សង្គម​​ស៊ីវិល​​និង​​គណ​បក្ស​​នយោ​បាយ​​មួយ​ចំនួន​ ស្នើ​រដ្ឋា​ភិបាល​​ស្តារ​​លំ​ហ​ប្រជា​ធិប​តេយ្យ​​និង​​រក​​ដំណោះ​ស្រាយ​​នយោ​បាយ ​

មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​បក្សនយោបាយ​មួយចំនួន​ចូលរួម​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយមួយចំនួន ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ ខួប៧២ឆ្នាំនេះ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាលស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​រក្សា​ផលប្រយោជន៍​ជាតិ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ក្នុង​វេទិកា​មួយ​នៅ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ក្នុងក្រុង​ភ្នំពេញ នា​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ​ថា ចាប់ពី​ឆ្នាំ២០១៧មក ដែល​ជា​ឆ្នាំ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក​ថា ស្ថាន​ភា​ពសិ​ទ្ធិ​មនុស្សបាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ។

លោក​បន្ត​ថា សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញនិង​កតិកាសញ្ញា​អន្តរជាតិ បាន​តម្រូវ​ឱ្យ​អាជ្ញាធរដើរតួ​ជា​អ្នក​សម្រួល​ដល់​សិទ្ធិ​សម្តែង​មតិ​ដោយ​សន្តិ​វី​ធី ប៉ុន្តែ​ផ្ទុយទៅវិញ អាជ្ញាធរ​បាន​រារាំងនិង​បង្ក្រាប​ដោយ​ហិង្សានិង​ការ​ចាប់​ឃុំខ្លួន​លើ​អ្នក​សម្តែង​មតិ​មួយចំនួន។

លោក​បន្ថែម​ថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយចំនួនកន្លងមក​នេះ រួម​ទាំង​ការ​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម ក៏​ជា​ការ​បញ្ជាក់​ពី​ការ​ធ្លាក់ចុះ​នៃ​លំ​ហប្រជាធិបតេយ្យ​ដែរ។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ថា៖ «សហគមន៍​អឺរ៉ុប​ដែលគេ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ២០ភាគរយ​ហ្នឹង គឺ​លក្ខខណ្ឌ​របស់​គេ​ យើង​ឃើញ​ហើយ​ថា ក្រោយ​ឆ្នាំ២០១៧ហ្នឹង​មក គឺ​គេ​ទាមទារ​ឱ្យ​មានការ​ស្តារ​ឡើងវិញនៃ​លទ្ធិប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ក្រោយមក​ សហគមន៍​អឺរ៉ុបគេ​បាន​និយាយ​ថា កម្ពុជា​មានការ​រំលោភសិទ្ធិ​មនុស្សជា​ប្រព័ន្ធ»។

ករណីនេះ លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលស្តារ​ស្ថានភាព​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​វិធាន​កា​រនានា​ពី​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​ខាតបង់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍​ដែរ​ថា បរិបទ​នយោបាយ​ជាង៣ឆ្នាំ​មកនេះ បាន​ប៉ះទង្គិច​ធ្ងន់ធ្ងរដល់​សសរ​ស្តម្ភ​នៃ​ប្រជាធិបតេយ្យ យ៉ាងតិច៤ ដូចជា ការ​ដកហូត​អាសនៈ​របស់​អតីត​គណបក្ស​ប្រឆាំង ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងទាំង​មិន​ឆ្លង​យោបល់​ម្ចាស់​ឆ្នោត​, ការ​យាយី​ទៅលើ​បណ្តាញ​ចុះ​បង្កើត​សហគមន៍ និង​ក្រុម​យុវជន​បរិស្ថាន​, ការចោទប្រកាន់​អ្នកការពារ​សិទ្ធិមនុស្សនិង​សិទ្ធិ​ការងារ ថា​ជា​អ្នក​ញុះញង់​ឱ្យ​មានការ​តវ៉ា​ជាដើម។ 

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោកស្រី​ថ្លែង​ថា៖ «នេះ​ជា​ការ​ប្រឈម​មួយដែល​យើង​ត្រូវ​យក​មក​ដាក់លើ​តុ​ទាំងអស់គ្នា ក្នុង​ការពិនិត្យ​ថា តើ​កម្ពុជា​យើងពិតជា​អនុ​លោម​ទៅតាម​អ្វី​ដែល​យើង​បាន​ប្តេជ្ញា​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋធម្មនុញ្ញ​យើងទទួលស្គាល់​នូវ​លិខិត​តុប​ករណ៍​អន្តរជាតិ​ដែរ​ឬទេ»។

ស្រប​ពេល​គ្នា​នេះ​ដែរ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកដោយធ្វើ​ការ​កត់សម្គាល់​ថា កម្ពុជា​អាច​មាន​សន្តិភាពនិង​ការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូបទទួល​បាន​នូវ​ការគោរព​សិទ្ធិ និង​ចូលរួម​ធ្វើការ​សម្រេច​នូវ​ជោគវាសនា​អនាគត​របស់​ខ្លួននិង​ប្រទេសជាតិ។

មេដឹកនាំ​ដែល​កំពុង​ជាប់​បម្រាម​តុលាការ​រូប​នេះ អំពាវនាវ​ឱ្យ​អ្នក​ដែល​មាន​ឥទ្ធិពល មានអំណាច ចូលរួម​លើកស្ទួយ​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​មាន​បរិយាកាស​នយោបាយ​មួយដែល​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយដោយ​គ្មាន​ការភ័យខ្លាច។

លោក​ថា៖ «មានតែ​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​ទេ ​ដែល​អាច​នាំមក​នូវ​ស្ថិរភាពនិង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ពិត​ជូន​ប្រជាពលរដ្ឋ​បាន»។

ចំណែក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ប្រើ​បុព្វសិទ្ធិ​ធ្វើ​សំ​ណើថ្វាយព្រះ​មហាក្សត្រ សុំ​ព្រះ​រាជទាន​លើកលែងទោស​ឱ្យ​ទណ្ឌិត រួម​ទាំង​អ្នកទោស​មនសិការ និង​អ្នកនយោបាយ​ជាប់ទោស និង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណ​បក្ស​នយា​បាយ ទាក់ទិន​នឹង​បម្រាមហាម​អ្នកនយោបាយ​មិន​ឱ្យធ្វើ​នយោបាយ​មក​រយៈពេល​ត្រឹម៦ខែ ព្រមទាំង​បើក​លំហ​សេរីភាព​បញ្ចេញមតិ សេរីភាព​សមាគម និង​ការ​ជួបជុំ​ឱ្យ​បាន​ទូលាយ​ជាង​មុន​ផង​ដែរ។

គណបក្ស​នេះ​ថា ការ​ស្នើ​នេះជា​ការ​លើកស្ទួយ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ 

ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​នេះ​ដែរ សហរដ្ឋអាមេរិកតាមរយៈ​ស្ថាន​ទូ​តរបស់​ខ្លួន​ប្រចាំ​កម្ពុជា បាន​និយាយ​ថា ខ្លួន​ចងចាំ​ថា សេរីភាព​ក្នុង​ការ​ចងក្រង​គ្នា​ជា​ក្រុម សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ជា​សិទ្ធិ​ជាសកល ដែល​ត្រូវ​បាន​ចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា៖ «សង្គម​ដែល​មាន​ស្ថិរភាពនិង​សន្តិភាព អនុញ្ញាត​ឱ្យ​មានការ​ពិភាក្សានិង​មតិ​ប្រឆាំង។ អាជ្ញាធរ​មាន​កាតព្វកិច្ច​ត្រូវការ​ពារ​សិទ្ធិ​ទាំងនេះ ហើយ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​ប្រឆាំង។ សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញរបស់​ប្រជាជន​កម្ពុជា ក្នុង​ការ​មាន​សេរីភាព​ជា​មូលដ្ឋាននិង​តាមលទ្ធិ​ប្រជាធិបតេយ្យ»។

ទោះ​យ៉ាងណា ប្រធាន​ក្រុម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​ការ​លើកឡើង​នេះ ដោយ​លោក​ថ្លែង​ថា រដ្ឋាភិបាលកំពុងតែ​ពង្រឹង​ស្ថិរភាព​នយោបាយដើម្បី​វិល​ចូល​គន្លង​នីតិរដ្ឋ រៀបចំ​ឱ្យ​មាន​វប្បធម៌​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

លោក​ថា៖ «យើង​សព្វថ្ងៃ រដ្ឋាភិបាល​គ្រាន់តែ​ទប់​កុំឱ្យ​មាន​បញ្ហា ដើម្បី​រក្សា​សន្តិភាព ដើម្បី​ផ្តាល់​ប្តូរ​ជីវភាព​ប្រជាពលរដ្ឋ ឱ្យ​មានការ​ស្រឡាញ់​ជីវិត គឺ​ការ​ស្រឡាញ់​សន្តិភាព​នេះឯង»។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កែវ រ៉េ​មី ក្នុង​ទិវា​នេះ​ ក៏បាន​ចេញ​សារ​តាម​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែរ​ថា រដ្ឋាភិបាលបាន​ធានា​​ពេញលេញ​នូវ​ការគោរព​សិទ្ធិមនុស្សតាម​គោលការណ៍​ជាតិ​និង​អន្តរជាតិ តាមរយៈ​ការ​ទម្លាក់​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រ អំឡុង​ប្រទេស​ជួប​វិបត្តិ​កូ​វីដ១៩ ជាពិសេសការ​ប្តេជ្ញា​ចិត្ត​ថា​ មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ។

បន្ថែម​ពីនេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​នេះ លោក កត្តា អ៊ន បាន​ច្រានចោល​ដែរ​ចំពោះ​មតិ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​លោក​ថា ការ​លើក​នេះ​​ជា​ការយល់​ច្រឡំ​មួយ ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល។

លោក​ថា៖ «ខ្ញុំ​យល់ថា ការដែល​យើង​យក​សិទ្ធិ​មួយ​របស់​អ្នកនយោបាយ​មួយ​ក្រុម​តូច ហើយ​យើង​មក​លាត​ប៉ាត​អំពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ជាង១៦លាន​នាក់ ហើយ​ចាត់ទុកថា ជា​ការ​ធ្លាក់ចុះ​សិទ្ធិមនុស្ស​នោះ ជា​ការប្រមាថ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួនឯង ពីព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​សង្កេតមើល​មតិភាគច្រើន គេ​មិន​សម្លឹង​មើល​មនុស្ស​មួយ​ក្រុម​តូច​ដែល​ធ្វើខុស​ច្បាប់ ហើយ​យើង​លាប​ពណ៌​ថា សិទ្ធិមនុស្ស​ធ្លាក់ចុះ​នោះ​ទេ»។

អ្នក​សិក្សា​ស្រាវ​សង្គម លោក​បណ្ឌិត សេង សារី ថ្លែង​ក្នុង​វេទិកា​សិទ្ធិមនុស្ស​នោះ​ដែរ​ថា ក្នុង​មុំ​នយោបាយ​ការគ្រប់គ្រង​រដ្ឋ​មិនបាន​ធានា​យន្តការ​ប្រជាធិបតេយ្យ​ទេ ដោយ​ថា ​សំឡេង​នៅក្នុង​សភា​គ្រប់គ្រង​ដោយ​បក្ស​តែមួយ ខណៈ​ការគ្រប់គ្រង​រដ្ឋ​បាន​ចាប់ដៃ​ជាមួយ​មូលធន ដែល​ជា​ប្រព័ន្ធ​ងាយ​រងគ្រោះ​ដល់​ពលរដ្ឋ​ក្រីក្រ ។

លោក​ថា៖ «នៅពេល​ដែល​រដ្ឋ​ចាប់ដៃ​គ្នា​ជាមួយ​មូលធន អ្នក​ដែល​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន មានន័យថា​ រដ្ឋ​និង​ក្រុមហ៊ុន​ការពារ​គ្នា​ទៅវិញទៅមក អ៊ីចឹង​អ្ន​កដែល​រងគ្រោះ ​គឺ​ពលរដ្ឋ​តូចតាច អាហ្នឹង​ទី១។ ទី២ នៅពេល​ដែល​រដ្ឋ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌ ការ​ចាប់ចង​ខុសច្បាប់ ការ​រត់​ភៀសខ្លួន​ខាងនយោបាយ ​កើនឡើង»។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ផ្តល់​ជា​យោបល់​ថា គួរ​ដល់ពេល​អ្ន​កនយោយ​បាយ​ត្រូវ​តម្កល់ប្រយោជន៍​ជាតិ​ជាធំ ដោយ​យក​បញ្ហា​ទៅ​ដាក់លើ​តុ ដើម្បី​ស្វែងរក​ដំណោះស្រាយ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​បង្ហាញ​កង្វល់​របស់​ខ្លួនអំពី​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ ការ​គំរាមកំហែង​ដល់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ក្រោយពី​មានការ​ចាប់ខ្លួន​មនុស្ស២១នាក់ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ ក្រុម​យុវជន​មាតា​ធម្មជាតិ អ្នក​ចម្រៀង​រ៉េ​បវ័យក្មេង​នៅ​ខេត្តសៀមរាប រួម​ទាំង​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជាដើម។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ទាំងនោះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជាបន្ទាន់នូវ​ការ​ឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ និង​ធានា​ពី​សិទ្ធិ​នេះ​ឡើងវិញ តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់អន្តរជាតិ​ដែល​រដ្ឋាភិបាល​ទទួលស្គាល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ