លោក ហ៊ុន សែន៖ ការផ្សាយអត្តសញ្ញាណអ្នកឆ្លងកូវីដជាសាធារណៈអាចទប់ស្កាត់ការឆ្លង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណទាំងអស់របស់អ្នកឆ្លងកូវីដ១៩ជាសាធារណៈ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាពខ្ពស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារជាសំឡេងបង្ហោះលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសនៅក្នុងសហគមន៍ ពិបាកនឹងរកប្រភពកើតចេញមកពីណា។

ករណីនេះ លោកបញ្ជាទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដែលរកឃើញអ្នកឆ្លងជំងឺនេះ ត្រូវ​ធ្វើការផ្សព្វផ្សាយជាសាធារណៈ ដូចជា រូបថត ឈ្មោះ ទីកន្លែងស្នាក់នៅ អាសយដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាពខ្ពស់។

លោកថ្លែងថា៖ « យើងត្រូវផ្សព្វផ្សាយ រូបថត ឈ្មោះ ទីកន្លែងស្នាក់នៅ អាសយដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់ឈ្មោះ ហើយប្រសិនបើជាមានទំនាក់ទំនងជាមួយនឹងឈ្មោះនោះគឺមកបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័ក្តិបានទាន់ពេលវេលា បើពុំដូច្នេះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់»។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅតែមានបុគ្គលមួយចំនួនតូចរិះគន់ពីការផ្សព្វផ្សាយអត្តសញ្ញាណអ្នកឆ្លងកូវីដថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។ ករណីនេះលោកស្នើសុំការយោគយល់ពីអ្នកឆ្លងជំងឺនេះ និងប្រជាពលរដ្ឋទាំងអស់ជុំវិញបញ្ហានេះ ពីព្រោះបច្ចុប្បន្ន រដ្ឋាភិបាលត្រូវគិតគូសិទ្ធិរស់រានមានជីវិតទាក់ទិននឹងសុខភាពសាធារណៈរបស់សង្គមទាំងមូលជាមុនសិន។

ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​នេះ ក្រសួង​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃទី២៩ ខែវិច្ឆិកា មកដល់​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់ ចំនួន៩ ៧៩៣នាក់ ក្នុង​នោះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ១៩ សរុប​ចំនួន២៣នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៤៥នាក់ ក្នុង​នោះ​ព្យាបាល​សះស្បើយ ​ចំនួន៣០៥នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ចំនួន៣៤នាក់ និងអ្នកសម្រាកនៅ​មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ