កូន​ប្រុស​​បី​​រូប​​របស់​​លោក​ សុខ​ អាន​ ត្រូវ​​បាន​​ដំឡើង​​ឋានៈ​​សម្រាប់​​ការ​​បន្ត​វេន​​នៃ​​បក្ស​​កាន់​អំណាច​

(ឆ្វេង) សុខ សង្វារ (កណ្ដាល) សុខ សូកេន និង (ស្ដាំ) សុខ សូកាន ដែលជាកូនប្រុសរបស់លោក សុខ អាន។ (ហ្វេសប៊ុក៖ Sok Sokan, Sok Sangvar និង សុខ សូកេន – Sok Soken)

​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ថ្លែង​ថា ការតែងតាំង​កូនប្រុស៣រូប​របស់​លោក សុខ អាន គឺជាការ​រៀបចំ​ស្នង​ដំណែង​បន្តវេន​ពី​មន្ត្រី​ចាស់​ៗ។

លោក សុខ អាន ដែល​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ២០១៧ គឺជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​ប្រទេស​កម្ពុជា ដែល​​បានកាន់កាប់​ស្ថាប័នរដ្ឋ​ជាច្រើន ហើយ​លោក​ត្រូវ​បាន​គេ​ចាត់ទុកជា​ដៃស្តាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចំនួន៣ដាច់ដោយឡែក​ពីគ្នា​កាលពី​សប្តាហ៍​មុន ព្រះករុណា​សម្ដេច ព្រះបាទនរោត្ដម សីហ​មុនី បាន​ត្រាស់​បង្គាប់​តែងតាំង​លោក សុខ សូ​កាន ​ជារ​ដ្ឋ​លេខាធិការ​នៅ​ក្រសួង​រៀបចំ​ដែនដី លោក សុខ សូកេន ជារ​ដ្ឋ​លេខ​ធិការ​ក្រសួង​ការបរទេស និង​លោក សុខ សង្វារ ជា​អនុរដ្ឋ​លេខាធិការ​នៅ​ក្រសួងទេសចរណ៍។

ការ​ត្រាស់​បង្គាប់​តែងតាំង​កូនប្រុស​ទាំង៣របស់​លោក សុខ អាន នេះ ត្រូវ​បាន​ធ្វើឡើង​ទៅតាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ថ្លែង​ថា៖ «ទីមួយ យើង​ដឹង​ថា គឺ​យើង​ត្រៀមលក្ខណៈ​បន្ត​វេន្ត។ នេះ​សារៈសំខាន់​ណាស់​ ដោយសារតែ​មន្ត្រី​នី​មួយ​ៗហ្នឹង គាត់​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំទៅ​ហើយ ដើម្បី​ត្រៀមលក្ខណៈ​ទាំងអស់​ហ្នឹង។ ការ​ស្នង​តំណែង​នេះ​ជារឿង​សំខាន់​បំផុត ព្រោះ​នៅពេល​មន្ត្រី​ម្នា​ក់ៗ​ឈាន​ដល់អាយុ៧០ឆ្នាំ យើង​រៀបចំ​អ្នកស្នង​តំណែង»។

អ្ន​កនាំពាក្យគណៈបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ថា វា​ជា​ជំហាន​មួយ​នៅក្នុង​គណបក្ស​ដែល​ប្រគល់​អំណាច​ដល់​មនុស្ស​ជំនាន់​ថ្មី។ 

លោក សុខ ឥសាន បាន​បញ្ជាក់​ថា៖ «ការ​កសាង​ជួរ​យុវជន​ជា​ទំពាំងស្នងឫស្សី​ សុទ្ធតែ​ជា​លក្ខណៈ​ដើម្បី​បន្ត​វេន្ត»។

អ្នកវិភាគ​សង្គម លោក សេង សារី បាន​លើកឡើង​ថា ការតែងតាំង​ចុងក្រោយ​នេះគឺជា​ផ្នែក​មួយ​នៃ​ផែនការ​បន្ត​វេនរបស់​គណបក្សប្រជាជន​កម្ពុជា។

លោក សារី បាន​មានប្រសាសន៍​ថា៖ «នេះ​គឺជា​ការផ្ទេរ​អំណាច​ទៅ​មនុស្ស​ជំនាន់​ក្រោយ​នៅក្នុង​គណបក្សប្រជាជន​កម្ពុជា។ មុខតំណែង​ដែល​ផ្តល់​ឱ្យ​មនុស្ស​ជំនាន់​ថ្មី ឆ្លុះបញ្ចាំង​ពី​អំណាច​ដែល​ឪពុក​របស់​ពួក​គេ​មាន»។

លោក​បាន​បន្ត​ថា ពួក​គេ​ផ្ទេរអំណាច​តាមរយៈ​ការងារ​កន្លងមក​របស់​ឪពុក​​ពួក​គេ​នៅក្នុង​រដ្ឋាភិបាល។ ឧទាហរណ៍ ប្រសិនបើ​ពួក​គេ​ជា​កូនប្រុស​របស់​ឧបនាយក​រដ្ឋមន្រ្តី ពួក​គេ​នឹង​ត្រូវ​បាន​តំឡើង​ឋានៈ​ជារ​ដ្ឋ​មន្រ្តី ឬរដ្ឋលេខាធិការ។

លោក សុខ សូ​កាន ដែល​ជាស​មា​ជិ​កស​ភា​មួយ​រូប​នោះ បាន​សិក្សា​រៀនសូត្រ​នៅ​សាកល​វិទ្យាល័យ Columbia នៅ​សហរដ្ឋអាមេរិក មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ លី ខ្វាន់​យូ នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី និង​សាកល​វិទ្យាល័យ​មែ​លប៊ន។

លោក សូ​កេន ដែល​ពីមុន​បាន​បម្រើការ​ងារ​​នៅ​ក្រសួង​ការបរទេសនិង​ពាណិជ្ជកម្ម បាន​សិក្សា​រៀនសូត្រ​នៅ​អូស្ត្រាលី សហរដ្ឋអាមេរិក សិង្ហបុរី និង​ចិន។

លោក សុខ សង្វារ បាន​កាន់​អំ​ណែង​ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​អស់​រយៈពេល៧ឆ្នាំ។

ចំណែក​លោក សុខ ពុទ្ធី​វុធ ដែល​ជា​កូនប្រុស​មួយ​រូប​ទៀត​របស់​លោក សុខ អាន គឺជា​ពាណិជ្ជករ​ដ៏​សំខាន់​មួយ​រូបដែល​បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាលី កូនស្រី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ទន្ទឹមគ្នា​នេះ អ្នកស្រី សុខ សោ​មា កូនស្រី​របស់​លោក សុខ អាន គឺជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Soma Group ដែល​រកស៊ី​ខាង​វិស័យ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល កសិកម្ម និង​អភិវឌ្ឍ​ន៍អចលនទ្រព្យ។

កាលពី​ថ្ងៃ​សុ​ក្រ​សប្ដាហ៍​មុន អ្នកស្រី បាន ស្រីមុំ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​ប៉ៃលិន។ អ្នកស្រី បាន ស្រីមុំ គឺជា​តំណាងរាស្ត្រ និង​ជា​ភរិយា​អតីត​អភិបាលខេត្ត​ប៉ៃលិន លោក អ៊ី ឈាន អតីត​អង្គរក្ស​មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ដែល​បន្ត​ធ្វើសង្គ្រាម​នៅ​ខេត្ត​មួយ​ក្រោយ​ការ​ដួល​រលំ​នៅ​ឆ្នាំ១៩៧៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ