និង​ចាប់ផ្តើមផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ លោក​បន្ថែម​ថា ក្រៅពី​នេះមាន​អណ្តូង​ប្រេង​ចំនួន​ពីរ​ទៀត ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ។

លោក​គូសបញ្ជាក់​ថា៖ «ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺជា​ពរជ័យ​សម្រាប់​កម្ពុជា។ នេះ​ជា​ការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់សម្រាប់​កម្ពុជា ឆ្ពោះទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការផលិត​ប្រេង​របស់​កម្ពុជា​នេះបាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​មួយចំនួនដូចជា ផ្តល់​ចំណូល​ថវិកាជាតិ ផល​សេដ្ឋកិច្ច​ទទួល​បាន​ពី​ការបង្កើត​បាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការ​កសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យ​នេះ។ 

លោក​ក៏បាន​ចាត់ទុក​សមិទ្ធផល​នេះកើតឡើង​ស្រប​ពេលថ្ងៃ​ខួប​លើក​ទី២២ នៃ​ការ​បញ្ចប់​សង្រ្គាម​នាំមក​នូវ​ការ​ឯកភាពជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-ឈ្នះ (២៩ ធ្នូ ១៩៩៨​ – ២៩ ធ្នូ ២០២០​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ