សវនា​ការ​​បណ្ដឹង​សុំ​​នៅ​​ក្រៅ​​ឃុំ​​របស់​​ក្រុម​​យុវជន​​ខ្មែរ​​ថាវរៈ​ប្រព្រឹត្ត​ទៅ​​ដោយ​​គ្មាន​​វត្តមាន​​របស់​​ពួក​​គេ​​

ព្រះតេជគុណ កើត សារ៉ាយ និងលោក មួង សុភ័ក្រ។ (Khmer Thavrak – ខ្មែរថាវរៈ)

មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ៥នាក់ បាន​ស្នើ​ទៅ​សា​លា​ឧទ្ធ​រណ៍​ឱ្យ​ដោះលែង​កូនក្ដី​លោក​នៅ​ក្រៅ​ឃុំ ដោយ​ថា កូនក្ដី​លោក​ទាំងអស់​នឹង​បង្ហាញខ្លួន​គ្រប់​នីតិវិធី​របស់​តុលាការ ប៉ុន្តែលោក​ថា តំណាង​អយ្យការ​ទាមទារ​ទៅ​ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​នេះឱ្យរក្សា​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ទាប។

លោក សំ ចំរើន មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៥នាក់ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សវនាការ​នៅ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ពិចារណា​លើ​បណ្ដឹង​ជំទាស់​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈដែល​ទាមទារ​សុំ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បដិសេធ​កន្លងមក​នោះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ រួមមាន លោក ថា ឡា​វី, កើត សារ៉ាយ​, ព្រហ្ម មុ​ន្នី​, អេង ម៉ាឡៃ​, មួង សុ​ភ័ក្ត្រ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់ ​ជុំវិញ​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុងខែ​កក្កដា​កន្លងមក​ ជុំវិញ​ការ​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គេ ក្រោយ​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​។

លោក សំ ចំរើន បាន​ប្រាប់​ថា គ្មាន​កូនក្ដី​លោក​ណា​ម្នាក់មានវត្តមានក្នុង​បន្ទប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃនេះ​ទេ ដោយ​លោក​ថា មន្ត្រី​ពន្ធនាគារ​មិនបាន​បញ្ជូន​ពួក​គេ​ទៅ​ចូលរួម​ក្នុង​សវនាការ​ឡើយ ដោយសារ​មិនបាន​ទទួល​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន។

មេធាវី​រូប​នេះបានឱ្យ​ដឹង​ថា លោក​បាន​ស្នើ​ទៅ​ចៅក្រម​សាលាឧទ្ធរណ៍​ឱ្យ​ពិចារណានិង​សម្រេច​ដោះលែង​កូនក្ដី​លោក​ទាំង៥នាក់ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក​ថា កូនក្ដី​លោក​ប្ដេជ្ញា​ចូលរួម​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​របស់​តុលាការ។

លោក សំ ចំរើន មានប្រសាសន៍​ថា៖ «នៅក្នុង​ច្បាប់​ ជន​ត្រូវ​ចោទ​ត្រូវ​មាន​សេរីភាព ទីលំនៅ មុខរបរ ព្រោះ​ពួក​គេ​សន្យា​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ ហើយ​ចំណុច​សំខាន់​នៅក្នុង​មាត្រា២០៥ យើង​ព្យាយាម​បង្ហាញថា យើង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើសុំ​អនុ​ញ្ញាតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន»។

បើ​តាម​មេធាវី​រូប​នេះ នៅក្នុង​សវនាការ​ព្រឹកមិញ​នេះ តំណាង​អយ្យការ អ្នកស្រី យិន សុ​គន្ធា​រី បាន​ជំទាស់​នឹង​ការ​ទាមទារ​នេះ ហើយ​បាន​ស្នើ​ទៅ​ចៅក្រម​សាលាឧទ្ធរណ៍​តម្កល់​ដីកាសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ដែល​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា កុំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម។

លោក សំ ចំរើន បានឱ្យ​ដឹង​ទៀត​ថា សេចក្ដីសម្រេច​លើ​ករណីនេះ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​កំណត់​ប្រកាស​នៅ​ព្រឹក​ថ្ងៃសុក្រ​ក្នុង​សប្ដាហ៍​នេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៣ ខែសីហា​ បន្ទាប់ពី​ពួក​គេ​បាន​ចូលរួម​ការ​តវ៉ា​ជាបន្តបន្ទាប់ ដែល​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតដែល​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ អះអាង​ថា ការ​បន្ត​ឃុំខ្លួន​ក្រុម​យុវជន​ទាំង៥នាក់​នោះ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ ដោយសារតែ​ពួក​គេ​គ្រាន់តែ​ជួបជុំ​សម្ដែង​មតិ​តែប៉ុណ្ណោះ។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «ការសម្រេច វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ប៉ុន្តែបើសិនជា​យើង​មើល​ទិដ្ឋភាព​ទូទៅ កន្លងមក ​ទិដ្ឋភាព​នៃ​ការរិះគន់ ស្តែង​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ ក៏ដូចជា​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ជាដើម ខ្ញុំ​គិតថា អ្នក​ទាំងអស់​នោះ​មិនបាន​នៅ​ក្រៅ​ឃុំ​ ក៏​ជា​បន្ទុក​ការរិះគន់​បន្ថែម​ទៀត​ដែរ​ ទាក់ទង​នឹង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ