ក្រសួង​សុខា​ភិបាល​​ថា ​លោក​ សួស​ យ៉ា​រ៉ា​ មិន​បាន​​ប៉ះ​ពាល់​​នរណា​​ទេ​ មុន​​លាប់​​ជំងឺ​​កូ​វីដ១៩​ឡើង​វិញ​​

តំណាងរាស្ត្រ​បក្ស​កាន់អំណាច លោក សួស យ៉ា​រ៉ា ក្នុងជំនួបមួយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា តំណាងរាស្ត្រ​បក្ស​កាន់អំណាច លោក សួស យ៉ា​រ៉ា មិនបាន​ប៉ះពាល់​នរណា​ម្នាក់​នោះ​ឡើយ មុន​ពេល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ឡើងវិញ ក្រោយ​លាប់​ជំងឺ​កូ​វីដ១៩។

អ្នកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា លោក សួស យ៉ា​រ៉ា បាន​លាប់​នឹង​ជំងឺ​កូ​វីដ១៩ឡើងវិញ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែអ្នកស្រី​ថា គាត់​នៅតែ​បន្ត​ដាក់ខ្លួន​ឯង​នៅ​ដោយឡែក​មុន​​លោក​មាន​អាការ​មិន​ស្រួលខ្លួន​ឡើងវិញ និង​ត្រូវ​បាន​គេ​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទី​រពេទ្យ​វិញ។

អ្នកស្រី ឱ វណ្ណ​ឌីន ប្រាប់​ថា៖ ‍​«ពេល​ចេញពី​ពេទ្យ​នោះ គឺ​គាត់​បន្ត​ធ្វើ​ចត្តាឡីស័​កតាម​ការណែនាំ​របស់​គ្រូពេទ្យ មិន​មាន​ប៉ះពាល់​អ្នកណា​ទេ រហូតដល់​គាត់​បាន​វិល​មក​សម្រាក​ពេទ្យ​វិញ»។

តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​របស់​គណបក្សប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ថា លោក​បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយពី​លោក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​លោក​ជាប់ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា។

ព្រឹត្តិ​ការណ៍​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ហៅ​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា។

បើ​តាម​លោកស្រី ឱ វណ្ណ​ឌីន ថាករណី​ដែល​លាប់​ជំងឺ​មកវិញ​នេះ មិន​ត្រូវ​បាន​រាប់បញ្ចូល​ជា​ករណី​ថ្មី​នោះ​ទេ ដោយសារតែ​ជា​រឿង​ជាន់គ្នានិង​មាន​តិចតួច​បំផុត​ដែល​បាន​កើតឡើង​នៅ​លើ​ពិភពលោក​នេះ។

គិត​ចាប់តាំងពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩លើកដំបូង​កាលពី​ចុងខែ​មករា​មក ករណី​លាប់​ជំងឺ​កូ​វីដ១៩ឡើង បាន​កើតឡើង៣លើក​រួចមក​ហើយ។ បុរស​កម្ពុជា​ម្នាក់​រស់នៅ​សង្កាត់​ច្រាំងចំរេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ឡើងវិញ​ កាលពី​ថ្ងៃទី៩ ខែមេសា ១៥ថ្ងៃក្រោយ​ពី​គាត់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។ បុរស​កម្ពុជា​ម្នាក់ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើងវិញ​កាលពី​ខែសីហា​កន្លងមក​នេះ ក្រោយពី​គាត់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ