រដ្ឋបាល​​រាជ​ធានី​​ភ្នំពេញ​​ប្រកាស​​ផ្តល់​​ថវិកា​​ឧបត្ថម្ភ​​ដល់​​អ្នក​​ពាក់​ព័ន្ធ​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២៨​វិច្ឆិកា​​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចត្តាឡីស័​កនៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រួសារ​ចំនួន២ម៉ឺន​រៀលក្នុង​មួយថ្ងៃ រយៈពេល១៥ថ្ងៃ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល រួមមាន អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា អ្នក​ដែល​ទទួល​បានការ​ធ្វើតេស្ត​ហើយ​លទ្ធផល​អវិជ្ជមាន អ្នក​ដែល​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះ​និង​សណ្ឋាគារ និង​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត។

កាលពី​ថ្ងៃម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល ដែល​ជា​អ្នកគ្រប់គ្រង​ថវិកា​បាន​ពី​ការចូលរួម​វិភាគទាន ឱ្យ​ទម្លាក់​លុយ​ទៅតាម​បណ្តា​រាជធានី​-ខេត្ត​គោលដៅ ក្នុង​មួយ​ខេត្ត៥០លាន​រៀល ដើម្បី​ឧបត្ថម្ភ​គ្រួសារ​ក្រី​ក្រដែល​មក​ធ្វើ​ចត្តាឡីស័​កនូវ​ថវិកា​មួយ​គ្រួសារចំនួន២ម៉ឺន​រៀល ក្នុង​បំណង​ជួយ​សម្រួល​ដល់​បន្ទុក​គ្រួសារ​របស់​ពួក​គេ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​កំណត់​ជាគោល​ការណ៍​តែម្តង ក្នុង១គ្រួសារ​ទទួល​បាន២ម៉ឺន​រៀល​ក្នុង១ថ្ងៃ ប៉ុន្តែយើង​រាប់​លំដាប់​តែ​អ្នក​ក្រីក្រ​បាន​ហើយ ដែល​យើង​មាន​បណ្ណ​ក្រីក្រ​ហើយស្រេច»។

នាយក​រដ្ឋមន្ត្រីថ្លែង​ដែរ​ថា ថវិកា​ជាង៤២ពាន់​លាន​រៀលដែល​បាន​ពី​វិភាគទាន​សម្រាប់​ត្រៀម​ចំណាយ ក្នុង​នោះ​ជាង៣៧ពាន់​លាន​រៀលបាន​ដាក់​ក្នុង​ធនាគារ​ហើយ និង​ត្រៀម​ថវិកាជាតិ​មួយចំនួន​ទៀត​បើ​មិន​គ្រប់។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ថ្ងៃម្សិលមិញ អ្នក​ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ហើយ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ សរុប​មាន​ចំនួន៤ ៨៦៩នាក់ ក្នុង​នោះ លទ្ធផល​អ្នក​វិជ្ជមាន​កូ​វីដ១៩ មាន​ចំនួន១៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ