អង្គការ​​លី​កាដូ​៖​ ៣​ឆ្នាំ​​កន្លង​មក​​នេះ​ អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស​​នៅ​តែ​​រង​​ការ​​គំរាម​កំហែង​​ពី​សំណាក់​​អាជ្ញា​ធរ​​រដ្ឋ​​

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិ​ទិ្ធ​មនុស្ស លី​កាដូ បានឱ្យ​ដឹង​ថា រយៈពេល៣ឆ្នាំ​កន្លងមក​នេះ អាជ្ញាធរ​រដ្ឋាភិបាល បន្ត​បង្ក្រាប ចាប់​ឃុំខ្លួន និង​រឹតត្បិត​សេរីភាព​របស់​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង សកម្មជន អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្ស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ។

ក្នុង​របាយការណ៍​របស់​អង្គការ​លី​កាដូ ចេញផ្សាយ​នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ដែល​មាន​ចំណងជើង​ថា “ការ​តស៊ូ​ដើម្បី​សេរីភាព៖ ការរំលោភ​បំពាន​អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្ស ២០១៨​-២០២០​” បញ្ជាក់​ថា រយៈពេល៣ឆ្នាំ​កន្លងមក​នេះ តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP​) ហើយ​អាជ្ញាធរ​បាន​បន្ត​ធ្វើការ​បង្ក្រាបនិង​រឹតត្បិត​សេរីភាព​របស់​ព្រះសង្ឃ សកម្មជន និង​អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្ស​ដែល​មិនមែន​ជា​អ្នកនយោបាយ បណ្តាល​ឱ្យ​ពួក​គេ​កាន់តែ​ងាយ​រងគ្រោះ​​ខ្លាំង​ជាង​មុន។

របាយការណ៍​នោះ បាន​លើកឡើង​ពី​អ្នក​ដែល​រងគ្រោះ​ពី​ការរំលោភ​បំពាន​សិទ្ធិ​ទាំងនោះ រួមមាន មេដឹកនាំ​សហជីព​មួយ​រូបគឺ​លោក រ៉ុង ឈុន ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​ការពារ​បរិស្ថាន​ប្រមាណ​ជិត១០នាក់​ទៀត។

របាយការណ៍​ដដែល ឱ្យ​ដឹង​ទៀត​ថា អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្សជា​ច្រើន បាន​លះបង់​ពេលវេលា​ជាច្រើន​ឆ្នាំ រស់នៅ​យ៉ាង​លំបាក​ក្នុង​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន ខណៈ​អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្ស​ផ្សេងទៀតប្រឈម​ទៅ​នឹង​ការ​វាយដំ​លើ​រូបរាងកាយនិង​គំរាមកំហែង​ដល់អាយុ​ជីវិត​ជាដើម។ 

របាយការណ៍​របស់​លី​កាដូ ក៏បាន​លើកឡើង​ដែរ​ថា ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ជាច្រើន ត្រូវ​បាន​អនុម័ត​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាន​រឹតត្បិត​នូវ​សេរីភាពនិង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​កាន់តែ​ខ្លាំង ខណៈ​ច្បាប់​ទាំងនោះត្រូវ​បាន​អនុវត្ត​ដោយ​តុលាការដែល​សាធារណជន​យល់ថា មិន​មាន​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ។ អង្គការ​នេះ​បន្ត​ថា ស្ថានភាព​នេះបាន​ធ្វើ​ឱ្យ​បាត់បង់​ស្ទើរ​ទាំងស្រុង​នូវ​លំហ​សិទ្ធិ​សេរីភាព​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស។ 

របាយការណ៍​ដដែលបាន​ផ្តល់​អនុសាសន៍​ជូន​រដ្ឋាភិបាលនិង​អាជ្ញាធរ​រដ្ឋ ឱ្យដោះលែង​អ្នកការពារ​សិទ្ធិមនុស្សដែលកំ​ពុង​ជាប់ពន្ធ​នា​គារ​ដោយ​មិន​ត្រឹមត្រូវ ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ការ​គំរាមកំហែង​និង​ការរំលោភ​បំពាន​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​ផ្តន្ទា​ទោស​ជនល្មើស​ទៅតាមច្បាប់។ 

ជា​អនុសាសន៍​បន្ត អង្គការ​លី​កាដូ បាន​ជំរុញ​ឱ្យ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​មិន​ត្រឹមត្រូវ​ទៅលើ​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ លុបចោល​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ ជាដើម។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​បន្ថែម​លើ​របាយការណ៍​នេះ​ថា បើ​អាជ្ញាធរ​នៅតែ​បន្ត​គំរាមកំហែង​លើ​មន្ត្រី​អតីត​បក្ស​ប្រឆាំង សកម្មជន មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកតស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។ 

លោក​មានប្រសាសន៍​ថា៖ «សហគមន៍​អឺរ៉ុបដែលគេ​ទាមទារ​ឱ្យ​កម្ពុជា​ស្តារ​ឡើងវិញនូវ​លទ្ធិប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​កន្លងមក ហើយ​រហូតដល់​គេ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​[EBA​] ២០​% បើសិនជា​លទ្ធផល​នៃ​ការ​ប៉ះពាល់​របៀប​នេះ វា​ធ្វើ​ឱ្យ​កម្ពុជា​យើង​មានការ​ខាតបង់ ដូច​ករណី​សហគមន៍​អឺរ៉ុប​ [ដក​ការ​អនុគ្រោះ​ពន្ធ​] ដូច​បញ្ហា​ផ្សេង​ៗ ហើយ​ពេល​ខាងមុខ ក៏​យើង​បារម្ភ​ទាក់ទង​នឹង GSP របស់​សហរដ្ឋអាមេរិក​ជាដើម​ផង​ដែរ»។

លោក សំអាត ផ្តល់​ជា​អនុសាសន៍​ថា រដ្ឋាភិបាលនិង​ភាគី​អន្តរជាតិត្រូវ​យក​បញ្ហា​ប្រឈម​នានា​ដាក់លើ​តុ ជជែកគ្នា​រក​ដំណោះស្រាយ​រួម ដើម្បី​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្សស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ទើប​ធ្វើ​ឱ្យ​កម្ពុជា​រួចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុបនិង​ប្រទេស​មហាអំណាច។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ​លី​កាដូមិន​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់​នោះ​ទេ។ ចំណែកការ​ផ្តល់​អនុសាសន៍​ឯណោះ​វិញ រដ្ឋាភិបាល​មិន​ទទួលយក​នោះ​ទេ ដោយសារ​មិន​បង្ហាញ​ពី​ការពិត​ជាក់ស្តែង។

លោក​មានប្រសាសន៍​ថា៖ «សង្គម​ស៊ីវិល​ចង់ឱ្យ​មានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស កុំ​ធ្វើការ​រឹត​ត្បិត ធ្វើទុក្ខ​បុកម្នេញ។ យើង​អត់​ធ្វើទុក្ខ​បុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស​អ្វី​ទេ ការអនុវត្ត​ច្បាប់​ដូចគ្នា​ទាំងអស់ អ្នក​ឯង​ប្រព្រឹត្ត​បទល្មើស ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ អត់មាន​អភ័យ​ឯកសិទ្ធិ​ពិសេស​ជាងគេជាង​ឯង​នោះ​ទេ»។ 

អ្នកនាំពាក្យ​រូប​នោះបញ្ជាក់​ថា ចំពោះ​រឿង​សហគមន៍​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយសារ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​តំបន់ មិន​មែ​នបញ្ហាការ​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំមុខ​គេ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយពី​ការបោះឆ្នោត​មួយ​របស់​កម្ពុជា​អំឡុង​ឆ្នាំ២០១៨ ដែល​បាន​ផាត់​អតីត​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ។

សហភាព​អឺរ៉ុប​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ​ ថារយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​នីតិរដ្ឋ។

បញ្ហា​នេះ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បាន​អនុវត្ត​វិធាន​យកពន្ធ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា ជា​វិធានការ​ដំបូង​ក្នុង​ការជំរុញ​រដ្ឋាភិបាល​ឱ្យ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ