សាលា​ឧទ្ធរណ៍​​បដិ​សេ​ធ​បណ្តឹង​​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​ក្រុម​​យុវជន​​ខ្មែរ​​ថាវរៈ​ និង​​សកម្ម​​ជន​​ចំនួន​៧​នាក់​

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)

​តុលាការ​សាលាឧទ្ធរណ៍ បដិសេធ​លើ​បណ្តឹ​ងនៃ​ដី​កាដំ​ណោះ​ស្រាយ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​និង​សកម្មជន​សង្គម​ ចំនួន៧នាក់ ដែល​ស្នើសុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំនិង​រួចផុត​ពី​ការ​ត្រួតពិនិត្យ​របស់​ស្ថាប័ន​តុលាការ។

ក្រោយពី​សវនា​ការ​អសាធារណៈ​រយៈពេល​ប្រហែល១ម៉ោង នៅ​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោក សំ ចំរើន មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ប្រាប់​វី​អូ​ឌី​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េ​ង សម្រេច​បដិសេធ​លើ​សំណើ​របស់​កូន​ក្តី​លោក ដែល​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំនិង​រួចផុត​ពី​ការ​ត្រួតពិនិត្យ​របស់​ស្ថាប័ន​តុលាការ។ 

លោក​បន្ត​ថា ការ​បដិសេធ​នេះត្រូវ​បាន​ប្រធាន​ក្រុមជំនុំ​ជម្រះលើក​ហេតុផល​ថា មេធាវី​ជនជាប់ចោទមិនបាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​ឱ្យ​ត្រូវ​នឹង​ចំណុច​នៅក្នុង​ដីកា​របស់​តុលាការ។

លោក​ពន្យល់​ដូច្នេះ​ថា៖ «តុលាការ​សម្រេច​ថា បណ្តឹង​ឧទ្ធរណ៍​យើង​មិន​អាច​ទទួលយក​បាន គេ​ថា​យើង​ប្តឹង​ឧទ្ធរណ៍​តែ​លើ​ដី​កាដំ​ណោះ​ស្រាយ រឿង​ដែល​បញ្ជូន​ទៅ​ជំនុំ​ជំ​ម្រះ អត់​បាន​ប្តឹង​ឧទ្ធរណ៍​ និង​ដី​កាដំ​ណោះ​ស្រាយ​ដែល​រក្សា​ជន​ត្រូវ​ចោទ​បន្ត​ឃុំ គេ​ទាមទារ​ឱ្យ​យើង​ប្តឹង​ឱ្យ​ចំ​ដីកា តែ​ដីកា​មួយទៀត​តាមផ្លូវ​ច្បាប់​ អត់មាន​តម្រូវ​ឱ្យ​ជូនដំណឹង​ទេ។

លោក​បន្ថែម​ថា៖ «តាមផ្លូវ​តុលាការ គឺ​តុលាការ​គេ​ជូនដំណឹង​តែ​ដី​កាដំ​ណោះ​ស្រាយ​ទេ យើង​យល់ថា យើង​មិន​អាច​ទទួលយក​បាន​នូវ​ការសម្រេច​បែបហ្នឹង យើង​គិតថា យើង​ប្តឹង​ឧទ្ធរណ៍​ក្នុង​ដី​កាដំ​ណោះ​ស្រាយ វា​ដូច​យើង​ប្តឹង​ឧទ្ធរណ៍​នៅ​លើ​ចំណុច​ទាំងមូល​នៃ​រឿង​ក្តី​អញ្ចឹង»។

កញ្ញា ឈឿន ដារ៉ា​វី ដែល​ជា​យុវតី​ខ្មែរ​ថាវរៈ​មួយ​រូបក្នុងចំណោម​អ្នកជាប់ឃុំ៦នាក់​ផ្សេងទៀត បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​វី​អូ​ឌីនៅ​ក្រៅ​បន្ទប់​សវនាការ​ថា ការសម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ដែល​មិន​អនុ​ញ្ញាត​ឱ្យ​ពួក​គេ​មាន​សេរីភាព​វិញ ជា​រឿង​អយុត្តិធម៌ ដោយ​ថា ពួក​គេ​មិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។

បន្ថែម​ពីនេះ កញ្ញា ដារ៉ា​វី ក៏បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​មួយចំនួន​នៅក្នុង​ពន្ធនាគារ ដូចជា ការរស់នៅ​មិន​មាន​អនាម័យ និង​បន្ទប់​តូច​ចង្អៀត ​ជាដើម។ ករណីនេះ កញ្ញា​ទទូច​ទៅ​តុលាការ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាពនិង​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

យ៉ាងណាក៏ដោយ វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឃុន លាង​ម៉េ​ង បានទេ​នៅ​ថ្ងៃនេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ សមាជិកសមាគម​សម្ព័ន្ធ​និ​សិត្សប​ញ្ញ​វន្ត​ខ្មែរ រួម​នឹង​សកម្មជន​សង្គម ចំនួន៧រូប រួមមាន ឈ្មោះ ថា ឡា​វី​, កើត សារ៉ាយ​, មាន ព្រហ្ម​មុនី​, អេង ម៉ាឡៃ​, មួង សុ​ភ័ក្ត្រ​, ហ៊ុន វណ្ណៈ និង​កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់ កាលពី​អំឡុង​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ២០២០ ជុំវិញ​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់ខ្លួនកាលពី​ចុងខែ​កក្កដាកន្លងមក ជុំវិញ​ការ​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គេ ក្រោយ​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-វៀតណាម។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមា​គម​អាដ​ហុក លោក សឹង សែន​ករុណា មានប្រសាសន៍​ថា សំណុំរឿង​យុវជន​ខ្មែរ​ថាវរៈ​ មិន​អាច​មាន​ពន្លឺយុត្តិធម៌​ទេ បើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​ដំណើរការ​ល្អ ហើយ​មិន​មាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល។

លោក​មានប្រសាសន៍​ថា៖ «ការសម្រេច​មិន​ដោះលែង​ពួក​គាត់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ទាំងអស់ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ពីព្រោះ​យើង​ឃើញ​ហើយ កន្លងមក វា​ទាល់តែ​មាន​ស្ថានភាព​នយោបាយ​ធូរស្រាល មានការ​បើកភ្លើង​ខៀវ​ពី​ប្រមុខ​រដ្ឋាភិបាល បាន​យើង​ឃើញ​មានការ​ដោះលែង​ជា​ប្រព័ន្ធ ប៉ុន្តែ​បើសិនជា​ស្ថានភាព​នយោបាយនិង​ស្ថានភាព​សិទ្ធិមនុស្ស​ដូចសព្វថ្ងៃ​នេះ ខ្ញុំ​គិតថា វា​អត់​ទាន់​មាន​សញ្ញាណ​ណាមួយដែល​ផ្តល់​នូវ​ភាព​វិជ្ជមាន​ទៅដល់​សំណុំរឿង​ពួក​គាត់​ទេ»។

បើ​តាម​មេធាវី សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនា​ការ​កាត់សេចក្តី​លើ​សំណុំរឿង​យុវជន​ទាំង៧នាក់​នេះ នៅ​ថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ