កសិករ​​មួយ​ចំនួន​​នៅ​​ខេត្ត​កណ្តាល​​ថា​ បន្លែ​​ពួក​​គាត់​​ប្រឈម​​នឹង​​ការ​​ឈូស​​ចោល​បើ​​នៅ​តែ​​ពុំ​​មាន​​ទី​ផ្សារ​

បុរស​កសិករ​ម្នាក់​លើក​បង្ហា​ញប​ន្លៃ​សាឡាត់​របស់​គាត់​នៅ​ទីតាំង​ដាំ​បន្លែ​របស់​គាត់ ស្ថិតនៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (ផ្ដល់​ឱ្យ​)

​ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ត្អូញត្អែរ​ថា បន្លែ​របស់​ពួក​គាត់​ប្រឈម​នឹង​ការ​ឈូស​ចោល​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើសិន​នៅតែ​ពុំ​មាន​ទីផ្សារ​សម្រាប់​លក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ១៩ និង​ការនាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ច្រើន។

លោក តៃ សុង កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹកវិល ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា រូបលោកនិង​កសិករ​ផ្សេងទៀត​នៅក្នុង​ឃុំ កំពុង​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ដោយសារតែ​ដំណាំ​បន្លែ​ដែល​គាត់​បាន​ដាំ​ហើយ ពុំ​មាន​ទីផ្សារ។

កសិករ​រូប​នេះ​អះអាង​ថា លោក​ចំណាយ​ដើមទុន​ប្រហែល៥ពាន់​ដុល្លារ ដើម្បី​ដាំ​បន្លែ​សា​ឡា​ត់មួយ​រដូវ​ៗ លើ​ទំហំដី២ហិ​កតា​កន្លះ។ លោក​ថា បច្ចុប្បន្ន បន្លែ​របស់​គាត់​ដល់ពេល​ប្រមូល​ផល​ហើយ ប៉ុន្តែ​គ្មាន​អ្នកទិញ​នោះ​ទេ។

លោក​ តៃ សុង ឱ្យ​ដឹង​ថា នៅសល់​ពេល​ប្រហែល៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ បន្លែ​របស់​គាត់​នឹង​ត្រូវ​ឈូស​ឆាយ​ចោល បើ​នៅតែ​ពុំ​មាន​អ្នកទិញ។

លោក​បន្ថែម​ថា៖ «ឥលូវ​វា​ដល់​ថ្ងៃ​កាត់​ហើយ ​ប៉ុន្តែ​អត់មាន​អ្នកទិញ​ទេ អ៊ីចឹង​ខ្ញុំ​ស្តាយ​របស់​យើង​ល្អ វា​ជា​បន្លែ​សុ​វត្ថិភាព​ទៀត វា​អត់មាន​ប្រើ​ថ្នាំ​អីទាំងអស់។ អ៊ីចឹង​ខ្ញុំ​មានតែ​ប្រកាស​ឱ្យ​បងប្អូន​ណា​ដែល​គាត់​ចង់បាន ឱ្យមក​កាត់​យក​ទៅ​លក់​ខេត្ត​ណា​ផ្សេង ​ឱ្យ​គាត់​កាត់​យក​ចុះ។ ព្រោះ​បើ​ទុក​ ក៏​ខ្ញុំ​ជិត​ភ្ជួរ​ចោល​ដែរ ដើម្បី​យក​ដី​ហាល​ចោល។ ផ្អាក​ធ្វើ​មួយ​រយៈ​សិន​ទៅ ចាំ​កូ​វី​ដស្ងាត់ ចាំ​ខ្ញុំ​ដាំ​ទៀត។ ក្នុង១ឆ្នាំ​ បញ្ហា​គ្មាន​អ្នកទិញ​អ៊ីចឹង​ប្រហែល​ពី២ទៅ៤ដង»។

លោក តៃ សុង បន្ថែម​ថា ក្នុង១ឆ្នាំ​ៗ លោក​ដាំ​បន្លែ​ចន្លោះ​ពី២ទៅ៤ដង ហើយ​បន្លែ​ដែល​គាត់​ដាំ​ក្នុង១រដូវ​ អាច​ប្រមូល​បាន​ប្រហែល៣០តោន។ កសិករ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា បន្លែ​ដែល​បាន​ថ្លៃ គឺ​ក្នុង១គីឡូចន្លោះ​ពី ១ ០០០រៀល​ ទៅ ២ ០០០រៀល ប៉ុន្តែ​បច្ចុប្បន្ន ១គីឡូ​ត្រឹមតែ៤០០រៀល ហើយ​គ្មាន​អ្នកទិញ​ថែមទៀត។

លោក ហ៊ា ទូច កសិករ​មួយ​រូប​ទៀត​នៅ​ឃុំ​ទឹកវិល ដែល​ដាំ​បន្លែ​ដែរ​នោះ និយាយ​ថា លោក​បាន​ចំណាយ​ថវិកា៥លាន​រៀល ដើម្បី​ដាំ​បន្លែ​ស្ពៃនិង​សាឡាត់​លើ​ដី​ទំហំ​កន្លះ​ហិ​កតា ប៉ុន្តែ​ឥលូវ​ត្រូវ​ខាតបង់​ទាំងស្រុង​ ដោយសារ​បន្លែ​របស់​គាត់​លក់​មិន​ដាច់។

លោក​សង្កេតឃើញ​ថា បញ្ហា​ដែល​បន្លែ​របស់​ពួក​គាត់​លក់​ពុំ​ដាច់និង​ពុំ​មាន​ទីផ្សារ ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ១៩ ការ​ដាំ​បន្លែ​ក្នុង​ឃុំ​មានការ​កើនឡើង និង​ការនាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ច្រើន។

កសិករ​រូប​នេះ ឱ្យ​ដឹង​ថា កសិករ​ផ្សេងទៀតក៏​កំពុង​ប្រឈម​នឹង​ការ​ជំពាក់បំណុល​គេ​ផង​ដែរ ដោយសារតែ​ខ្ចី​លុយ​ធនាគារ​មក​ធ្វើ​ដើមទុន​សម្រាប់​ដាំ​បន្លែ ប៉ុន្តែ​បែរ​ជា​ពុំ​មាន​ទីផ្សារ​ទៅវិញ។

លោក​បន្ថែម​ថា៖ «ឥលូវ​កសិករ​ម្នា​ក់ៗ​រកលុយ​ដាំ​បន្ត​ទៀត​លែង​ចង់បាន​ហើយ ព្រោះ​ខាត​គ្រប់តែ​គ្នា។ ហើយ​កសិករ​ខ្លះ​ខ្ចី​លុយ​ធនាគារ​ដែរ បើ​មិនខ្ចី​ម៉េច​កើត បើ​ត្រូវ​ធ្វើ ដល់​អ៊ីចឹង​លំបាក​ដែរ រកលុយ​បង់​ធនាគារ​មិនបាន។ អ្នកខ្លះ​ធ្វើ​យូរ​ៗ ឈប់​ធ្វើ ដោយសារ​អត់ដើម​ធ្វើ​បន្ត​ទៀត»។

ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល លោក ប៊ុ​ន ទួន​ស៊ី​ម៉ូ​ណា មានប្រសាសន៍​ថា ករណី​បន្លែ​របស់​កសិករ​នៅ​ស្រុក​ស្អាង ធ្លាក់​ថ្លៃនិង​គ្មាន​អ្នកទិញ​នោះ ដោយ​សារ​ឈ្មួញមួយចំនួន​បាន​លុបចោល​កា​រកម្ម៉ង់​ទិញ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩។ ទោះ​យ៉ាងណា លោក​បដិសេធ​អត្ថា​ធិប្បាយ នៅពេល​សួរ​ថា​ តើ​មន្ទីរ​មាន​វិធានការ​យ៉ាងណា​ខ្លះ​ជួយ​ដល់​កសិករ។

លោក​បន្ថែម​ថា៖ «កសិករ​នៅ​តំបន់​ហ្នឹង ភាគច្រើន​ដែល​ដាំ​ហ្នឹង គឺ​កុងត្រា​ជាមួយ​អ្ន​កកម្ម៉ង់​ទិញ​ហើយ ប៉ុន្តែ​ដោយសារ​មួយ​រយៈ​ហ្នឹងវា​មាន​បញ្ហា​ជំ​ងឺ​កូវីដ​ ឈ្មួញ​មួយចំនួនបាន​លុបចោល​កា​រកម្ម៉ង់​ទិញ»។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍​ថា បញ្ហា​ជំងឺ​កូវ១៩ មិនមែន​ជា​ឧបសគ្គ​ទាំងស្រុងសម្រាប់​ការ​លក់​ផលិត​ផលក​សិ​កម្ម​នោះ​ទេ។ លោក​ថា ការ​លក់​ផលិតផល​កសិកម្ម​មិន​ដាច់​នេះ ដោយសារតែ​អាជ្ញាធរ​ខ្វះ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ និង​ស្វែងរក​ទីផ្សារ​ជូន​កសិករ។

លោក ថេង សាវឿ​ន បន្ត​ថា បញ្ហា​ផលិតផល​កសិកម្ម​លក់​មិន​ដាច់និង​ខ្វះ​ទីផ្សារ បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ​ ដោយសារ​ការនាំចូល​ផលិត​ផលទាំងនោះ​មក​ពី​ប្រទេសជិតខាង។

លោក​បន្ថែម​ថា៖ «វា​មាន​បញ្ហា​កូ​វី​ដមែន ប៉ុន្តែ​បន្លែ​សាឡាត់ និង​ផលិត​ផល​ផ្សេង​ៗហ្នឹង នៅតែ​មានការ​នាំ​ចូល​ពី​ប្រទេសជិតខាង មក​លក់​នៅ​តាម​ទីផ្សារ​កម្ពុជា។ អ៊ីចឹង​ដើម្បី​ឱ្យ​ផលិតផល​ក្នុង​ស្រុក​មាន​ទីផ្សារ យើង​អាច​កាត់បន្ថយ​ការនាំចូល​ផលិត​ខ្លះ​ពី​ប្រទេស​វៀតណាមនិង​ថៃ។ ហើយ​យើង​ផ្តល់​ឱកាស​ទីផ្សារ​ហ្នឹង​សម្រាប់​ឱ្យ​កសិករ​ដាំ​ផលិត​ក្នុង​ស្រុក​លក់ ចំណុច​នេះ ខ្ញុំ​គិតថា​អាច​ធ្វើ​បាន។ ហើយ​អ្នក​ភាគី​ពាក់ព័ន្ធ ទាំង​អ្នកទិញ និង​អ្នក​ដាំ​ ត្រូវ​សហការ​គ្នា​ស្វះស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ ជាពិសេស​ត្រូវ​មានការ​គាំទ្រ​ពី​ក្រសួង​និង​មន្ទីរ ដើម្បី​ជួយ​ដល់​កសិករ​ទាំងអស់​ហ្នឹង»។

កាលពី​ថ្ងៃទី១៤ ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល​មួយ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម ក្នុង​ស្រុក​ពាមរក៍ ខេត្តព្រៃវែង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កសិកម្ម​នៅ​កម្ពុជា​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដោយ​កូ​វីដ១៩ទេ ថែមទាំង​មានឱកាស​ល្អ​សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម​ទៅវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ