HRW​ ទាម​ទារ​​ឱ្យ​​ជប៉ុន​​បញ្ឈប់​​ការ​​ផ្ដល់​​ជំនួយ​​ដល់​​នគរ​បាល​​ជាតិ​​ជាប់​ពាក់​ព័ន្ធ​​ការ​រំលោភ​​សិទ្ធិមនុស្ស​​

ក្រុម​សកម្មជន​ដី​ធ្លី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​សំណើ​ច្បាប់​អង្គការ​-សមាគម នៅ​មុខ​ព្រឹទ្ធ​សភា កាល​ពី​ឆ្នាំ​២០១៥។ (បញ្ញា ឆពណ្ណ)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទៅដល់​នគរបាល​កម្ពុជា ដោយ​ថា ស្ថាប័ន​មួយ​នេះ​បាន​ជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​សិទ្ធិមនុស្ស។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ បាន​អំពាវនាវ​បែបនេះ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃនេះ ១ខែក្រោយ​ពីជ​ប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជិត៣លាន​ដុល្លារ​មកដល់​នគរបាល​ជាតិ​កម្ពុជា។

កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រកាស​ថា រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្ដល់​កម្ចី​ទំហំ ២៥ពាន់​លាន​យ៉េន ឬប្រហែល ២៤០លាន​ដុល្លារ មកដល់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឆ្លើយតប​នឹង​វិបត្តិ​សុខភាព​សាធារណៈ។

បើ​តាម​ក្រសួង​ការបរទេស​ជប៉ុន ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កម្ចី​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន និង​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ លោក ម៉ា​សា​ហ៊ី​រ៉ូ មិ​កាមិ។

ក្រៅពី​កម្ចី ជប៉ុន​ក៏បានជួយ​ជំនួយឥតសំណង​ទំហំ ៣០០លាន​យ៉េន ឬប្រហែល ២,៩លាន​ដុល្លារ ទៅ​នគរបាល​ជាតិ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រឆាំង​ភេរវកម្ម តាមរយៈ​ការទិញ​យានយន្ត និង​សម្ភារ​ដទៃទៀតដែល​មានបំណង​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជាពិសេស​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២២ខាងមុខ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW​) ទទួលបន្ទុក​សិទ្ធិមនុស្ស​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺ​តសុន (Phil Robertson​) បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​ជប៉ុន​កំពុងតែ​បង្ក​ហានិភ័យ​ទៅដល់​ជីវិត​មនុស្ស ជាជាង​ផ្ដល់​ការ​ការពារ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​បង់ពន្ធ​ឱ្យ​កម្លាំង​នគរបាល។

លោក ហ្វីល រ៉ូប៊ឺ​តសុន និយាយ​ថា៖ «រដ្ឋាភិបាល​ជប៉ុន​កំពុង​បង្ក​ហា​និ​ភ័យ​ដល់​ជីវិត​មនុស្ស ជា​ជា​ងផ្ដល់​កិច្ចការពារ​ដល់​ដល់​ពួក​គេ តាមរយៈ​ការ​បង្ហូរ​លុយ​របស់​អ្នក​បង់ពន្ធ​ទៅ​ឱ្យ​កម្លាំង​នគរបាល​កម្ពុជា ដែល​ជាច្រើន​ទសវត្សរ៍​ហើយ បាន​បង្ក្រាប​យ៉ាង​ឃោ​រឃៅ​ទៅលើ​ក្រុម​បាតុករ​អហិង្សា គណបក្ស​ប្រឆាំង និង​អ្នកសារព័ត៌មាន​រិះគន់»។

លោក រ៉ូប៊ឺ​តសុន និយាយ​បន្ត​ថា៖ «រដ្ឋាភិបាល​ជប៉ុន​មិន​ចង់​ឃើញ​សម្ភារដែល​ពួក​គេ​ផ្ដល់​ឱ្យ ស្ថិតនៅ​កន្លែង​បង្ក្រាប​របស់​នគរបាល​នា​ពេល​អនាគត​នោះ​ឡើយ»។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ បាន​និយាយ​ទៀត​ថា ជាយូរមកហើយ កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​កម្ពុជា ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​មិន​ត្រឹមត្រូវ សំដៅ​ទៅលើ​អ្នករិះគន់​រដ្ឋាភិបាលនិង​មេដឹកនាំ​បក្ស​ប្រឆាំង។

អង្គការ HRW និយាយ​ថា ក្រសួង​ការបរទេស​ជប៉ុន​បាន​ឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​ខ្លួន​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​កន្លងមក​នេះ ប៉ុន្តែថា បដិសេធ​ពន្យល់​អំពី​ចំណុច​អ្វីខ្លះ​ដែល​ជប៉ុន​ចាត់ទុកជា​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ទោះជាយ៉ាងណា ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះនិយាយ​ថា ជប៉ុន​បាន​បញ្ជាក់​ពី​ការ​ផ្ដល់​ជំនួយ​នេះ​មក​កម្ពុជា​រួចហើយ ហើយ​ប្ដេជ្ញា​ថា នឹង​តាមដាន​ការប្រើ​ប្រាស់​ជំនួយ​នេះ​ឱ្យ​ចំ​គោលដៅនិង​មានប្រសិទ្ធភាព។

វី​អូ​ឌី​ បាន​ព្យាយាម​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប៉ុន្តែលោក​មិន​លើក​ទូរសព្ទ​នោះ​ឡើយ។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក អ៊ី សុខ​ឃី ប្រាប់​ថា លោក​មិន​អាចប​កស្រាយ​បានទេ ដោយសារ​លោក​មិន​មាន​ព័ត៌មាន​នេះ​នៅក្នុង​ដៃ​នៅឡើយ ហើយ​លោក​ប្រាប់​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​មឃឿន ដែល​មិនបាន​ឆ្លើយតប​នឹង​ការស្វែងរក​ការ​បកស្រាយ​ពី​ វី​អូ​ឌី​ នោះ​ឡើយ​នៅ​ថ្ងៃនេះ។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ប្រាប់​ថា ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ជា​រឿង​ល្អ ប៉ុន្តែលោក​ថា ជប៉ុន​ត្រូវ​ធ្វើការ​សិក្សា​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយមុននឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្សនិង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ជាពិសេស​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​មក​កម្ពុជា ហើយ​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គួរតែ​ពិនិត្យមើល​លើ​លក្ខខណ្ឌ​ទាំងអស់ ហើយ​គួរតែ​សុំ​ឱ្យ​មានការ​កែតម្រូវ ការ​កែតម្រូវ​បានន័យ​ថា ចង់​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​ចំពោះ​ការគោរព​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៨ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​លើកឡើង​នូវ​ឈ្មោះ​នគរបាល​ជាន់ខ្ពស់៤រូប​របស់​កម្ពុជា ក្នុង​នោះ​មាន​ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ នេត សាវឿ​ន, អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ​, រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នាយ​ឧត្ដមសេនីយ៍ សុខ ផល និង​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែល​បច្ចុប្បន្ន​នេះ ​គឺជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន។

នគរបាល​ជាន់ខ្ពស់​ទាំង៤រូប​នេះ និង​នាយ​ឧត្ដមសេនីយ៍​យោធា៨រូប​ផ្សេងទៀត ត្រូវ​បាន​អង្គការ​មួយ​នេះ​ចោទ​ថា «បាន​ជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាយូរមកហើយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ