ក្រសួង​​សម្រេច​​ផ្អាក​​ការ​​បង្រៀន​និង​​ប្រឡង​​យក​​បណ្ណ​​បើក​បរ​១៥​ថ្ងៃ​​សិន​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ អំឡុងខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានសម្រេច​ផ្អាក​ដំណើរការ​សាលាបង្រៀន​បើកបរ និង​ការប្រឡងយក​បណ្ណ​បើកបរ​រយៈពេល​កន្លះ​ខែ ខណៈ​មាន​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយ​ករណី​ឆ្លង​ក្នុង​សហគមន៍ត្រូវ​បាន​រក​ឃើញ​កាលពី​ចុង​សប្ដាហ៍​មុន។

ក្រសួង​បានសម្រេច​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃនេះ ដែល​ក្រសួង​ថា ជា​ការអនុវត្ត​តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ក្រសួង​បញ្ជាក់​ថា ការ​បង្រៀន​បើកបរ​នៅ​តាម​សាលាបង្រៀន និង​ការប្រឡងយក​បណ្ណ​បើកបរ​នៅ​ស្ថាប័ន​ចំណុះ​របស់ក្រ​សួង​នៅ​ទូទាំង​ប្រទេស ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៥ ខែធ្នូ​នេះ។

កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ឡើងវិញ បន្ទាប់ពី​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​ការ​ឆ្លង​ក្នុង​សហគមន៍លើកដំបូង។

មនុស្ស១៧នាក់​ហើយដែល​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍ ២៨វិច្ឆិកា ឬបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភរិយា​របស់​លោក ឆែម សា​វុធ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ គិត​ចាប់តាំងពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​មុន​មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ