សកម្ម​ជន​និង​សាច់​ញាតិ​​អតីត​​បក្ស​ប្រឆាំង​រង​ហិង្សា​លើ​រាង​កាយ​ ​ស្នើ​​សមត្ថ​កិច្ច​​ចាប់​ជន​ល្មើស​មក​​ផ្ដន្ទា​ទោស​

អតីតសមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​ច្បារអំពៅ​ទី​២ រាជធានី​ភ្នំពេញ លោក ជឿន សារឹម ក្នុងពិធីរំឭកខួបលោក កែម ឡី កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ ជឿន សារឹម)

ម្ដាយកូនប្រុសអតីតសកម្មជន​បក្សប្រឆាំង ស្នើទៅ​សមត្ថកិច្ចចាប់ខ្លួនជនល្មើសដែលវាយកូនប្រុសរបស់ខ្លួន ខណៈអតីតសកម្មជន​បក្សប្រឆាំងម្នាក់ទៀតកំពុងគេចខ្លួន បន្ទាប់ពីជនមិនស្គាល់មុខវាយឱ្យរងរបួសក្នុងថ្ងៃជាមួយគ្នា។

អ្នកស្រី សំ ចិន្តា​ ភរិយាអតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ ដែល​កំពុង​ជាប់ឃុំ​នៅ​ព្រៃ​ស ប្រាប់វីអូឌីនៅថ្ងៃនេះថា កូនប្រុសរបស់គាត់​ត្រូវ​បានជន​មិន​ស្គាល់​អត្តសញ្ញាណបី​នាក់វាយនឹងដំបងឈើ បណ្តាល​ឱ្យ​បែកក្បាល ត្រូវ​​ថ្ពាល់ និងភ្នែក កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែធ្នូ ខណៈកំពុង​ជិះ​កង់ហាត់ប្រាណ​តាម​ផ្លូវ​ជាមួយមិត្តភក្តិ។

អ្នកស្រីបន្តថា កូនប្រុសរបស់គាត់ឈ្មោះ កែវ សុខសិរី ទើបអាយុ១៦ឆ្នាំ មិនដែលមានជម្លោះជាមួយអ្នកណាឡើយកន្លងមក។ 

អ្នកស្រីថា៖ «សូមឱ្យអាជ្ញាធរជួយរកយុត្តិធម៌ឱ្យកូនគាត់ផង ព្រោះ​កូនខ្ញុំមិនបានធ្វើអីខុសទេ»។

អ្នកស្រី សំ ចិន្តា បន្តថា គ្រួសារគាត់មិនទាន់ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចទេ ព្រោះគាត់បារម្ភពីសុវត្ថិភាពកូន ដោយសារមកដល់ពេលនេះ កូនប្រុសគាត់មិនទាន់បានធូរស្បើយ ខណៈគ្រូពេទ្យកំពុងធ្វើការតាមដានបន្តទៀត។

អ្នកស្រីថា៖ «វាឈឺពេញក្បាលទាំងអស់ ​គេវាយត្រូវក្បាល​ ក្បាលហ្នឹង បើនិយាយទៅខ្លាំងមែនទែន វាផតលលាដ៍ហ្នឹងផង ពេទ្យគេកំពុងតាមដានមើល មានឈាមកកក្នុងខួរក្បាលឬអត់ »។

យុវជន ឡា ម៉េងលី ដែលត្រូវជាមិត្តភក្តិ និងជិះកង់ជាមួយជនរងគ្រោះ​ រៀបរាប់ថា នៅល្ងាចថ្ងៃកើតហេតុ​ ពួកគាត់ទាំងពីរនាក់បានជិះកង់ហាត់ប្រាណ​ពីផ្ទះ នៅភូមិសាលាឃុំ ឃុំពពេល ទៅភូមិសេះឡាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ យុវជនរូបនេះបន្ត​ថា ពេលជិះកង់ហត់ ពួកគេក៏សម្រាកបន្តិច ស្រាប់តែមានបុរស៣នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ជិះម៉ូតូមកឈប់នៅទីនោះដែរ ហើយ​​ក៏វាយ​ជនរងគ្រោះតែម្តង។

លោកថា៖ «វា [ជនបង្ក] ដកបង្គោលរបងវាយ [ជនរងគ្រោះ] អត់ដែលស្គាល់ផង គ្នា៣នាក់ អត់បានឈ្លោះប្រកែកគ្នាអីផង គាត់និយាយតែគាត់ ខ្ញុំនិយាយតែគ្នាខ្ញុំពីរនាក់ ប៉ុន្តែ៣នាក់ហ្នឹង អ្នកដែលវាយមិត្តខ្ញុំ គឺមានតែម្នាក់ទេ»។​

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអធិការ​នគរបាល​ស្រុក​បរិបូណ៌ លោក ជាង សុវណ្ណារិទ្ធិ បានទេ នៅថ្ងៃនេះ។

ចំណែក អតីតសមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​ច្បារអំពៅ​ទី​២ រាជធានី​ភ្នំពេញ លោក ជឿន សារឹម ដែលរងអំពើហិង្សារាងកាយដែរនោះ ប្រាប់វីអូឌីនៅថ្ងៃនេះ​ថា កាលពី​ល្ងាចម៉ោង​៦​កន្លះ ​ថ្ងៃ​ទី១២​ ខែធ្នូ​ ​មានជន​មិន​ស្គាល់​មុខ ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៤​នាក់ និងមានដុំថ្មនិង​ដំបង បាន​ស្ទាក់ព្រួត​គ្នា​វាយ​លោក​ ត្រូវចំភ្នែក ក្បាល និង​ខ្នង​ ​ខណៈរូបលោក​កំពុង​រត់​ម៉ូតូ​កង់​បីដឹក​ភ្ញៀវ​នៅ​ម្ដុំ​បែក​ចាន ខណ្ឌពោធិ៍សែនជ័យ។

លោក​ចាត់ទុកការស្ទាក់ព្រួតគ្នាវាយទៅលើរូបលោកនេះថាជារឿងនយោបាយ ខណៈដែលលោក​និងគ្រួសារមិនដែលមានទំនាស់ជាមួយអ្នកណាពីមុនមកទេ​។

លោក ជឿន សារឹម បន្តថា គាត់មិនទាន់ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចទេ ដោយសារ បច្ចុប្បន្នលោកនិងគ្រួសារគេចខ្លួនមួយរយៈពេលសិន ដោយបារម្ភសុវត្ថិភាព ខណៈមានជនមិនស្គាល់អត្តសញ្ញាណបានតាមឃ្លាំមើលគ្រួសារគាត់។ លោកស្នើទៅអាជ្ញាធរឱ្យចាប់ខ្លួនជនល្មើសដែលបានវាយលើរូបគាត់និងអតីតសកម្មជនដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់។

លោកថថា៖ «ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរវែកមុខជនដៃដល់ដែលប្រព្រឹត្តមកលើខ្ញុំ មិនថា​ប្រជា​ពលរដ្ឋធម្មតា ​មិនថាអតីតសមាជិកបក្សផ្សេងៗ សូមឱ្យគាត់ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ​ឱ្យបានទាំងអស់គ្នា ស្មើៗភាពគ្នា»។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អតីត​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក ​ឌិន វ៉ារិន ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ដុំឥដ្ឋ​វាយ​ចំក្បាល បណ្ដាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ​ ប៉ុន្តែគិតមកដល់ថ្ងៃនេះ សមត្ថកិច្ចនៅមិនទាន់​ចាប់បានជនល្មើសដែលវាយគាត់នៅឡើយ។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា​ មានប្រសាសន៍ថា នគរ​បាល​មូលដ្ឋាន​កំពុងធ្វើការ​​និង​​ស្រាវជ្រាវ​ចំពោះ​ករណីនេះ ​ដើម្បី​វែកមុខ​រក​អ្នក​ប្រព្រឹត្ត។

នៅពេលសួរថា តើសំណុំរឿងទាំងអស់នេះមានភាពស្មុគស្មាញអ្វីដែលធ្វើឱ្យសមត្ថកិច្ចពិបាកស្វែងរកជនល្មើសនោះ? លោក សាន សុខសីហា​ លើកឡើងថា ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណជនល្មើស។

លោកថា៖ «ក្នុងអំឡុងពេលហ្នឹង ​សមត្ថកិច្ចគ្រប់ជំនាញ​ក៏នៅតែបន្ត​ស្រាវជ្រាវនិងស្វែងរក​ជនបង្កដែរ មិនមែនថា ​យើងមិនមានការស្វែងរកទេ ​មានន័យថា គ្រប់ករណីទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់និងស្រាវជ្រាវ ដើម្បីរកជនបង្ក តែលទ្ធភាពកំណត់បានពេលណា យើងពិបាកក្នុងការនិយាយ »។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ជំរុញទៅអាជ្ញាធរ​ចាត់វិធានការ​ស៊ើបអង្កេត​ករណី​ហិង្សា និងចាប់ជនបង្កលើអតីតសកម្មជន​ជាបន្តបន្ទាប់មក​ផ្តន្ទា​ទោស​តាមច្បាប់ ដើម្បីកុំឱ្យករណីនេះកើតឡើងពេលក្រោយ និងបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋផងដែរ។

លោកថា៖ «សមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌គឺមាន ​ប៉ុន្តែសំខាន់ត្រង់ថា តើយើងមានឆន្ទៈក្នុងការ​ស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់ទាំងអស់គ្នាឱ្យបានប្រាកដប្រជាអត់។ អ៊ីចឹងទាក់​ទង​​បញ្ហា​​ហ្នឹង​ ទោះបីជាប្រជាពលរដ្ឋឬសកម្មជន​​ដែលមាននិន្នាការគណបក្សនយោបាយណាក៏ដោយ ក៏ត្រូវទទួលកិច្ចគាំពារពីអាជ្ញាធរមានសមត្ថកិច្ចដូចគ្នាដែរ។ បើមានការប្រព្រឹត្តបទល្មើសទៅលើគាត់ អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ»។

បើ​តាម​លោក អំ សំអាត ចាប់ពី​ឆ្នាំ២០១៨ រហូតមកដល់​ថ្ងៃទី១៤ ខែធ្នូ​នេះ សកម្មជន​និង​មន្ត្រី​មូលដ្ឋានអតីត​​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០នាក់​ហើយ​ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ប្រើប្រាស់​ហិង្សា​វាយ​បណ្ដាល​ឱ្យ​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ