ពលរដ្ឋ​១៥​គ្រួសារ​​នៅ​​ស្រុក​​ស្ទឹង​ហាវ​​ស្នើ​​ឱ្យ​​អាជ្ញាធរ​​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​​ដែល​​ខ្លួន​​បាន​​រស់​នៅ​​ជា​​យូ​រ​មក​​ហើយ​​

អាជ្ញាធរ​ចុះ​មក​ត្រួតពិនិត្យ​ករណី​ដែល​ពលរដ្ឋ​អះអាង​ថា ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បំផ្លាញ​ដំណាំ​ពួក​គាត់ នៅ​ថ្ងៃទី២៣ ខែធ្នូ ២០២០។ (ផ្ដល់​ឱ្យ​)

ប្រជាពលរដ្ឋ១៥គ្រួសារ​ នៅ​ស្រុក​ស្ទឹងហាវ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួក​គេ ដោយ​ពួក​គេ​លើកឡើង​ថា បាន​រស់នៅ​លើ​ដី​នោះ​តាំងពី​នៅជា​ដី​ព្រៃ។

លោក ឋុន បុណ អាយុ៣៥ឆ្នាំ ប្រកបរបរ​អា​រឈើ បាន​ប្រាប់​ថា លោក​បាន​រស់នៅ​លើ​ដី​នោះ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ហើយ​បាន​ព្យាយាម​ធ្វើ​ប្លង់​ច្រើនដង​តាំងពី​ដី​នៅជា​ដី​ព្រៃ​នៅឡើយ ប៉ុន្តែលោក​ថា ខាង​សង្កាត់​ប្រាប់​ឱ្យ​រស់នៅ​សិន​ទៅ​ ដោយ​មិន​ចាំបាច់​ធ្វើ​នោះ​ទេ។

ពលរដ្ឋ​រូប​នេះបន្ត​ថា នៅពេល​ដែល​ដី​នោះ​ត្រូវ​បាន​កាត់​ទៅជា​ដី​ភូមិ​មក គឺ​ចាប់ផ្ដើម​មាន​អ្នក​មក​ប្រាប់​ថាជា​ដី​កម្ម​សិទ្ធិបន្តបន្ទាប់។

លោក បុណ បន្ថែម​ថា ភាគី​ដែល​អះអាង​ជា​ម្ចាស់ដី បាន​ហៅ​លោក​ទៅ​ដោះស្រាយ​លើ​បញ្ហា​នេះ ដោយ​ទាមទារ​ឱ្យ​លោក​ធ្វើ​ប្លង់​លើ​ក្បាលដី​ទំហំ​តែ១០ម៉ែត្រ ទើបបាន​អនុញ្ញាត ខណៈ​ដែល​គ្រួសារ​របស់​លោក​មាន​ដី​រហូតដល់៥០ម៉ែ​ត្រ ដែល​ឪពុក​លោក​បន្សល់ទុក​ឱ្យ។

លោក ឋាន បុណ និយាយ​ថា៖ «ស្នើសុំ​ខាង​អាជ្ញាធរ​ ខាង​ស្អីហ្នឹង មក​ជួយ​ដោះស្រាយ​ច្បាស់លាស់»។

លោក ទូច ឃីម អាយុ៥៧ឆ្នាំ ប្រកបរបរ​ជាជាង​ធ្វើ​ផ្ទះ បាន​ប្រាប់​ថា លោកបាន​រស់នៅ​ទីនោះ​ជាង​២៧ឆ្នាំ​ហើយ ហើយ​លោក​ថា ដី​នេះ ពី​ដំបូង​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ចាន់ ថា តែ​បុរស​នោះ​បាន​ប្រាប់​លោក​ថា ដី​តិចតួច​នេះ​ទុក​ឱ្យ​លោក​រស់នៅ​ចុះ។

ពលរដ្ឋ​រូប​នោះនិយាយ​ទៀត​ថា អំឡុង​ឆ្នាំ២០០០ លោក ចាន់ ថា បាន​លក់​ដី​នេះ​ឱ្យទៅ​ម្ចាស់​ថ្មី​ដែល​កំពុង​មាន​ជម្លោះ​បច្ចុប្បន្ន​នេះ តែ​ក៏​មិនដែល​មានរឿង​អ្វី​កើតឡើង ទើបតែ​កាលពី​ថ្ងៃពុធ​កន្លងមក​នេះ មាន​មនុស្ស​ប្រហែល​ជិត២០នាក់ បាន​ទៅ​កាប់​បំផ្លាញ​ដំណាំ រករឿង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ។

លោក​បន្ត​ថា ខាង​ម្ចាស់ដី​បាន​ហៅ​លោក​ទៅ​ដោះស្រាយ​ដោយ​ផ្ដល់​ជា​សំណង​ខ្លះ​ដែរ តែ​លោក​មិន​យល់ព្រម​នោះ​ទេ ដោយសារតែ​វា​តិចតួច​ពេក។ បើ​តាម​លោក ឃីម ពលរដ្ឋ​ចំនួន១៥គ្រួសារ​កំពុង​មាន​វិវាទ​ដីធ្លី​នៅក្នុង​ភូមិ​មួយ ស្ថិត​ក្នុង​ឃុំ​ទំនប់រលក។

លោក​បញ្ជាក់​ថា ដី​ដែល​លោក​រស់នៅ​បច្ចុប្បន្ន​មិន​មាន​ប្លង់​កាន់កាប់​ទេ លោក​បាន​ព្យាយាម​ទៅ​ធ្វើ​នៅ​សាលាឃុំ​ច្រើនដង​ហើយ តែ​អាជ្ញាធរ​មិនព្រម​ធ្វើ​ឱ្យ ដោយ​លើកឡើង​ថា​ ដី​នោះ​ជាដី​កម្មសិទ្ធិ​របស់​លោកស្រី​ លីវ សំបូរ។

លោក ទូច ឃីម និយាយ​ថា៖ «ជួយ​ដោះស្រាយ​ឱ្យ​បាន​ទូលំទូលាយ កុំឱ្យ​ចង្អៀត​ចង្អល់​អញ្ចឹង​ពេក»។

មេភូមិ១ នៅក្នុង​ឃុំ​ទំនប់រលក លោក គីម ហាក់ បាន​និយាយ​ថា ពីដើម​ឡើយ​មានតែ​ពលរដ្ឋ៥គ្រួសារ​ប៉ុណ្ណោះ​រស់នៅ​លើ​ដី​ទំហំ​ជិត១ហិ​កតា​នេះ។ មេភូមិ​រូប​នេះ​បញ្ជាក់​ថា ដី​នេះ​កាន់កាប់​ដោយ​លោក អេង ចាន់​ថា ដែល​ក្រោយមក​បាន​លក់​នៅ​ឆ្នាំ២០០៤ឬ​ឆ្នាំ២០០៥ ទៅ​ឱ្យ​អ្នកស្រី លីវ សំបូរ ដែល​ជា​ភរិយា​របស់​មន្ត្រី​យោធា​ផ្កាយ​ពីរ​មួយ​រូប។

លោក​ថា នៅពេល​ដែល​លក់ លោក ចាន់​ថា បាន​ប្រាប់​ទៅកាន់​អ្នកស្រី សំបូរ ឱ្យ​ជួយ​សម្រួល​កាត់​ក្បាលដី​ទៅ​ឱ្យ​ប្រជាជន​ទាំង៥គ្រួសារ​នោះ ហើយ​ពួក​គេ​ក៏បាន​ព្រមព្រៀង​គ្នា​ចុះ​កិច្ចសន្យា​ទទួលយក​ក្បាលដី១០ម៉ែ​តរៀង​ៗខ្លួន ក៏ប៉ុន្តែ​ក្រោយមក ដោយសារ​រស់​នៅ​យូរ​ៗទៅ ក៏​ចាប់ផ្ដើម​កាន់កាប់​ដី​ច្រើនជាង​មុន លើស​ពី​អ្វី​ដែលគេ​ផ្ដល់​ឱ្យ ហើយ​ខ្លះ​ក៏បាន​លក់​ឱ្យ​អ្នក​ផ្សេងទៀត​ទាំង​អាជ្ញាធរ​មិន​ទទួលស្គាល់។

លោក គីម ហាក់ និយាយ​ថា៖ «ដោះស្រាយ​ប៉ុន្មាន​ខែមុន ម្ចាស់​ដើម​គេ​ថែម​ឱ្យ២ម៉ែត្រ​ទៀត ក្នុងចំណោម​ម្ចាស់​ដើម៥គ្រួសារ​ហ្នឹង។ ម្ចាស់៥គ្រួសារ​ហ្នឹង គាត់​អត់​ព្រម តែ​ខាង​ស្រុក​ក៏​ស្ងាត់ស្ងៀម​ទៅ គ្មាន​ដំណោះស្រាយ​អី​ទៀត គាត់​ចេះតែថា ដី​គាត់​កាន់កាប់​ប៉ុណ្ណា គាត់​យក​ប៉ុណ្ណឹង។ អ៊ីចឹង​វា​អត់​ត្រូវគ្នា។»

អ្នកស្រី លីវ សំបូរ ដែល​អះអាង​ថា​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​មាន​វិវាទ​នេះ ប្រាប់​ថា បញ្ហា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នេះ​រយៈពេល​យូរ តែ​ពុំ​មាន​ប្លង់​កម្ម​សិទ្ធិ ខាង​អាជ្ញាធរ​កំពុងតែ​កោះហៅ​អ្នកស្រីនិង​ពលរដ្ឋ​ទាំងនោះ​ទៅ​ពិភាក្សា​ ដើម្បី​រក​ដំណោះស្រាយ​ហើយ។

អ្នកស្រី លីវ សំបូរ ប្រាប់​ថា៖ «ការងារ​នេះ​ គេ​កំពុងតែ​ហៅ​ឡើង​ទៅ​ដោះស្រាយ»។

លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ ប្រាប់​ថា លោក​បាន​ចាត់​ឱ្យ​អភិបាលរងស្រុក​ចុះទៅ​ដោះស្រាយ​លើ​ករណីនេះ​ដោយ​ផ្ទាល់ក្នុងថ្ងៃនេះ ​តែ​ដោយសារតែ​លោក​អភិបាលរង​ជាប់រវល់​ ក៏​សូម​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ លោក​ថា​ នៅ​មិនទាន់​ទទួល​ដំណឹង​ពីអ​ភិបាល​រង​រូប​នោះ​ទេ​ ថា​តើ​គាត់​នឹង​ចុះទៅ​ថ្ងៃណា​បន្ទាប់។

លោក​បន្ថែម​ថា បញ្ហា​វិវាទ​ដីធ្លី​នៅ​ភូមិ​មួយ ឃុំ​ទំនប់រលក​នេះ គឺ​កើតមាន​ជាយូរមកហើយ ប៉ុន្តែត្រូវ​បាន​ស្ងប់ស្ងាត់​វិញ​ បន្ទាប់ពី​អាជ្ញាធរ​ចុះ​អន្តរា​គម​ន៍។

លោក​បន្ត​ទៀត​ថា ភាគី​ខាង​ម្ចាស់ដីយល់ព្រម​ដោះស្រាយ​ជាមួយ​តែ​ប្រជាជន​ដែល​រស់នៅ​លើ​ដី​នោះ​ជា​យូរហើយ​ប៉ុ​ណ្ណោះ តែ​សម្រាប់​អ្នក​ដែល​ទើប​មក​សង់​ទីលំនៅ​ គេ​មិនព្រម​សម្របសម្រួល​ឱ្យ​នោះ​ទេ។

លោក ឆាយ សុគន្ធ​ដា ប្រាប់​ថា៖ «ចាំ​មើល​អភិបាលរង​គាត់​ហៅ​មក​ តើ​ប្រជាជន​អ្នក​នៅ​ចាស់ឬក៏​អ្នកថ្មី។ មេភូមិ​ឃុំ​ គេ​សុទ្ធតែ​ដឹង។ សំខាន់​បងប្អូន​ហៅ​ដោះស្រាយ​គ្នា​ទៅ ព្រោះអី​ខាង​ហ្នុង​គេ​ថា​អត់អី​ទេ បើ​ប្រជាជនចាស់ គេ​ត្រូវ​ចែករំលែក​ឱ្យទៅ អីៗ​ដែរ ​មិនមែន​អត់ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ