កម្ពុជា​​ថា​ វៀតណាម​​ប្តេជ្ញា​​ជា​ថ្មី​​សហ​ការ​​ទប់​ស្កាត់​​ការ​​ជួញ​ដូរ​​ឈើ​​ហ៊ុប​និង​​សត្វ​ព្រៃ​​ឆ្លង​ដែន​​ខុស​ច្បាប់​​

មន្រ្តី​ឧទ្យានុ​រក្ស​ស្នាក់​ការ​អូរ​ពោត អូរ​ឆែល បាន​ដឹកជញ្ជូន​វត្ថុ​តាង​ឈើ​មួយចំនួន​ដែល​បាន​ចាប់​ឃាត់​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​អូរ​ពោត ដើម្បី​បន្ត​តាម​នីតិវិធី។ (​ហ្វេសប៊ុក៖ មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី​)

ក្រសួង​ការបរទេស​កម្ពុជា និយាយ​ថា វៀតណាម​បាន​បញ្ជាក់​ជាថ្មី​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើនិង​សត្វព្រៃ​ខុសច្បាប់​ឆ្លងដែន សំដៅ​ដល់​ភាពរឹងមាំ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

ក្រសួង​ការបរទេស​កម្ពុជា ថ្លែង​បែបនេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-វៀតណាម​ លើក​ទី១៨ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នា​ថ្ងៃទី២២ ខែធ្នូ តាម​ប្រព័ន្ធ​វីដេអូ។

ក្រសួង​ការបរទេស​និយាយ​ថា ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរបាន​ជំរុញ​ដល់​ភាពរឹងមាំ​ជា​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រួម​ទាំង​ការ​លើកកម្ពស់​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

ក្រសួងការបរទេស​ក៏បាន​គូសបញ្ជាក់​ថា ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ផង​ដែរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ និង​ការ​គាំទ្រ​ទៅវិញទៅមក​នៅ​ថ្នាក់​តំបន់និង​អន្តរជាតិ បន្ត​សម្របសម្រួល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។

ក្រសួង​បន្ត​ថា៖ «ភាគី​ទាំងពីរ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​គ្រប់គ្រងសកម្មភាព​កេងប្រវ័ញ្ច​ខុសច្បាប់​នានា ការ​ដឹកជញ្ជូន និង​ការ​ជួញដូរ​ឈើ​ហ៊ុបនិង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់»។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុ​ភ័ក្រ មានប្រសាសន៍​ថា មួយឆ្នាំ​ចុងក្រោយ​នេះ គ្មាន​បទល្មើស​ប្រភេទ​ឈើ​ហ៊ុប​ឆ្លងដែន​ទេ ក្រោយពី​ក្រុមការងារ​ថ្នាក់​ជាតិ​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ទ្រង់​ទ្រាយ​ធំ​រួចមក ប៉ុន្តែលោក​ថា បទល្មើស​ទ្រង់ទ្រាយ​តូច​ជា​ប្រភេទ​ឈើ​សំណង់និង​ប្រភេទ​ឈើ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​សម្រាប់​ធ្វើ​ផ្ទះ។

មួយវិញទៀត លោក​ថា បទ​ល្មើ​សសត្វព្រៃ​ឆ្លងដែនជា​ប្រភេទ​ធ្វើអាជីវកម្ម ​ក៏​លែង​មាន​ដែរ វា​លើកលែងតែ​ពលរដ្ឋ​វៀតណាម​ខ្លះ​លួចចូល​ដាក់អន្ទាក់​ក្នុងទឹក​ដី​កម្ពុជា ដោយសារតែ​មន្ត្រី​អភិរក្ស​កម្ពុជា​នៅ​មាន​ចំនួន​តិច ខណៈ​ដែន​ការពារ​ជាប់​ព្រំដែន​ខេ​ត្ត​មណ្ឌ​គិរី​នេះ​មាន​ព្រំប្រទល់​ជាប់​វៀតណាម មាន​ចម្ងាយ​ជាង២០០គីឡូម៉ែត្រ។

លោក កែវ សុ​ភ័ក្រ មានប្រសាសន៍​ថា៖ «[វៀតណាម​] ឆ្លងដែន​លួច​មក​ដាក់អន្ទាក់​ មាន! ប៉ុន្តែបើ​ថា​នាំចេញ​ជា​លក្ខ​ណពាណិជ្ជកម្ម​ ដូច​អត់​ទាន់​ដែល​ជួបប្រទះ»។

អ្នកសម្របសម្រួល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី លោក គ្រឿង តុលា និយាយ​ថា បទល្មើស​ព្រៃឈើ​ប្រភេទ​ឈើ​ហ៊ុប​ដឹក​ចេញទៅ​វៀតណាម​នៅ​ខេត្ត​នេះ នៅតែ​បន្ត​កើតមាន ចំ​ពេល​សកម្មភាព​ចុះ​បង្ក្រាប​របស់​ថ្នាក់​ជាតិ បាន​ស្ងប់ស្ងាត់​ទៅវិញ ដែល​លោក​ថា ឈ្មួញ​ដឹក​ចេញ​ភាគច្រើន​នៅពេល​យប់​ចន្លោះ​ពី​ម៉ោង៩ទៅ​ម៉ោង២។

អ្នកឃ្លាំមើល​ជនជាតិ​ដើម​ភាគតិច​រូប​នេះ ព្រួយបារម្ភ​ថា បទល្មើស​ឆ្លងដែន​នឹង​មិន​ថយ​ចុះ​ទេ បើ​មន្ត្រី​ទទួលផល​ប្រយោជន៍​ពី​បទល្មើស មិន​ត្រូវ​បាន​ផ្តន្ទា​ទោស​ទេ​នោះ។

លោក គ្រឿង តុលា ប្រាប់​ថា៖ «ខ្ញុំ​គិតថា ទី១ ពង្រឹ​ងអភិក្រម ទី២ព ង្រឹង​ការគោរព​ច្បាប់​ ទី៣ ត្រូវតែ​មាន​ពិន័យ​ឱ្យ​ធ្ងន់ធ្ងរ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត។ ៣ចំណុច​ហ្នឹង បើ​យើង​ធ្វើ​បាន ព្រៃឈើ​គង់​វង្ស តែបើ​ធ្វើ​មិនបាន៣ហ្នឹង មិនបាច់​ស្រែក​ទេ ស្រែក​នាំ​តែ​អត់ប្រយោជន៍»។

អ្នកស្រាវជ្រាវ​សង្គម​ លោក​បណ្ឌិត សេង សារី មាន​ប្រសា​សន៍​ថា ការ​ប្តេជ្ញា​ចិត្ត​លើ​ក្រដាស​ជា​រឿង​មួយ ប៉ុន្តែ​ថា បើ​ការអនុវត្ត​ជា​ក់​ស្តែងក្នុង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្មាន​ប្រសិទ្ធភាព​នោះ វៀតណាម​នៅតែ​បន្ត​ចំណេញ​លើសលុប​ពី​កម្ពុជា​ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឆ្លង​ដែ​ននេះ។

លោក សេង សារី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​វៀតណាម​វិញ គេ​ទទួល​បានផល​ចំណេញ​ពី​កម្ពុជា ៩ពាន់​លាន​ដុល្លារ ​ក្នុង១ឆ្នាំ ហើយ​សិប្បកម្ម​កែច្នៃ​ប្រមាណ​ជាជាង៤០០ កំពុង​ដំណើរការ​កែច្នៃ​ឈើ​ចូល​ពី​កម្ពុជា ហើយក៏​មាន​មនុស្ស​ទទួលផល​ពី​ការកែច្នៃ​ឈើ​ហ្នឹង​រាប់ពាន់​នាក់»។

យ៉ាងណា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បង្ហាញ​របាយការណ៍​អំឡុង​ខែធ្នូ​នេះ​ថា ១១ខែ​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​សរុប​ជាង ៣​ពាន់​​ករណី ​(៣ ៣១២​) ឃាត់ខ្លួន​ជនល្មើស​បាន ២២៨នាក់។

ចំណែក​ក្រសួងបរិស្ថាន បាន​បង្ហាញ​របាយការណ៍​ដែរ​ថា ការ​ចុះ​ល្បាត​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ​រយៈពេល៩ខែ ​ឆ្នាំនេះ ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​បង្ក្រាប​បទល្មើស​បាន​ចំនួន ៩៥៤ករណី និង​រឹបអូស​វត្ថុ​តាង​បាន​មួយចំនួន។

ក្រសួង​គូសបញ្ជាក់​ថា បទល្មើស​ទាំងនេះកើតឡើង​មក​ពី​កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ការ​ទាក់ទាញនិង​ញុះញង់​ពីសំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំ​នួន​មន្ដ្រី​ឧទ្យានុ​រក្ស​នៅ​មានកម្រិត​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ