សកម្ម​ជន​​ព្រៃ​ឈើ​​ខេត្ត​កំពង់ធំ​​ថា​ សកម្ម​ភាព​​ដឹក​ឈើ​​ចេញ​ពី​​ព្រៃ​​ឡង់​​កើន​ឡើង​ ខណៈ​​អាជ្ញា​ធរ​​ជាប់​​ទប់​ស្កាត់​​ជំងឺ​​កូ​វីដ​​

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់​ក្នុងខេត្តកំពង់ធំ ត្រូវបានដឹកតាមគោយន្តចេញពីតំបន់ព្រៃឡង់យកទៅឱ្យឈ្មួញ កាលពីដើមខែមិថុនា ឆ្នាំ២០២០។ (បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ)

សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ អះអាង​ថា សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​កើនឡើង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​រវល់​រឿង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

បណ្តាល​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ លោក សុខ ប្លោក ប្រាប់​វី​អូ​ឌី​នៅ​ពុធ​នេះ​ថា តាមរយៈ​ក្រុម​របស់​លោក​ចុះ​ល្បាត​តាម​តំបន់​ជាយព្រៃ​ឡង់​នោះ ពួក​គេ​សង្កេតឃើញ​សកម្មភាព​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡើង​បាន​កើនឡើង ខណៈ​រដ្ឋាភិបាលនិង​អាជ្ញាធរ​ខេត្តកំពុងរវល់​ជាមួយ​បញ្ហា​ជំងឺ​កូ​វីដ១៩។

លោក​បន្ត​ថា កាលពី​សប្តាហ៍​មុន​នេះ ក្រុម​របស់​លោក​ចុះ​ល្បាត​ក្រៅ​តំបន់​ព្រៃ​ឡង់ ក៏​ឃាត់​បាន​បទល្មើស​ដឹកឈើ​តាម​គោយន្តនិង​កាណូត​ចំនួនពីរ​ទៅ​បី​ករណី​ផង​ដែរ និង​បាន​ប្រគល់​វត្ថុ​តាង​ឱ្យ​មន្ត្រី​បរិស្ថាន។ 

លោក​បន្ថែម​ថា៖ «កាលពី​សប្តាហ៍​មុន ដែល​ខ្ញុំ​សាក​ចូលព្រៃ​ឡង់ គឺ​ឃើញថា ​បទល្មើសគ្រាន់តែ​មួយ​កន្លែង​ដែល​ខ្ញុំ​ចូល​ទៅ​ស៊ើប​នោះ ​ម៉ាស៊ីន៥គ្រឿងអារ​នៅ​តំបន់​នោះ ហើយ​ផ្លូវ​វិញ​ដឹក​សឹក​ជាង​ថ្នល់​កៅស៊ូ​ទៀត។ បើ​ប្រៀបពីមុន ​គឺ​សកម្មភាព​ដឹកឈើ​ខ្លាំង​ជាង​មុន​ទៀត»។

តំណាង​ក្រុម​ស្នូល​បណ្តាញ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក ម៉ិញ នី និយាយ​ថា ជនល្មើស​បាន​ប្រើ​មធ្យោបាយ ដូចជា ​គោយន្ត កាណូត និង​ម៉ូតូ ​ជាដើម ដើម្បី​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ដែល​សកម្មភាព​ទាំងនេះអាច​បញ្ជាក់​បាន​ថា ការ​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ពុំ​មានការ​ថមថយ​ទេ។

លោក​បន្ថែម​ថា៖ «តាំងពី​កូ​វី​ដដំបូង រហូតមកដល់​កូ​វី​ដទី២ ទី៣ វា​អត់មាន​សកម្មភាព​អី​ដែលគេ​ឈប់​ដឹក​ទេ នៅតែ​បន្ត​ដឹក​រហូត ទាំង​ការ​កាប់​ឈើនិង​ការ​ដឹកឈើ​ចេញ មិន​មានការ​ថមថយ​ទេ»។

ប្រធាន​មន្ទី​របរិស្ថាន​ខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍​ថា ក្នុង​តំបន់​ព្រៃ​ឡង់ពុំ​មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ទៀត​ឡើយ គឺ​មានតែ​បទល្មើស​ទ្រង់​ទ្រា​យតូចៗដែល​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​លួច​កាប់ដើម្បី​យក​ទៅ​សង់​លំនៅឋានប៉ុណ្ណោះ។

លោក​អះអាង​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​ល្បាត​ស្ទើរ​រាល់ថ្ងៃ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នានា ដែល​កើតមាន​នៅ​តំបន់​ការពារ​ព្រៃ​ឡង់។

លោក​បន្ថែម​ថា៖ «សព្វថ្ងៃ​ វា​មិន​មាន​បទល្មើស​ទ្រង់ទ្រាយ​ធំ​ទេ វា​មានតែ​ល្មើស ​[តូច​ៗ] ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ហ្នឹង ​គាត់​ដឹក​តិចតួច ៤ទៅ១០សន្លឹក​ ចេញពី​ចម្ការ​របស់​គាត់​ទេ។ បើ​រឿង​ថា​បទល្មើស​ពីក្រៅ​ទៅ​ទ្រង់ទ្រាយ​ធំ វា​អត់មាន​ទេ»។

របាយការណ៍​ក្រសួងបរិស្ថាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាននិង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់ បាន​ចុះ​ល្បាត​ចំនួន១ ៨២៣លើក ក្នុង​នោះ បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន៩៥៤ករណី។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ជំនាញ​បាន​កសាង​និង​បញ្ជូន​សំណុំរឿង​ចំនួន៤០ករណីទៅ​តុលាការ ធ្វើការ​អប់រំនិង​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន៤២០ករណី និង​ពិន័យ​អន្តរការណ៍៤១ករណី។

ក្នុង​ប្រតិបត្តិ​ការនោះ មន្ត្រី​ជំនាញ​បាន​រឹបអូស​រណារ​យន្ត​បាន​ចំនួន៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្ត​ចំនួន១០៦គ្រឿង និង​ម៉ូតូ៤៦គ្រឿង​, រឹបអូស​ឈើ​ចំនួន៣០៣ម៉ែត្រគូប​, ដោះ​អន្ទាក់​បាន​ចំនួន១ ៦៧៧អន្ទាក់ និង​ដកហូតនិង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន១០៣គ្រឿង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ