តុលាការ​ខេត្ត​​កំពត​​លើក​ពេល​​ជម្រះ​ក្តី​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​៤​រូប​ ដោយ​សារ​​ចៅ​ក្រម​​ជាប់​​ធ្វើ​​ចត្តា​ឡីស័​ក

ទិដ្ឋភាពនៅពីមុខសាលាដំបូងខេត្តកំពត កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ សាលាដំបូងខេត្តកំពត Kampot provincial court of the first instance)

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​គណបក្ស​ប្រឆាំង ឱ្យ​ដឹង​ថា តុលាការខេត្ត​កំពត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើកពេល​ជំនុំជម្រះ​សំណុំរឿង​កូន​ក្តី៤រូប ដោយសារ​ចៅក្រម​កាន់​សំណុំរឿង​ជាប់​ធ្វើ​ចត្តាឡីស័​កឬដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ពាក់ព័ន្ធ​កូ​វីដ១៩។

តាម​ដីកាកោះ ចុះ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត លោក ខា ដែន​ណា បង្គាប់​ឱ្យ​ជនជាប់ចោទ​ជាសកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន៤នាក់ ចូល​ទៅកាន់​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង៨ព្រឹក ដើម្បី​ជំនុំជម្រះ​ពី​បទ មិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ ប្រឆាំង​សាលដីកា​តុលាការ​កំពូល ប្រមូល​ផ្តុំ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជា​អាទិ៍ ប្រព្រឹត្ត​នៅ​ស្រុក​ឈូក ខេត្តកំពត កាលពី​ឆ្នាំ២០១៩។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​អតីត​បក្ស​ប្រឆាំង មានប្រសាសន៍​ថា សំណុំរឿង​នេះត្រូវ​បាន​តុលាការ​សម្រេច​ពន្យា​រពេល​បើក​សវនា​ការ​ជំនុំជម្រះ​ហើយ ដោយសារ​ចៅក្រម ជាប់​ធ្វើ​ចត្តាឡីស័​កក្រោយពី​មាន​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា។

លោក​ថា៖ «ថ្ងៃនេះ ​[កូន​ក្តី​] ត្រូវ​ចូល៤នាក់ មាន ង៉ែត ឃុច​, នុត ពេជ្យ, សាង ចំរើន និង ហេង សែ ជាប់ចោទ ទី១ បទ​ញុះញង់ ទី២ មិន​គោរព​ទៅតាម​សេចក្តី​សម្រេច​របស់​តុលាការ»។

បើ​តាមលោក ​សំ សុ​គង់ សមាសភាព​ជំនុំជម្រះ​លើ​សំណុំរឿង​នេះមានលោក គាំ គង្គា ជា​ចៅក្រម​ជំនុំជម្រះ លោក ខា ដែន​ណា ជា​តំណាង​អយ្យការ និង​លោកស្រី សាន់ ដារ៉ា ជា​ក្រឡាបញ្ជី​សវនា​ការ។

ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត លោក ម៉ាន់ បូ​រេ​ត មានប្រសាសន៍​ថា សវនា​ការ​លើ​សំណុំរឿង​នេះ ពិតជា​ត្រូវ​បា​នព​ន្យា​រពេល​មែន ដោយសារ លោក​ចៅក្រម គាំ គង្គា បាន​និង​កំពុង​ធ្វើ​ចត្តាឡីស័​ក ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍​២៨វិច្ឆិកា។

លោក​ថា៖ «គាត់ ​[ចៅក្រម គាំ គង្គា​] ធ្វើ​ [ចត្តាឡីស័​ក] ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា​មក»។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពត លោក ញា ប៊ុ​នថន មានប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​តុលាការ​ដែល​ធ្វើ​ចត្តាឡីស័​កមានតែ​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ពាក់ព័ន្ធ​ដោយប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា សរុប​ចំនួន២១នាក់។

លោក​ថា៖ «នៅ​កំពត​នេះ សុទ្ធតែ​ [អ្នក​ប៉ះពាល់​] ប្រយោល​ទេ ទាំងអស់២១នាក់»។

កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ជំនុំជម្រះ​អតីត​សកម្មជន និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​សរុប​ជិត១៤០នាក់ ពាក់ព័ន្ធ​បទ​ចោទ​ដូចគ្នា​។ ប៉ុន្តែ​ក្រោយ​សាកសួរ​មួយ​ព្រឹក សំណុំរឿងត្រូវ​បាន​តុលាការ​លើកយក​ទៅ​សវនា​ការ​បន្ត​នៅដើម​ឆ្នាំ២០២១​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ