ប្រជាពលរដ្ឋបោះសំរាមចូលព្រែកដោយសារមិនមានកន្លែងទុកដាក់

សំរាមនៅក្នុងព្រែកតាគង់ នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០។ រូប ដោយ អាន វិចិត្រ

ប្រជាពលរដ្ឋបោះសំរាមចូលក្នុងព្រែកតាគង់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ កណ្តាល ដោយពួកគាត់អះអាងថា មិនមានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ ហើយពួកគាត់ក៏ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហានេះ។​

ប្រជាពលរដ្ឋដែលចោលសំរាមនៅក្នុងព្រែកនេះថ្លែងថា ពួកគាត់ដឹងពីផលប៉ះពាល់ដូចជា មានក្លិនស្អុយ កើតជំងឺរមាស់ ទឹកប្រើលែងកើត លែងមានត្រី ថង់ប្លាស្ទិចគ្រប់លើដីដាំដំណាំជាដើម។​ ប៉ុន្តែពួកគាត់ថា មិនមានជម្រើសផ្សេងទេព្រោះគ្មានកន្លែងចោលសំរាម។​

អ្នកលក់កាហ្វេនៅក្បែរស្ពានព្រែកតាគង់លោក ស៊ិន ថា ថ្លែងថា ប្រជាពលរដ្ឋនៅក្បែរស្ពានធំក្លិនស្អុយ ហើយពិបាកសម្រាប់អ្នកធ្វើដំណើរតាមទូក។​

លោក ស៊ិន ថា «វាធំក្លិន ហើយប្រជាពលរដ្ឋគាត់ធ្វើស្រែចំការណឹង អាស្បោងអីណឹងឱ្យតែហូរចូលដីគាត់ណឹងចប់ហើយ។ វាស្ទះផ្លូវចេញចូលទូកប្រជាជន បើប្រជាជនត្រូវចេញរកស៊ីត្រូវកាយសំរាមណឹង ពីរទៅបីថ្ងៃបានចេញ។ ផ្លូវទឹកណឹងនៅប្រើទូកចេញចូលរហូត»។​

លោក ស៊ិន ថា ថ្លែងថា សម្រាប់រូបគាត់ និងអ្នកភូមិនៅទីនោះចង់ឱ្យអាជ្ញាធររៀបចំឱ្យមានរថយន្តដឹកសំរាមហើយពួកគាត់ស្ម័គ្រចិត្តបង់លុយសេវានោះ។​

លោក ស៊ិន ថា៖«ចង់ឱ្យមានឡានដឹកមក ២ថ្ងៃមកម្តងក៏បានដែរ។ យើងចងថង់ខ្មៅឱ្យស្អាត ហើយបោះឡើងឡានទៅ។ យើងអាចនិយាយថ្លៃគ្នាទៅថា យកប៉ុន្មានអីប៉ុន្មាន»។​

ពលរដ្ឋម្នាក់ទៀត លោក ពេជ្រ សារិន ថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយសំរាមចេះតែកើនឡើង។ លោកថា បញ្ហាសំរាមនេះប៉ះពាល់ច្រើនដល់អ្នករស់នៅក្បែរនោះ។​

លោក ពេជ្រ សារិន៖«នាំឱ្យស្អុយ នាំឱ្យខូចបរិស្ថាននៅជុំវិញហ្នឹង ប៉ះពាល់ដល់ក្មេងៗកើតជំងឺរមាស់ សំបូរមូសទៀត ទឹកស្អុយចឹង»។​

សំរាមនៅក្នុងព្រែកតាគង់ នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០។ រូប ដោយ អាន វិចិត្រ

មេឃុំសំពៅពូនលោក អ៊ុក ស្រ៊ន ថ្លែងថា អាជ្ញាធរបានដឹងពីបញ្ហានេះហើយកំពុងតែរៀបចំឱ្យមានដំណោះស្រាយឱ្យបានឆាប់ដោយរៀបឱ្យមានរថយន្តដឹកសំរាម និង មានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ។​លោកបន្តថា អាជ្ញាធរក៏អប់រំឱ្យពលរដ្ឋចេះរៀបចំសំរាមឱ្យត្រឹមត្រូវនៅពេលមានរថយន្តដឹកជញ្ជូន។​

លោក អ៊ុក ស្រ៊ន៖«គិតថាឱ្យតែគាត់ច្រកឱ្យសិន ដាក់នៅទីតាំងណាកន្លែងណាសិនទៅ។ ចំណែកថ្លៃថ្នូរអីចាំយើងអន្តរាគមន៍ជាមួយអ្នកប្រមូលសំរាមហ្នឹង»។​

បើតាមលោក អ៊ុក ស្រ៊ន ឱ្យដឹងថា អាជ្ញាធរក៏ធ្លាប់រៀបចំឱ្យមានរថយន្តដឹក និងកន្លែងដុតសំរាមដែរ ប៉ុន្តែបញ្ហាកន្លែងនោះត្រូវទឹកលិចនៅខែវស្សាក៏ផ្អាកវិញទៅ។​

តាមប្រជាពលរដ្ឋនៅទីនោះអះអាងថា រយៈពេលប្រមាណ៥ឆ្នាំហើយ ដែលពលរដ្ឋមិនមានកន្លែងចោលសំរាមហើយ នាំគ្នាយកទៅចោលក្នុងព្រែកតាគង់នេះ។ នៅក្បែរនោះមានផ្សារមួយឈ្មោះផ្សារកោះទាវ អ្នកលក់ដូរនៅក្នុងផ្សារនោះក៏យកសំរាមបោះចូលក្នុងព្រែកនេះដែរ៕​

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ