វិស័យ​​ធនាគារ​ ស្នើ​​សាធារណ​ជន​​ទូទាត់​ប្រាក់​​តាម​​ប្រព័ន្ធ​​អេឡិច​​ត្រូនិច​​ដើម្បី​​​បង្ការ​​​ការ​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​​

អ្នកដំណើរ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ពីមុខ​ធនាគារ​ចិន​សាខា​នៅ​អគារ​កា​ណា​ឌី​យ៉ា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

សមាគម​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារនិង​ហិរញ្ញវត្ថុ ស្នើ​ដល់​សាធារណជន អតិថិជន និង​អាជីវករ ធ្វើការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ដើម្បី​បង្ការ​ការ​ចម្លងជំងឺ​កូ​វីដ១៩​ ក្រោយពី​ក្រសួងសុខាភិបាល​ថា ជំងឺ​នេះអាច​ឆ្លងតាម​រយៈ​ការប្រើ​ប្រាស់​ក្រដាសប្រាក់។

សេចក្តី​ថ្លែងការណ៍​រួម​របស់សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុនិង​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បាន​លើកឡើង​ថា ពេល​ថ្មី​ៗនេះ មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍ ខណៈ​ក្រសួងសុខា​ភិបាលបាន​ជូនដំណឹង​ថា ជំងឺ​កូ​វីដ១៩ ក៏អាច​ឆ្លងតាម​រយៈ​ការប្រើ​ប្រាស់​ក្រដាសប្រាក់​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍ បន្ត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ លើកទឹកចិត្ត​ដល់​សាធារណជន អតិថិជន និង​អាជីវករ​ទាំងអស់ ធ្វើការ​ទូ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ។ 

សេចក្តី​ថ្លែងការណ៍បញ្ជាក់​ទៀត​ថា សមាគម​ធនាគារ និង​ហិរញ្ញវត្ថុ ក៏បាន​និង​កំពុង​សហការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា ក្នុង​ការសម្រួល​ឱ្យ​មានការ​ទូ​ទាត់​ប្រាក់​តាម​អេឡិចត្រូនិច ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឱ្យ​កាន់តែ​ងាយស្រួល សុវត្ថិភាព និង​កម្រៃ​សេវា​សមរម្យ នា​ពេល​ខាងមុខនេះ​ដែរ។

កាលពី​ចុង​សប្តាហ៍​មុន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា ជំងឺ​កូ​វីដ​១៩ ក៏អាច​ឆ្លងតាម​ក្រដាសប្រាក់​បាន​ដែរ ហើយ​ការ​ឆ្លង​នេះ​គឺ​លឿន​ជាទីបំផុត។

លោកស្រី​បាន​អះអាង​ថា ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​១៩ កាន់​ក្រដាសប្រាក់​នោះ រួច​ហុច​បន្ដ​ទៅ​អ្នក​ដទៃ​ទៀត ហើយ​នៅពេល​អ្នកនោះ​ចាប់កាន់​លុយ ហើយយក​ដៃ​មក​ប៉ះ​ច្រមុះ មាត់ ឬភ្នែក​ជាដើម នឹង​ធ្វើឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាក់ជា​មិនខាន។ លោកស្រី​បញ្ជាក់​ថា ការ​ឆ្លង​នេះ តាមរយៈ​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរឬស្លេ​ស្មទឹ​កមាត់​របស់​អ្នកជំងឺ​កូ​វីដ១៩ ដែល​ទំនៅ​លើ​ក្រដាសប្រាក់​ដែល​អ្នកជំងឺ​បាន​កាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ