ពលរដ្ឋនៅបុរីពិភពថ្មីវេងស្រេងស្នើឱ្យពន្លឿនរៀបប្រព័ន្ធបង្ហូរទឹក

បុរសម្នាក់ឈរនៅត្រង់ភ្លូវលិចទឹកក្នុងបុរីពិភពថ្មីវេងស្រេង កាលពីខែតុលាឆ្នាំ២០២០។ រូបពីហ្វេសប៊ុក សន ជ័យ

ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីវេងស្រេងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពាវនាវឱ្យអាជ្ញាធរពន្លឿនការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យល្អ ព្រោះថា ឱ្យតែមានភ្លៀងទោះតិចឬច្រើន តែងតែលិចផ្ទះរបស់ពួកគាត់។​

ពលរដ្ឋម្នាក់រស់នៅបុរីពិភពថ្មីផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ លោក ម៉ៅ ជុំ លើកឡើងថា នៅពេលដែលមេឃងងឹតរកភ្លៀងលោក មិនហ៊ានចេញក្រៅផ្ទះទេព្រោះខ្លាចទឹកលិចខូចឥវ៉ាន់។​ លោកស្នើឱ្យអាជ្ញាធរ ពន្លឿនរៀបចំ លូ ឬ ប្រឡាយ ដើម្បីបង្ហូរទឹកពេលមានភ្លៀង។​

លោក សន ជ័យ ជាមន្ត្រីអង្គការសង្គមស៊ីវិលមួយរូបដែលរស់នៅក្នុងបុរីនេះដែរ លើកឡើងថា នៅពេលដែលមាន មេឃងងឹត រឺ​ក៏ មេឃភ្លៀងធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ ច្របូកច្របល់ ដោយសារខ្លាច ទឹកលិចផ្ទះ។

លោក សន ជ័យ​៖« ប្រជាជន ចាប់ផ្តើម ខ្វល់ខ្វាយ ពីផ្ទះសំបែង នៅពេលដែលមានភ្លៀង ធ្លាក់ម្តងៗ ពិព្រោះពេលមានភ្លៀងធ្វើអោយពួកគាត់ បាត់បង់ ចំណូល ជាច្រើន ហើយត្រូវ ខូចខាត របស់របប និង ធ្វើអោយ ប៉ះពាល់ដល់ អ្នករកស៊ី ដែល អ្នកខ្លះមាន អាជីវកម្ម ជាលក្ខណ: គ្រួសារ​ »

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ  លោក មេត មាសភក្តី មានប្រសាសន៍ថា អាជ្ញាធរកំពុងដោះស្រាយបញ្ហាផ្សេងៗក្រោយទឹកជំនន់ ហើយថា ផែនការដោះស្រាយគឺទូទាំងរាជធានីមិនមែនតែបុរីពិភពថ្មីវេងស្រេងនេះមួយទេ។​

លោកមេត មាសភក្តី៖« បន្ទាប់ពីទឹកជំនន់បញ្ចប់អាជ្ញាធរ បានលាងសម្អាត តាំងពីការជួយរឿងអនាម័យ បរិស្ថានហើយរឿងបាញ់ថ្នាំ កំចាត់មេរោគអីហ្នឹងថែមទៀត។ដោយឡែករឿងជំនន់ដោយសារបញ្ហាទឹកភ្លៀងវាមានទីតាំងខ្លះដែលយើងកំពុងតែមានផែនការរំដោះទឹកជារួម ក្នុងការគិតគូរំដោះទឹកក្នុងរាជធានីភ្នំពេញរបស់យើង។ យើងមានមានយន្តការដែលកំពុងតែធ្វើក្នុងការងារដោះស្រាយបញ្ហាទឹកហ្នឹងហើយមិនមែនតែតំបន់ហ្នឹងទេ គឺជារួមនៃផែនការរំដោះទឹកនៅរាជធានីភ្នំពេញរបស់យើង»។

បើតាមលោក សន ជ័យគឺផ្ទះប្រជាពលរដ្ឋរស់នៅតំបន់នោះមានជាង២០០ល្វែង ហើយតែងតែជួបការលំបាកនៅពេលមានភ្លៀងធ្លាក់ ដែលទឹកលិចជាប្រភេទទឹកស្អុយលិចចូលក្នុងផ្ទះច្រើនថ្ងៃ៕

អត្ថបទដោយ ម៉ិច ជូឡាយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ