រដ្ឋា​ភិបាល​​បិទ​​អគារ​​កា​ណា​​ឌី​យ៉ា​ ​និង​​ធនាគារ​២​បណ្ដោះ​អាសន្ន​ បន្ទាប់​​រក​​ឃើញ​​បុគ្គលិក​២​រូប​​ឆ្លង​​កូ​វីដ​១៩​

ទិដ្ឋភាព​ពីមុខ​អគារ​កា​ណា​ឌី​យ៉ា ក្នុង​ក្រុងភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​អគារ​កា​ណា​ឌី​យ៉ា និង​ធនាគារ​ចំនួន២ជា​បណ្ដោះអាសន្ន បន្ទាប់ពី​រក​ឃើញ​បុគ្គលិក​ធនាគារ២រូប​មាន​ផ្ទុក​កូ​វីដ១៩។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស២នាក់​ថែមទៀត​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​នោះ​មាន​បុរស​ម្នាក់​អាយុ២៣ឆ្នាំ​បម្រើការ​នៅ​ធនាគារ​ចិន ស្ថិតនៅ​ក្នុង​អគារ​កា​ណា​ឌី​យ៉ា និង​នារី​កម្ពុជា​ម្នាក់ទៀត​អាយុ២១ឆ្នាំដែល​បម្រើការ​ងារ​នៅ​ធនាគារ​ កាថេ ​យូ​ណៃ​ធី​ត នៅ​រាជធានី​ភ្នំពេញ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បិទ​អគារ​កា​ណា​ឌី​យ៉ា​ទាំងមូល ក្នុង​នោះ​មាន​ទាំង​ធនាគារ​ចិន​ដែល​មាន​ការិយាល័យ​ស្ថិត​ក្នុង​អគារ​កា​ឌី​ណា​យ៉ា​ផង​ដែរ និង​ធនាគារ​ កា​ថេ យូ​ណៃ​ធី​ត បន្ទាប់ពី​រក​ឃើញ​ករណី​ទាំង២នេះ។

បើ​តាម​ក្រសួងសុខាភិបាល បុរស​កម្ពុជា​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វីដ១៩នោះ ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី​វ័យ៣៦ឆ្នាំ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វីដ១៩ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា​កន្លងមក​នេះ ហើយ​នារី​កម្ពុជា​ដែល​បម្រើការ​ងារ​នៅ​ធនាគារ​ កា​ថេ យូ​ណៃ​ធី​ត ស្ថិតនៅ​ផ្លូវ​សម្ដេច​ប៉ាន ក្នុង​ខណ្ឌដូនពេញ គឺជា​ប្អូនស្រី​បង្កើត​របស់​បុរស​កម្ពុជា​ខាងលើ​នេះ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​ថា ជាប់រវល់​ប្រជុំ។

បើ​តាម​សេចក្ដីប្រកាស​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា គិតម៉ោង៧ព្រឹក​ ថ្ងៃទី៣ ខែធ្នូ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣៣១នាក់ ក្នុង​នោះ​ព្យាបាល​សះស្បើយ ​ចំនួន៣០៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន២៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ