តុលាការ​ខេត្ត​​សៀមរាប​ ផ្តន្ទា​​ទោស​​យុវជន​​ច្រៀង​​រ៉េ​ប​ពីរ​​នាក់​​ពាក់​ព័ន្ធ​​នឹង​​បទ​​ញុះ​ញង់​

យុវជន គា សុគុណ។ (ហ្វេសប៊ុក៖ Sokun Club)

​តុលាការ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ផ្តន្ទា​ទោស​យុវជន​ចំនួន២នាក់ដែលច្រៀង​ចម្រៀង​រ៉េ​បរិះគន់​បញ្ហា​សង្គម ឱ្យ​ជាប់ពន្ធ​នា​គារពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

យុវជន​ទាំងពីរ​នាក់ដែល​មានឈ្មោះ គា សុ​គុណ អាយុ២២ឆ្នាំ និង ឡុង ពុទ្ធា​រ៉ា អាយុ១៧ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួនកាលពី​ខែកញ្ញា ឆ្នាំ២០២០ ក្រោយពី​ពួក​គេ​ច្រៀង​ចម្រៀង​រ៉េ​ប (Rap​) បង្ហោះ​តាម​បណ្ដាញ​សង្គម រៀបរាប់​ពី​ការឈឺចាប់​រឿង​អយុត្តិធម៌​សង្គម សេដ្ឋកិច្ច​ធ្លាក់ចុះ ពលរដ្ឋ​ចំណាកស្រុក បញ្ហា​ព្រំដែន និង​សង្គមជាតិ​ទន់ខ្សោយ ជាដើម។ 

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង មានប្រសាសន៍​ថា ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេច​ផ្ដន្ទាទោសយុវជន គា សុ​គុណ ឱ្យ​ជាប់ពន្ធ​នា​គារ ១ឆ្នាំ ៦ខែ ដោយ​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធ​នា​គារ ១ឆ្នាំ និង​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ។ 

សម្រាប់យុវជន​មួយ​រូប​ទៀត ឈ្មោះ ឡុង ពុទ្ធា​រ៉ា អ្នកនាំពាក្យ​រូប​នេះ​ថា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធ​នា​គារ ៥ខែ ដោយ​កំពុង​អនុវត្ត​ទោស ៣ខែ ១៣ថ្ងៃ និង​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ ។

លោក​បាន​បញ្ជាក់​ថា៖ «គា សុ​គុណ ត្រូវ​បាន​ផ្តន្ទាទោស​ដាក់គុក១ឆ្នាំ៦ខែ តែ​អនុវត្ត​ទោស​ពន្ធនាគារ១ឆ្នាំ។ ឡុង ពុទ្ធា​រ៉ា ដាក់គុក៥ខែ តែ​អនុវត្ត ៣ខែ​១៣ថ្ងៃ»។

អ្នកស្រី គា ចាន់​ណា ជា​បងស្រី​របស់​យុវជន គា សុ​គុណ បាន​ថ្លែង​ថា គ្រួសារ​របស់​គាត់​មានការ​សោក​ស្តាយ​ចំពោះ​ការសម្រេច​របស់​តុលាការ និង​ចាត់ទុក​ការសម្រេច​បែបនេះថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្អូនប្រុស​របស់​អ្នកស្រី ខណៈ​អ្នកស្រី​ថា ប្អូនប្រុស​របស់​គាត់​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់។

អ្នកស្រី​បាន​បន្ត​ថា៖ «ក្នុងនាម​គាត់ជា​អ្នក​ស្រឡាញ់​ជាតិ និង​ចង់​ជួយ​ដល់​សង្គមជាតិ ហើយ​ចង់ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ខ្ញុំ​គិតថា អាជ្ញាធរ​គួរ​យក​ប្អូនប្រុស​របស់ខ្ញុំមក​អប់រំនិង​ណែនាំ​បន្ថែម ប៉ុន្តែ​បែរជា​មិន​លើកស្ទួយ ​ថែមទាំង​បំបាក់ស្មារតី ដែល​ធ្វើ​ឱ្យ​បាក់ទឹកចិត្ត​និង​បំបាក់ស្មារតី»។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តសៀមរាប លោក សរ វណ្ណា​រ៉ា មានប្រសាសន៍​ថា ការ​ច្រៀង​ចម្រៀង​រ៉េ​បរ​បស់​យុវជន​ទាំងពីរ​រូប​នេះ ជា​សិទ្ធ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួក​គាត់ ក៏ប៉ុន្តែ​ភាគី​ខាង​ក្រសួងព័ត៌មានយល់ថា ការ​បញ្ចេញមតិ​នេះបាន​ប៉ះពាល់​ទៅលើ សន្តិសុខ​សង្គម។

លោក​យល់ថា៖ «ការដែល​យើង​ធ្វើបែប​នេះ ​[តុលាការ​សម្រេច​ផ្តន្ទា​ទោស​លើ​យុវជន​ទាំងពីរ​រូប​នេះ​] ដូចជាបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ផ្សេងទៀតមិន​ឱ្យ​បញ្ចេញមតិ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋមានការ​ភ័យខ្លាច មិន​ហ៊ាន​បញ្ចេញមតិ»។ 

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក សឹង សែន​ករុណា មានប្រសាសន៍​ដែរ​ថា ការដែល​តុលាការ​សម្រេច​ដាក់ទោសទៅលើ​យុវជន​ទាំង​ពីនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការ​សម្តែង​មតិដែល​ធានា​ដោយ​ច្បាប់​ជាតិនិង​អន្តរជាតិ ហើយ​វិធានការ​បែបនេះនឹង​ធ្វើ​ឱ្យ​ប្រជា​ពលរ​ដ្ឋ​ផ្សេងទៀតមានការ​ភ័យខ្លាចក្នុង​ការ​សម្តែង​មតិ​អំពី​បញ្ហា​សង្គម។

លោក​បាន​បញ្ជាក់​ថា៖ «កាលណា​យើង​ដាក់ទោស​ទណ្ឌ​ទៅលើ​ការ​បញ្ចេញមតិរបស់​ប្រជាពលរដ្ឋ វា​បង្ហាញថា រដ្ឋាភិបាល​មានការ​រឹត​ត្បិត ​ហើយវា​ប៉ះពាល់​ដល់​ការដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ»។

អំឡុង​ពេល​សវនាការ​របស់​អ្នក​ទាំងពីរ យុវជន ពុទ្ធា​រ៉ា បាន​យល់ស្រប​ជាមួយ​មេធាវី​តំណាង​ក្រសួងវប្បធម៌ ដែល​ជា​ដើម​បណ្តឹង​ថា វា​ជា​កំហុស​របស់​ខ្លួន​នៅពេល​ចេញផ្សាយ​ចម្រៀង​អំពី​បញ្ហា​សង្គម​ទាំងនេះ ខណៈ​ដែល​យុវជន សុ​គុណ នៅតែ​រក្សា​ជំហរ​របស់​ខ្លួន​ថា លោក​គ្មានអ្វី​ត្រូវ​សុំទោស​នោះ​ទេ និង​បាន​បដិសេធ​នូវ​ការ​លើកឡើង​របស់​មេធាវី​តំណាង​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ផង​ដែរ ។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​សំណុំរឿង​នេះ​ពី​លោក​មេធាវី ញាន សុ​មុ​ន្និ​ន្ទ តំណាង​ឱ្យ​ក្រសួងវប្បធម៌ ដែល​ជា​ដើម​បណ្តឹង​បានទេ។

លោក សំ ទិត្យ​សីហា មេធាវី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​ការពារ​ក្តី​ឱ្យ​យុវជន គា សុ​គុណ បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ​ថា ក្នុងអំឡុងពេល​សវនា​ការ កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ​ថា លោក​ចៅក្រម​និង​ព្រះ​រាជអាជ្ញាបាន​ពិនិត្យ​អត្ថន័យ​បទចម្រៀង​មួយចំនួន​របស់​យុវជន​ទាំងពីរ​រូប និង​បាន​សួរដេញដោល​ទៅលើ​ខ្លឹមសារ​បទចម្រៀង​ទាំងនោះ ក្នុង​នោះ​មាន​ពាក្យ​ថា «ក្រោក​ឡើង» ដែល​តុលាការ​ចាត់ទុកថា ជា​ពាក្យ​អុចអាល​ឱ្យ​ប្រជាពលរដ្ឋ​ងើបឡើង ប្រឆាំង​នឹង​អាជ្ញាធរឬរាជរដ្ឋាភិបាល។

បើ​តាម​មេធាវី​រូប​នេះ បទចម្រៀង​រ៉េ​បមួយ​ចំនួន​ដែល​យុវជន​ទាំងពីរ​នាក់​បាន​ច្រៀង និង​នាំ​ឱ្យ​ឈានទៅ​រង​ការចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​នោះ រួមមាន ចំណងជើង «សាសន៍​កំសត់» និង «ដីខ្មែរ» ដែល​មាន​អ្នក​ចូល​មើល​ជាង២លាន​ដង​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប (YouTube)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ