តុលាការ​លើក​ពេល​សវនាការ​​លោក​ រ៉ុង​ ឈុន​ ដោយ​សារ​បញ្ហា​កូវីដ​១៩​

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន និយាយថា សវនាការកូនក្តីលោក​ដែលគ្រោងធ្វើនៅសាលាដំបូងរាជធានីភ្នំពេញ​នាថ្ងៃ​នេះ ត្រូវបានលើកពេល​ហើយ ដោយសារក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឱ្យ​មេដឹកនាំ​សហជីព​ លោក រ៉ុង ឈុន និយាយថា តុលាការមិនទាន់ប្រាប់ពេលជាក់លាក់សម្រាប់សវនាការលើកក្រោយនៅឡើយទេ ដោយគ្រាន់តែអះអាងថា មូលហេតុមកពីបញ្ហាកូវីដ-១៩។

លោក សំ សុគង់ ប្រាប់ថា៖ «គេលើកពេលៗ។ អត់ទាន់កំណត់ទេ ប្រហែលជាក្រោយថ្ងៃទី១៤ ឬ១៥ ឬ១៦ បានគេចេញដីកាថ្មី»។

តាមរយៈដីកាចុះថ្ងៃទី១២ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ ​បានកំណត់យកថ្ងៃទី២ ខែធ្នូ បើកសវនាការ​ជម្រះ​សំណុំរឿងស​មាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ច​​ចាប់ខ្លួននៅគេហដ្ឋានរបស់លោក​នៅរាជធានីភ្នំពេញ​​កាលពី​ថ្ងៃទី៣១ ខែកក្កដា ក្រោយពីលោកប​ង្ហោះ​​សារលើហ្វេសប៊ុកនិយាយថា ពលរដ្ឋ១០៦គ្រួសារនៅខេត្តត្បូងឃ្មុំ ប្រឈមនឹងបាត់បង់​ដីស្រែចម្ការដោយសារការបោះបង្គោ​​​លព្រំដែនកម្ពុជា-វៀតណាម បើរដ្ឋាភិបាលមិនអន្តរាគមន៍ទាន់ពេល។

មួយ​ថ្ងៃក្រោយ​មក លោក រ៉ុង ឈុន ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ហើយ​ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនរង់ចាំ​សវនាការ​នៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ