គណ​បក្ស​​មួយ​​ថា​ឈប់​​លូក​ដៃ​​រឿង​​ជម្លោះ​ដី​ធ្លី​​មួយ​​នៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ខណៈ​​មន្ត្រី​​ទី​ស្តី​​ការ​​ថា​​អាជ្ញា​ធរ​​កំពុង​​ដោះស្រាយ​

ពលរដ្ឋ​និង​យោធិន​ពិការ​ដែល​រស់នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចុះទៅ​បង្ហាញ​ពី​គ្រឿងចក្រ​ដែល​ក្រុមហ៊ុន​យក​មក​ឈូស​ឆាយដី​ដែល​ពួក​គេ​កំពុង​អាស្រ័យផល កាលពី​ឆ្នាំ២០១៩។ (ផ្ដល់​ឱ្យ​)

​គណបក្ស​នគរ​ប្រជាធិបតេយ្យ ប្រកាស​ឈប់​លូកដៃ​ក្នុង​បញ្ហា​ជម្លោះដីធ្លី​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលប្រាប់​ឱ្យ​ឈប់​លូកដៃ​ក្នុង​រឿង​នេះ ខណៈ​អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េ​ត និង​សហការី បាន​ប្រកាស​ឈប់​លូកដៃ​ក្នុង​រឿង​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​ជង្រុក និង​តំបន់៦៧១ ស្ថិត​ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ តទៅទៀតហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ។

ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េ​ត ប្រាប់​វី​អូ​ឌី​បន្ថែម​លើ​លិខិត​ថា ក្រោយពី​ទទួល​បា​នប​ណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន២៣០គ្រួសារ នៅ​ភូមិ​បឹង​ជង្រុក កាលពី​ថ្ងៃទី១ ខែធ្នូ​នេះ ឱ្យ​ជួយ​តាមដាន​និង​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​នោះ លោក​និង​សហការី បាន​ចុះទៅ​ស៊ើប​អង្កេ​តករណីនេះ ប៉ុន្តែ​ត្រូវ​បាន​ហាម​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។

លោក​បន្ថែម​ថា៖ «អាជ្ញាធរ​ លោក​មិនព្រម​វាស់វែង​ឱ្យ​ពួក​គាត់ ​[ពលរដ្ឋ​២៣០​គ្រួសារ​] ទេ ទុ​កពន្យា​រពេល​ដល់ពេល​នេះ។ បង្កាន់ដៃឬក៏​ប្លង់​ ក៏​អត់មាន​ចេញ​ឱ្យ​ពួក​គាត់​ដែរ ហើយ​ឥលូវ​ស្រាប់តែ​មាន​ក្រុមហ៊ុន​គេ​ចុះ​អភិវឌ្ឍនៅ​តំបន់​នោះ ហើយ​មន្ត្រី​ជាន់ខ្ពស់​នៅ​ខុទ្ទកាល័យ​សម្តេច​គេ​ចុះ​វិញ ហើយ​គេ​ហាម​មិន​ឱ្យ​ខ្ញុំ​លូកដៃ​លើ​រឿង​នេះ​ទេ»។

កូន​អតីត​យោធិន​ពិការ និង​តំណាង​ពលរដ្ឋ២៣០គ្រួសារ លោក ផុត ហួន និយាយ​ថា កាលពី​ឆ្នាំ១៩៩៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ដី​ទៅ​ឱ្យ​យោធិន​ពិការ ក្នុង​មួយ​គ្រួសារ ទំហំ៥ហិ​កតា ដែល​មាន​ពលរដ្ឋ​សរុប២៣០គ្រួសារ ប៉ុន្តែ​នៅ​ឆ្នាំ២០១០ ទើប​ពួក​គាត់និង​សាច់ញាតិចូល​ទៅ​រស់នៅ​រហូតមកដល់​បច្ចុប្បន្ន។

លោក​បន្ត​ថា រយៈពេល​ដែលពលរដ្ឋ​រស់នៅនិង​អាស្រ័យផល​ជាង១០ឆ្នាំ​មកនេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​ទេ ហើយក៏​មិនធ្លាប់​មាន​បញ្ហា​អ្វី​ដែរ។ លោក​ថា ទើបតែ​នៅ​ឆ្នាំ២០២០នេះ​ទេ មាន​ក្រុមហ៊ុន​ដាក់គ្រឿង​ចក្រចុះ​មក​ឈូស​ឆាយដី​ធ្លី ដំណាំ និង​បណ្តេញ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ ដោយ​ចោទ​ពួក​គាត់​ថា រស់នៅ​លើ​ដី​ក្រុមហ៊ុន​ទៅវិញ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​មក​រស់នៅ​លើទឹក​ដី​នេះ​ជាង១០ឆ្នាំ​ហើយ មានការ​បង្កបង្កើនផល មិនដែល​មាន​អ្នកណា​មករ​ករឿង​ទេ ទើបតែ​មួយ​ខែ​កន្លងមក​នេះ ក្រុមហ៊ុន​មក​ធ្វើ​នេះ បាន​រំលោភបំពាន ស.ជ.ណ របស់​សម្តេច​ទាំង​ចាស់​ទាំង​ថ្មី។ គាត់​មក​កៀបសង្កត់​ឱ្យ​ពួក​ខ្ញុំ​រុះរើ​ផ្ទះសម្បែង​ចេញពី​ដី​របស់​ក្រុមហ៊ុន​ដែល​ឈ្មួញ​បាន​ទិញ ទិញ​ដោយ​មិនដឹង​រឿង និង​មិន​ឱ្យ​ឯកសារ​ខ្ញុំ​មើល»។

កាលពី​ថ្ងៃទី៦ ខែធ្នូ​នេះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ លោក ឈឹម ផល​វរុណ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ Telegram ក្នុង​ក្រុម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ ដោយ​ស្នើ​ឱ្យ​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េ​ត ផ្អាក​ចូលរួម​សម្របសម្រួល​រក​ដំណោះស្រាយ​ក្នុង​បញ្ហា​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ​នោះ។ លោក ឈឹម ផល​វរុណ បញ្ជាក់​ថា បញ្ហា​ដីធ្លី​នោះ គឺ​អាជ្ញាធរ​កំពុង​ដោះស្រាយ​ហើយ។

តែ​យ៉ាងណា លោក ឈឹម ផល​វរុណ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា លោក​មិនបាន​ហាម​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ពិគ្រោះ​យោបល់​ណា​ម្នាក់ មិន​ឱ្យ​ចូល​លូកដៃ​ក្នុង​វិវាទ​ដីធ្លី​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ពុំ​បាន​ហាម​សមាជិក​ប្រតិភូ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ណា​ម្នាក់​ទេ តាំងពី​ចុះ​ធ្វើការ​រហូតមកដល់​ពេលនេះ។ ខ្ញុំ​មានតែ​ពិគ្រោះ​និង​ផ្តល់​យោបល់ សហការ និង​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​ចុះទៅ​សិក្សា​និង​ប្រមូល​ទិន្នន័យ​តែ​ប៉ុណ្ណឹង​ទេ»។

ក្នុង​កំណត់ហេតុ​របស់​អ្នកភូមិ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរ​ស្រុក និង​ខេត្ត​ជាច្រើន​នាក់ អមដំណើរ​ជាមួយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន បាន​ធ្វើសកម្មភាព​ឈូស​ឆាយ​លើ​ដីធ្លី និង​បំផ្លាញ​ផល​ដំ​ណាំ​ផ្សេង​ៗរបស់​អ្នកភូមិ​ម្តង​ទៀត។

កាលពី​ខែកញ្ញា ឆ្នាំ២០២០ ក្រុម​តំណាង​ពលរដ្ឋ​ទាំង២៣០គ្រួសារ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ ជួយ​អន្តរាគមន៍និង​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គេ ដោយ​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ និង​អន្តរាគមន៍​ឱ្យ​មានការ​ផ្តល់​សំណង ​ករណី​ក្រុម​ហ៊ុន​ឈូស​ឆាយ​ផលដំណាំ​ពួក​គេ​ផង​ដែរ។ 

វី​អូ​ឌី ពុំ​អាច​សុំ​ការ​បញ្ជាក់​ពីអភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អភិបាលរងខេត្ត លោក ង៉ោ ម៉េ​ងជ្រួញ បានទេ ​នៅ​ថ្ងៃអង្គារ​នេះ ដោយ​ពួក​គាត់​ប្រាប់​ថា​ជាប់​ប្រជុំ។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ខេ​ត្ដ​បន្ទាយមានជ័យ​ លោក ស៊ុំ ចាន់​គា មានប្រសាសន៍​ថា ក្រោយ​សមា​ហរណកម្ម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ដី​ទៅ​ឱ្យ​យោធិន​ពិការ ១គ្រួសារ ដី៥ហិ​កតា​ពិតមែន។ 

លោក​បន្ត​ថា នៅ​តំបន់​បឹង​ជង្រុក​នោះ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ចំណូល​ថ្មី ពលរដ្ឋ​យោធិន​ពិការ និង​អតីត​កងទ័ព​ខ្មែរក្រហម រស់នៅ​លាយឡំ​គ្នា។ លោក​ថា ដើម្បី​ដោះស្រាយ​ដោយ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពិតប្រាកដ អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ចុះ​ដោះស្រាយ ត្រូវ​ពិនិត្យមើល​ទៅ​សៀវភៅ​គ្រប់គ្រង​ចំនួន​ទ័ពកាលពី​ឆ្នាំ១៩៩៤។

លោក​បញ្ជាក់​ថា៖ «មន្ត្រី​របស់​រដ្ឋ​ដែល​ដោះស្រាយ​នៅកន្លែង​ហ្នឹង ដើម្បី​ទទួល​បាន​យុត្តិធម៌​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិ​តៗ ត្រូវ​ពិនិត្យ​លើ​សៀវភៅ​ហ្នឹង​ទៅ​ថា មានឈ្មោះ​អី​ខ្លះ​ ហើយ​ថា តើ​អ្នក​ដែល​ចូល​មក​នៅ​ថ្មី​ៗហ្នឹង​ដោយ​របៀបណា តាមរយៈ​ណា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ