ខេម​បូ​ចា ​​បង្ហាញ​​ក្ដី​​បារម្ភ​​ក្រោយ​​តុលា​ការ​​កំពង់ឆ្នាំង​​ផ្តន្ទា​​ទោស​​ចាង​ហ្វាង​​ស្ថានីយ​​វិទ្យុ​​មួយ​

លោក សុខ ឧត្ដម ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «រិទ្ធិ​សែន» នៅ​ខេត្ត​កំពង់ឆ្នាំង។ (រិទ្ធិសែន ព័ត៌មាន)

​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់ចុះ​នៃ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយពី​តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ផ្តន្ទា​ទោស​ម្ចាស់​ស្ថា​នីយ​វិទ្យុ​មួយ​ដាក់​ពន្ធនាគារ២០ខែ។

ក្នុង​លិខិត​ចំហ​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃម្សិលមិញ​នេះ សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំ​ង បានសម្រេច​ផ្តន្ទា​ទោស​ម្ចាស់​ស្ថានីយ​វិទ្យុ និង​គេហទំព័រ​រិទ្ធិ​សែន លោក សុខ ឧត្តម ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល២០​ខែ និង​ពិន័យ​ជា​ប្រាក់២០លាន​រៀល ទៅ​ឱ្យ​ដើម​បណ្តឹង​ឈ្មោះ នូ សំរិទ្ធ មាន​តួនាទី​ជា​មេបញ្ជា​ការ​​រង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​នោះ។

ខេម​បូ​ចា​ ចាត់ទុក​ការសម្រេច​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅតែ​ទទួលរង​ការ​ធ្វើទុក្ខ​បុកម្នេញ​តាមរយៈ​ប្រព័ន្ធ​តុលាការ ដែល​យក​ច្បាប់ព្រហ្មទណ្ឌ​មក​ប្រើជាជាង​ប្រើប្រាស់​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ខណៈ​យន្តការ​តាមដាននិង​ជំរុញ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​នឹង​មិន​ត្រូវ​បាន​ពង្រឹង។

ករណីនេះ ខេម​បូ​ចា ​អំពាវនាវ​ទៅ​តុលាការ​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេច​សេចក្តី​លើ​សំណុំរឿងលោក សុខ ឧត្តម និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​ប្រាស់​ក្រមព្រ​ហ្ម​ទណ្ឌ​មក​លើ​អ្នកសារព័ត៌មាន ដើម្បី​ធានា​ថា អ្នកសារព័ត៌មាន​ទាំងអស់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​មិន​មាន​ភាព​ភ័យខ្លាច ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

បន្ថែម​ពីនេះ លោក សុខ ឧត្តម បង្ហាញ​ការ​ខកចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​ ថាជា​រឿង​អយុត្តិធម៌ ហើយ​លោក​នឹង​ប្តឹង​ជំទាស់​សាលក្រម​នោះទៅ​សាលាឧទ្ធរណ៍​ផង​ដែរ។

កាលពីដើម​ខែវិច្ឆិកា អង្គការ​សមាគម​ចំនួន៥៧ បាន​ថ្លែង​រួមគ្នា​ថា បច្ចុប្បន្ន អ្នកសារព័ត៌មាន​យ៉ាងហោចណាស់៣នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន ក្នុង​នោះ​រួមមាន លោក សុខ ឧត្តម លោក រស់ សុ​ឃិ​ត និង​លោក រ៉ាត់ រត្ន​មុនី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ស្រដៀងគ្នា​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ពី​បទ​ញុះញង់​ឬបរិហារ​កេរ្តិ៍។

លោក សុខ ឧត្តម ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ម្ចាស់​គេហទំព័រ​ផង​នោះ ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ដោយសារតែ​រាយការណ៍​អំពី​ជម្លោះដីធ្លី ដូចគ្នានឹង​លោក កែវ ហួរ អ្នករាយការណ៍​ឱ្យ​គេហទំព័រ​អ្នកស្នេហាជាតិ​ខ្មែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ