របាយ​ការណ៍​៖​ គម្រប​​ព្រៃឈើ​​តំបន់​​ជួរ​ភ្នំ​​ក្រវាញ​​ទំហំ​១៤៨​ពាន់ហិ​កតា​​បន្ត​​បាត់​បង់​​បន្ថែម​​ទៀត​​នៅ​​ឆ្នាំ​នេះ​

កំណាត់ឈើត្រូវបានឈ្មួញដឹកចេញពីតំបន់ព្រៃឈើជួរភ្នំក្រវាញ។ (Marcus Hardtke via Mongabay)

​របាយការណ៍​មួយ​បង្ហាញថា តំបន់​ការពារ​ព្រៃឈើនិង​សត្វព្រៃ​នៅ​ជួរភ្នំ​ក្រវាញ ស្ថិតនៅ​ភាគ​និរតី​ប្រទេស​កម្ពុជា បន្ត​រង​ការបាត់បង់​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ ដែល​គំរាមកំហែង​ដល់​ជីវិត​សត្វនិង​រុក្ខជាតិ​កម្រ​ៗនៅក្នុង​តំបន់​បៃតង​មួយ​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរិស្ថាន Mongabay បាន​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពីដើម​ខែធ្នូ​នេះ​ថា គម្រប​ព្រៃឈើ​ប្រហែល១៤៨ពាន់​ហិ​កតា​នៅក្នុង​ដែនជម្រកសត្វព្រៃនិង​ឧទ្យានជាតិ​នានា​ស្ថិត​ក្នុង​តំបន់​ជួរភ្នំ​ក្រវាញ បាន​បាត់បង់​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ បាន​រាយការណ៍​បែបនេះ ដោយ​ផ្អែក​ទៅលើ​ទិន្នន័យ​ផ្កាយរណប​បាន​មក​ពីសា​កល​វិទ្យាល័យ​ម៉ារី​លែន ដែល​ដាក់​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ឃ្លាំមើល​ព្រៃឈើ​សកល (Global Forest Watch​)។

ប្រព័ន្ធ​ផ្សព្វផ្សាយ Mongabay បាន​រាយការណ៍​បន្ត​ថា ការបាត់បង់​គម្រប​ព្រៃឈើ​ក្នុង​ទំហំ​នេះ ស្មើនឹង​ជាង៨,៦ភាគរយ​នៃ​គម្រប​ព្រៃឈើ​នៅ​តំបន់​ជួរភ្នំ​ក្រវាញ ដែល​មាន​ចន្លោះ​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៩កន្លងមក​នេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ថា ក្រសួងមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ណាមួយរបស់ភាគីទី៣ឡើយ។

បើ​តាម​ទិ​ន្នន័យដដែល​នោះ តំបន់​ឧទ្យានជាតិ​បទុម​សាគរ បាត់បង់​គម្រប​ព្រៃឈើ​របស់​ខ្លួន​ជិត​១ភាគ៤នៅ​អំឡុង​ពេលនោះ ខណៈ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រហែល​ជាង១៥ភាគរយ។

Mongabay រាយការណ៍​ថា ការ​កាប់ព្រៃ​ឈើ​នៅ​ឆ្នាំ២០២០នេះ ហាក់ដូចជា​មិន​ថមថយ​ក្ដី ប៉ុន្តែ​បើ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​ម៉ារី​លែន តំបន់​ជាច្រើន​បាន​បង្ហាញ​ពី​កំណើន​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ។

បើ​តាម Mongabay ការ​បន្ត​បាត់បង់​គម្រប​ព្រៃឈើ​តំបន់​ជួរភ្នំ​ក្រវាញ​ដែល​បណ្ដាលមកពី​ការ​កាប់ព្រៃ​ឈើ ការទន្ទ្រាន​យក​ដី និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការ​គំរាម​ហែង​ដល់​ជីវិត​សត្វនិង​រុក្ខជាតិ​កម្រ​នៅ​តំបន់​បៃតង​ដ៏​ធំ​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ