លោក កឹម សុខា៖ ការបង្រួបបង្រួមគ្នាជាកាតព្វ​កិច្ច​ដែលអ្នកដឹកនាំគ្រប់រូបត្រូវធ្វើ​ដើម្បីប្រយោជន៍ជាតិ

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

ថ្នាក់ដឹកនាំមួយរូបនៃអតីត​​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការដាក់ក្រោមការត្រួតពិនិត្យនៅឡើយនោះ បានលើកឡើងថា ការបង្រួបបង្រួម​គ្នា និងការមិន​​សងសឹកគ្នា ជាកាតព្វកិច្ច និងកិត្តិយសរបស់ខ្មែរ ជាពិសេសថ្នាក់ដឹកនាំគ្រប់រូប ដើម្បីជាតិ​​មាតុភូមិ និងពលរដ្ឋគ្រប់រូប។​

លោក កឹម សុខា បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា៖ «ការបង្រួបបង្រួម​ខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។

លោកបន្ត​ថា បើទោះជាលោក​មិនមានសិទ្ធិសេរីភាពពេញលេញ ក្នុងការនិយាយស្តីឱ្យបានច្រើន ដើម្បីជាប្រ​យោជន៍​សម្រាប់មាតុភូមិកម្ពុជា និង​ប្រជាពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែលោក​ថា អ្វីដែលអាចធ្វើបាន គឺការ​មិនរំលោភច្បាប់ ឬមិន​ប៉ះពាល់សិទ្ធិអ្នកដទៃ​ និងព្យាយាម​ធ្វើតាមលទ្ធភាព ដើម្បីខ្មែរ។

លោក កឹម សុខា បានសរសេរបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៅពេលដែលលោកចុះមូលដ្ឋានក្នុងសកម្មភាពមនុស្សធម៌ និងសកម្មភាពឯកជនក្នុងក្រុមគ្រួសារ ក៏មានសមត្ថកិច្ចនៅទីតាំងខ្លះ បាន​សហការល្អបង្កភាពងាយស្រួល ខណៈសមត្ថកិច្ចនៅទីតាំង​ខ្លះទៀត បានតាមដាន ឃ្លាំមើល និងថតរូបនិងសម្លេង។ លោកថា ទោះមានការឃ្លាំមើលពីសកម្មភាពខ្លះរបស់លោកក៏ដោយ ប៉ុន្តែ លោកនៅរក្សាជំហរអហិង្សា។

លោកបន្ថែមថា៖ «បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនៈភាពសម្រាប់ខ្មែរដូចគ្នា»

លោក កឹម សុខា ត្រូវដកហូតសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ គិតចាប់ពីថ្ងៃដែល​សមត្ថកិច្ច​ចាប់ខ្លួនលោក កាលពី​អំ​ឡុ​ង​​​ខែកញ្ញា ឆ្នាំ​២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋ​អាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។

ប៉ុន្តែសហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្តីថ្លែងការណ៍​អះអាងថា អតីតមេបក្សប្រឆាំង​រូបនេះ ជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់​លោក កឹម សុខា ឡើងវិញ ដោយគ្មានលក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ