បទ​​យក​ការណ៍​៖​ ស្ត្រី​​ខ្មែរ​​រង​គ្រោះ​​ដោយ​​ហិង្សា​​ផ្លូវ​ភេទ​​នៅ​​ប្រទេស​​ចិន​ បង្ហោះ​​សារ​​រក​​ជំនួយ​​សង្គ្រោះ​​

បន្ទប់​ស្នាក់នៅ​របស់​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ហិង្សា​ផ្លូវភេទ ត្រូវ​បាន​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​រក​ជំនួយ​សង្គ្រោះ ក្រោយពី​ត្រូវ​បង្ខាំង​ដោយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។ (ហ្វេសប៊ុកជនរងគ្រោះ)

ស្រ្តី​ម្នាក់បាន​ចាកចោល​ស្រុកកំណើត​ក្នុង​វ័យ១៧ឆ្នាំ រួច​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន តាម​ការ​អូសទាញ​ពី​មេខ្យល់ដែល​សន្យា​នាំ​រូប​គាត់​ទៅ​ធ្វើការ​នៅ​ទីនោះ។ 

២ឆ្នាំ​កន្លះ​ក្រោយមក គឺ​នៅ​ថ្ងៃសៅរ៍​សប្តាហ៍​មុន ស្ត្រី​រូប​នោះអាច​មានឱកាស​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook​) ដង្ហោយ​រក​ការសង្គ្រោះ ក្រោយពី​នាងរង​នូវ​អំពើ​ហិង្សា​ពី​ស្វាមី​ជា​ជនជាតិ​ចិន។ 

ស្រី្ត​រងគ្រោះ រៀបរាប់​ថា៖ «គេ​បង្ខំ​ឱ្យ​ខ្ញុំ​យកប្ដី​នៅ​ទីនេះ [គេ​ថា​] បើ​ខ្ញុំ​មិន​យក​គេ ​[ធ្វើជា​] ប្ដី​ទេ គេ​នឹង​យក​ខ្ញុំ​ទៅ​លក់​ក្នុង​ហាង​ស្រីខូច»។

នាង​បន្ថែម​ថា៖ «ទូរសព្ទ​ [របស់​នាង​] គ្មាន​ស៊ី​មប្រើ​ទេ ហើយ​ទូរសព្ទ​ [លើ​តុ​] ក៏​ត្រូវ​កា​ត់​ផ្ដា​ច់​ខ្សែ​សំឡេង​ទៀត និយាយ​អត់​កើត​ទេ​ បាន​តែ​សសេរ ខ្ញុំ​ចង់​មាន​សេរីភាព​និង​ចង់​ជួប​គ្រួសារ​ខ្ញុំ​វិញ។ ពេលនេះ​ខ្ញុំ​ [រង​] សម្ពាធ​ខ្លាំង​ណាស់»។

ម្តាយ​របស់​នាង​បាន​ប្រាប់ VOD នៅ​ថ្ងៃពុធ​ម្សិលមិញ​ថា គាត់​បាន​អង្វរ​កូន​មិន​ឱ្យទៅ​តាម​គេ​ដែរ ប៉ុន្តែ​នាង​បដិសេធ។

ម្តាយ​ស្ត្រី​រងគ្រោះ​និយាយ​ថា៖ «ខ្ញុំ​ឃាត់​ដែរ ខ្ញុំ​ថា កូន​កុំទៅ នៅ​ហ្នឹងហើយ»។ 

ប៉ុន្តែកូន​របស់​អ្នកស្រី​ឆ្លើយតប​មកវិញ​ថា៖ «ម៉ាក់​អើយ [បើ​] ខ្ញុំ​អត់​ទៅ យើង​អត់មាន​ផ្ទះនៅ អត់មាន​ដី ហើយ​ម៉ែ​ឯង​ក៏​ឈឺ​ទៀត បើ​ខ្ញុំ​នៅ​រក​នេះ ខ្ញុំ​ប្រហែលជា​រក​អត់​បានទេ»។ 

អ្នកស្រី​ប្រាប់​ថា កូន​របស់​គាត់​បាន​ចាកចេញ​នៅ​ខែឧសភា ឆ្នាំ២០១៨ រួម​ជាមួយ​ស្រ្តី៥នាក់​ផ្សេងទៀត ដែល​មាន​អាយុ​ចន្លោះ ១៧ ទៅ ២០ឆ្នាំ ដោយមាន​ការសន្យា​ពី​មេខ្យល់​ថា នឹង​ទទួល​បានការ​ងារ​ប្រាក់ខែ​ខ្ពស់​នៅក្នុង​ប្រទេស​ចិន។ 

អ្នកស្រី​បន្ត​ថា មួយ​សប្តាហ៍​ក្រោយពី​កូន​គាត់​បាន​ចាកចេញ​ទៅ គាត់​ក៏​ទទួល​បាន​ដំណឹង​ពី​កូន​របស់​គាត់​ថា នាង​បាន​ប្រើ​ពេល៥ថ្ងៃដើរ​ដោយ​ថ្មើរជើងនិង​តាម​ម៉ូតូ មុននឹង​ទៅដល់​ព្រំដែន​ប្រទេស​ចិន ហើយ​ថា នៅ​ទីនោះ​មិន​មានការ​ងារ​សម្រាប់​នាង​ធ្វើ​នោះ​ទេ ប៉ុន្តែនាង​ត្រូវ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ជា​ថ្នូរ​នឹង​លុយ​ផ្ញើ​មក​គាត់។ 

អ្នកស្រី​និយាយ​ថា ឆ្នាំ​ដំបូង អ្នកស្រី​ទទួល​បាន​លុយ២ពាន់​ដុល្លារ​ពី​កូន ហើយ​អ្នកស្រី​យក​លុយ​នោះ​ទៅ​ទិញ​ផ្ទះ​និង​ដី​មួយ​កន្លែង​ក្នុង​ស្រុកកំណើត។ ម្តាយ​ស្ត្រី​រងគ្រោះ​បន្ត​ថា ក្រោយមក អ្នកស្រី​មិន​ទទួល​បាន​លុយ​ពី​កូន​ទៀត​ទេ ក្រៅពី​ដំណឹង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រស់នៅ​របស់​កូនដែល​ផ្លាស់​ប្តូរ​កាន់តែ​អា​ក្រ​ក់​ទៅៗ។ 

តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​បាន​ផ្ទេរ​ទៅផ្ទះ​មួយទៀត ដែល​នៅ​ទីនោះ សមាជិក​ក្នុង​គ្រួសារ​បាន​ចាក់​សោរ​បង្ខាំង​នាង​ទុកនិង​ផ្លាស់វេន​គ្នា​យាមកាម​រូប​នាង​ជាប់។ 

អ្នកស្រី​និយាយ​ថា កូន​របស់​អ្នកស្រីអាច​លួច​ប្រើ​ទូរសព្ទ​របស់​បុរស​ជនជាតិ​ចិន ទាក់ទង​មក​អ្នកស្រី​ម្តងម្កាល ហើយ​បាន​ប្រាប់​អ្នកស្រី​ថា នាង​ត្រូវ​បាន​គ្រួសារ​ជនជាតិ​ចិន​វាយ​ធ្វើបាប​លើ​រាងកាយនិង​រំលោភ​ផ្លូវភេទ។ 

ម្តាយ​ជនរងគ្រោះ​បញ្ជាក់​ថា៖ «កូន​ខ្ញុំ​តេ​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​រត់​អត់​រួច​ទេ​ ម៉ាក់! ខ្ញុំ​រត់​បាន២ដង​ហើយ ឥលូវ​វា​កាន់តែ​បង្ខាំង​ខ្ញុំ វា​កាន់​ [តែ​ដាក់​] សម្ពាធ​ផ្លូវចិត្ត​ខ្ញុំ​មែនទែន ហើយ​បង្ខាំង​ខ្ញុំ​ចោល»។

អ្នកស្រី​ថា មាន​គ្រាមួយ មាន​ស្រ្តី​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ម្នាក់ បាន​ជួយ​នាំ​នាង​ទៅ​ប៉ុស្តិ៍​ប៉ូលិ​សក្នុង​តំបន់ តែ​ត្រូវ​គ្រួសារ​បុរស​ជនជាតិ​ចិន​នោះតាម​យក​នាង​ទៅវិញ។ 

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពី​ដឹង​ថា កូនស្រី​របស់​ខ្លួន​ត្រូវ​បាន​គេ​ធ្វើបាប អ្នកស្រី​ក៏បាន​ប្តឹង​អាជ្ញាធរ​កម្ពុជាឱ្យ​ជួយ​អន្តរាគមន៍​នាំ​យក​នាង​មកវិញ ដោយពេល​នោះ អាជ្ញាធរ​ស្នើ​ឱ្យ​គាត់​រង់​ចាំ រហូតដល់​ជំងឺ​កូ​វីដ១៩ចូល​មកដល់ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ត្រូវ​បន្ត​រង់ចាំ​ថែមទៀត។ 

ម្តាយ​ជនរងគ្រោះ៖ «គេ​ថា ​ចាំ​បន្តិច​ៗៗ ចាំ​រហូតដល់​កូន​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ណា! បានកូន​ខ្ញុំ​ថត​បង្ហោះ​មក​ហ្នឹង​ វា​ធ្វើបាប​ខ្លាំង​ណាស់​ហើយ ហើយ​ម្យ៉ាង​កូន​ខ្ញុំ​វា​ឈឺចុក​ចាប់​ក្នុង​ខ្លួន មិន​អាច​ទ្រាំ​បាន បាន​វា​ថត​បង្ហោះ​មក​ឱ្យ​ជួយ»។

គាត់​បន្ថែម​ថា កូន​របស់​គាត់​បាន​លួច​ប្រើ​ទូរសព្ទ​បុរស​ចិន​ដែល​បាន​បង្ខំ​នាង​ឱ្យ​រស់នៅ​ជាមួយ ដើម្បី​សរសេរ​សារ​បង្ហោះ​ទៅ​ទំព័រ​ហ្វេសប៊ុក​មួយ ខណៈ​នាង​កំពុង​អង្គុយ​ទល់មុខ​ជាមួយ​បុរស​នោះ​ដោយ​មិន​ឱ្យ​គេ​ដឹង។

គាត់​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាកចិត្ត​ យំ​រាល់ថ្ងៃ​ មិនដឹង​ថា​កូន​ខ្ញុំ​ពិបាក​ប៉ុណ្ណា បាន​ជា​វាហ៊ាន​បង្ហោះ​មក បើ​កូន​ខ្ញុំ​អត់​ពិបាក វា​អត់​ហ៊ាន​បង្ហោះ​មក​ទេ»។

ស្នងការ​រង​នគរបាល​ខេត្តក្រចេះ អ្នកស្រី នៅ រតនា និយាយ​ថា អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្តឹ​ងរបស់​ម្តាយ​ជនរងគ្រោះកាលពី​ខែតុលា​ឆ្នាំមុន ប៉ុន្តែខាង​អាជ្ញាធរ​មិន​អាច​ជួយ​ធ្វើអន្តរាគមន៍​បាន ដោយសារ​មិន​អាច​រក​ទីតាំង​ជនរងគ្រោះនិង​ទាក់ទង​ជាមួយ​នាងមិន​បាន។

ប៉ុន្តែអ្នកស្រី​ថា តាមរយៈ​សារ​បង្ហោះ​ក្នុង​ហ្វេសប៊ុក ពួក​គេ​អាច​កំណត់​ទីតាំង​ជាក់លាក់​របស់​នាង​បាន។

តាម​ប្រភព​ពី​មន្រ្តី​ដដែល ជនរងគ្រោះ​ត្រូវ​បាន​ជួយ​រំដោះខ្លួននិង​នាំ​យក​ទៅកាន់​ស្ថានីយប៉ូលិ​សក្នុង​តំបន់​មួយ​កន្លែង​រួចហើយ ហើយ​កំពុង​រង់ចាំ​មន្រ្តី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន បំពេញ​សំណុំ​ឯកសារ​ផ្លូវច្បាប់​ដើម្បី​ទៅ​ទទួល​នាង​ត្រឡប់​មក​កម្ពុជា​វិញ។ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មានប្រសាសន៍​ថា ស្ថានទូតនិង​ស្ថាន​កុងស៊ុល​កម្ពុជាប្រចាំ​នៅ​ប្រទេស​ចិន កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ចុះ​អន្តរាគមន៍​នាំ​យក​ជនរងគ្រោះ​ត្រឡប់​មក​កម្ពុជា​វិញឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

ទោះ​យ៉ាងណា ស្រ្តី​រងគ្រោះ​រូប​នេះមិនមែន​ជា​ជនរងគ្រោះ​តែម្នាក់ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ជូន​ទៅ​លក់​ឱ្យ​នៅ​ប្រទេស​ចិន​នោះទេ។

ស្រ្តី​ម្នាក់ទៀត​នៅ​ខេត្តក្រចេះ បាន​ប្រាប់ VOD នៅ​ថ្ងៃពុធ​នេះ អំពី​ករណី​ស្រដៀងគ្នា​កើត​លើ​កូនស្រី​អាយុ១៧ឆ្នាំរបស់​គាត់ ដែល​បាន​ចាកចេញ​ពី​ផ្ទះ​ក្នុង​ខែកក្កដា ​ឆ្នាំ២០២០ តាម​ការ​អូសទាញ​ពី​មេខ្យល់​ ជាមួយ​ការសន្យា​ផ្តល់​ការងារ​ល្អ​មួយ​នៅ​ប្រទេស​ចិន។

ម្តាយ​ជនរងគ្រោះ​រូប​នេះ ឱ្យ​ដឹង​ថា មេខ្យល់​នោះមានឈ្មោះ​ថា​ «មិត» និង​ថា មិនដល់​កន្លះ​ឆ្នាំ​ផង​កូន​របស់​អ្នកស្រី​ត្រូវ​បាន​នាំទៅ​ឱ្យធ្វើ​ជា​ប្រពន្ធ​បុរស​ចិន​ក្នុង​គ្រួសារ៣ផ្សេងគ្នាដោយ​មិនបាន​រៀបការ។ 

អ្នកស្រី​ប្រាប់​ថា កូន​អ្នកស្រី​បាន​លួច​ទូរសព្ទ​បុរស​ចិន​ដែល​បាន​បង្ខំ​នាង​ឱ្យ​រស់នៅ​ជាមួយ ដើម្បី​ទាក់ទង​ជាមួយ​គាត់​ប្រាប់​ពី​ទុក្ខ​លំបាក​របស់​នាង។ អ្នកស្រី​បន្ថែម​ថា កូន​អ្នកស្រី​ប្រាប់​ថា នាង​មិនបាន​រង​ការ​វាយដំ​នោះ​ទេ ប៉ុន្តែនាង​មិន​អាច​បន្ត​រស់នៅ​ជាមួយ​បុរស​ជនជាតិ​ចិន​បាន។

អ្នកស្រី​ថា៖ «អត់អី​ទេ​ម៉ែ! គេ​អត់​វ៉ៃ អត់​ធាក់​ខ្ញុំ​ទេ ប៉ុន្តែខ្ញុំ​អត់​ចុះសម្រុង​ជាមួយ​វា​ទេ វា​ថា​អ៊ីចឹង។ ម៉ែអើយ ​ខ្ញុំ​ [ចង់​] មក​ផ្ទះ​វិញ​ហើយ ជួយ​ខ្ញុំ​ផង»។

តាម​ប្រភព​សាច់​ញាតិ​ស្ត្រី​រងគ្រោះ​ដដែល មុន​ពេល​យល់ព្រម​ទៅជាមួយ​មេខ្យល់ ជនរងគ្រោះ​បម្រើការ​ងារ​ជា​អ្នក​រត់​តុ​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី ប៉ុន្តែដោយសារ​ភោជនីយដ្ឋាន​ដែល​នាង​ធ្វើការ ត្រូវ​បាន​បិទទ្វារ​ដោយសារ​បញ្ហា​កូ​វីដ១៩ ទើប​នាង​ត្រូវ​បង្ខំចិត្ត​ស្វែងរក​ការងារ​នៅកន្លែង​ផ្សេង។

ម្តាយ​ជនរងគ្រោះ និយាយ​ថា៖ «វាយ​កយើង​ទៅ​លក់​ទៅ ហើយ​វា​ដក​ពី​ហ្នឹង​ទៅ វាយ​កអា​មួយទៀត​ទៅ។ អ៊ីចឹង​បាន​ខ្ញុំ​គិតថា មិនកើត​ទេ នៅ​ទីនោះ​យូរ​ អ៊ីចឹង​បាន​ថា​ ឱបងប្អូន​អើយ​ជួយ​ខ្ញុំ​ផង ជួយ​កូន​ខ្ញុំ​ផង កុំឱ្យ​វេទនា​ពេក»។ 

ស្នងការ​រង​ខេត្តក្រចេះ អ្នកស្រី នៅ រតនា បាន​និយាយ​ថា ករណីនេះ អាជ្ញាធរ រួម​ទាំង​ក្រសួង​ការបរទេស​កម្ពុជា កំពុងធ្វើការ​ស្រាវជ្រាវ​រក​នាងនិង​នាំ​ត្រឡប់មកវិញ។ ប៉ុន្តែអ្នកស្រី​បដិសេធ​មិន​លាតត្រដាង​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ស៊ើបអង្កេត​រក​មេខ្យល់ ដោយ​ថា​ នោះជា​កិច្ចការ​សម្ងាត់​របស់​អាជ្ញាធរ។

អ្នកស្រី នៅ រតនា បាន​ថ្លែង​ថា៖ «វា​ជា​នី​តិ​វិធី​នៃ​ការស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​មេខ្យល់​អីហ្នឹង វា​ជា​នី​តិ​វិធី​របស់​សមត្ថកិច្ច ព្រោះ​យើង​ធ្វើ​អត់​ទាន់​ហើយ អ៊ីចឹ​ងយើង​មិន​អាច​បើក​បង្ហាញ​ជា​សាធារណៈ​បានទេ ថា​បែប​ណា។ វា​ជា​តម្រុយ​មួយដែល​មិនល្អ​សម្រាប់​ការងារ​ស៊ើបអង្កេត​របស់​យើង»។

លោកស្រី​បន្ថែម​ថា ក្នុង​តួនាទី​ជា​ស្នងការ​រង​ខេត្ត​ពីឆ្នាំ២០១៦ មាន​មេខ្យល់​ជាង១០នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគារ ហើយ​មាន​ជនរងគ្រោះ​ជិត១០នាក់ដែល​បាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន។ យ៉ាងណា អ្នកស្រី​មិន​អាច​ដឹងពី​ចំនួន​ជនរងគ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទដែល​មិនទាន់​បាន​ជួយសង្គ្រោះ​នោះ​ទេ។

លោកស្រី នៅ រតនា បាន​បន្ត​ថា៖ «នៅ​មាន​មួយចំនួន​ដែល​កំពុងតែ​រងគ្រោះ​នៅ​ទីនោះ ហើយ​យើង​បាត់​ដំណឹង​ ទាក់ទង​អត់​បាន។ ឥលូហ្នឹង យើង​កំពុងតែ​ស្រាវជ្រាវ​ថា បន្ទាប់ពី២ករណី​ហ្នឹងហើយ យើង​នឹង​រកមើល​ករ​ណី​ចាស់​ៗណា​ដែល​អត់​ទាន់​ជួយសង្គ្រោះ​បាន»។

តាមរយៈ​សារ​លើ​ទំព័រ Facebook មួយ​បង្ហោះ​កាលពី​ថ្ងៃសៅរ៍ ឱ្យ​ដឹង​ថា ដោយ​ស្រ្តី​រងគ្រោះ​ដែល​ត្រូវ​មេខ្យល់​បោក​យក​ទៅ​លក់​កាលពី២ឆ្នាំមុន បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​បានឃើញ​សារ​របស់​នាង​ជួយ​ចែករំលែក​សារ​នោះ​ ដើម្បី​ឱ្យ​បញ្ហា​របស់​នាង​ជ្រាប​ដល់​ក្រុម​សិទ្ធិមនុស្សនិង​អាជ្ញាធរ។

នាង​រៀបរាប់​ក្នុង​សារ​សរសេរ​ថា៖ «ពេលនេះ ខ្ញុំ​រង​សម្ពាធ​ខ្លាំង​ណាស់​ ត្រូវ​គេ​បិទ​សេរីភាព ហើយ​គេ​បង្ខំ​ឱ្យ​មានកូន​ឱ្យ​គេ​ឱ្យ​ឆាប់​ទៀត»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍​ថា ករណី​ជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន បាន​កើតឡើង​តាំងពី​មុន​ឆ្នាំ២០១០ ក្រោម​រូបភាព​អាពាហ៍​ពិពាហ៍​ឆ្លងដែន ប៉ុន្តែ​ក្រោយមក មានការ​រឹត​បន្តឹង ក្រុម​មេខ្យល់​បាន​ប្តូរ​យុទ្ធសាស្ត្រ​ឆបោក ដោយ​បញ្ជូន​ស្រ្តី​រងគ្រោះតាមផ្លូវគោកឆ្លងកាត់​ប្រទេស​វៀតណាម​វិញ។

បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មាន​ស្ត្រី​កម្ពុជារាប់ពាន់​នាក់ កំពុង​ធ្លាក់ខ្លួន​ជា​ទាសករ​ផ្លូវភេទ​បុរស​ចិន ដោយ​លោក​ថា កម្ពុជា ជា​ប្រទេស​គោលដៅ​របស់​បណ្តាញ​ជួញដូរ​មនុស្ស ដោយសារ​ភាព​ក្រីក្រ តម្លៃ​ពលកម្ម​ទាប និង​កង្វះ​ការអប់រំ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ដល់​គោលដៅ។

លោ​ក មឿន តុលា មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​កម្ពុជាមាន​ទំនាក់ទំនង​ល្អ ស្និ​ទ្ធស្នាល​ជាមួយ​ខាង​រដ្ឋាភិបាល​ចិន អ៊ីចឹង​បើសិនជា​យក​បញ្ហា​ហ្នឹង​មក​និយាយ ហើយ​យើង​បន្ថែម​បុគ្គលិក​ទៅដល់​ស្ថានទូត ស្ថាន​កុងស៊ុល ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បញ្ហា​អស់ហ្នឹង ហើយ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​មួយ មានការ​បើកទូលាយ​ទៅវិញទៅមក ស្មោះត្រង់​ជាមួយគ្នា ដើម្បី​ជួយសង្គ្រោះ​ស្ត្រី​ទាំងអស់​ហ្នឹង ខ្ញុំ​គិតថា អាច​បាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ