លោក​ស្រី​ មូរ​ សុខ​ហួរ​ ថា​​នឹង​​ដឹក​នាំ​​ក្រុម​ការងារ​​មក​​កម្ពុជា​​នៅ​ដើម​​ខែ​ក្រោយ​​ដើម្បី​​ត​តាំង​​ក្តី​​នៅ​​តុលាការ​​

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Mu Sochua)

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​ប្រកាស​ថា នឹង​ដឹកនាំ​ក្រុមការងារ​មក​កម្ពុជា នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និង​បាន​ជំរុញ​ដល់​តុលាការជួយ​អន្តរាគមន៍​បើកផ្លូវ​ឱ្យ​ពួក​គាត់បាន​មក​តតាំង​ក្តី​នៅកម្ពុជា។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​នេះ​នៅ​ក្រៅប្រទេស នៅ​ចុងខែ​វិច្ឆិកា​នេះ អង្គប្រជុំបាន​ឯកភាព​គ្នានិង​សម្រេច​ឱ្យ​ថ្នាក់ដឹកនាំនិង​សកម្មជន​ដែល​មានឈ្មោះ​ក្នុង​ដីកា​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយដែល​កំពុង​និរទេសនៅ​ក្រៅប្រទេស ត្រូវ​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «លោកស្រី មូរ សុខ​ហួរ អនុប្រធាន​ [អតីត​] គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ថ្នាក់ដឹកនាំនិង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មាតុភូមិ​និវត្តន៍​ទៅកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១»។

លោកស្រី មូរ សុខ​ហួរ និង​ថ្នាក់ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ចំនួន៨រូប​ទៀតនៅ​ក្រៅប្រទេស ត្រូវ​បាន​តុលាការ​ចេញដីកាកោះ​ឱ្យ​ចូល​មក​បំភ្លឺ​ជុំវិញ​បទ​ចោទ «ឧបឃាត » ឬក្បត់ជាតិ រួម​នឹង​បទ​ចោទ​មួយចំនួន​ទៀត តែ​ត្រូវ​បាន​លើកពេល​ច្រើនដង។

ចំណែក​អតីត​សកម្មជន ចោទ​ពី​បទ «រួមគំនិតក្បត់ និង​ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍ ឬញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​សំណុំរឿង​ភាគ​ច្រើនជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការ​គាំទ្រ​គម្រោង​វិលត្រឡប់​របស់​លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​នេះ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី មូរ សុខ​ហួរ មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា គម្រោង​វិល​ចូល​កម្ពុជា​លើក​នេះ ជា​ការ​ចូលខ្លួន​តតាំង​ក្តី​ក្នុង​តុលាការ ដើម្បី​បញ្ចប់​បញ្ហា​នយោបាយនិង​ឈាន​ទៅ​ការផ្សះផ្សា​ជាតិ។

លោកស្រី​ថា៖ «បើ​ទៅ​ចាប់​ៗចុះ ចង់​ធ្វើ​អី​ធ្វើ​ចុះ ធ្វើ​ម៉េច​ឱ្យ​តែ​បញ្ចប់​សេចក្តី​ហ្នឹង ​[បញ្ហា​ហ្នឹង​] ដើម្បី​ឈាន​ទៅ​រក​ការផ្សះផ្សា​ជាតិ»។

អ្នកស្រី មូរ សុខ​ហួរ និង​សកម្មជន​ជាច្រើន​រូបបាន​គេចខ្លួន​ទៅក្រៅ​ប្រទេស ក្រោយ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួននិង​ចំ​ពេល​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​គណបក្ស​នេះនៅ​ចុងឆ្នាំ២០១៧។

លោក​មេធាវី សំ សុ​គង់ មានប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃអង្គារ​នេះ លោក​នៅ​មិនទាន់​ដាក់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រកាស​ត្រឡប់​មក​កម្ពុជា​វិញ ពីសំណាក់​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង ទៅកាន់​​តុលាការ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា នឹង​យក​ទៅ​ដាក់​នៅ​ចុង​សប្តាហ៍​នេះ។ លោក​បន្ត​ថា ជា​សិទ្ធិ​ធានា​ដោយ​ច្បាប់ព្រហ្មទណ្ឌ​អន្តរជាតិ កូន​ក្តី​ជា​ជនជាប់ចោទ ត្រូវ​មានវត្តមានក្នុង​អង្គ​សវនា​ការ ដើម្បី​បាន​តតាំង​ក្តី ។

លោក​ថា៖ «ចំណុច​ទី២ ខ្ញុំ​គិតថា បើ​យើង​អាចយ​កដំណោះស្រាយ​នយោបាយ​មក​ដោះស្រាយ វា​ល្អ​ជាង​យើង​យក​នីតិវិធី​ច្បាប់​មក​ដោះស្រាយ ដោយសារ​មេដឹកនាំ​ទាំង៩នាក់ ក៏​ដូច​អតីត​សកម្មជន​ដែល​ត្រូវ​បាន​កោះហៅ​ហ្នឹង​ សុទ្ធតែ​ជាសកម្ម​ជន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយរឿង​ហ្នឹង​ក៏​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ផង​ដែរ»។

បើ​តាមលោក ​សំ សុ​គង់ គឺ​លោកស្រី មូរ សុខ​ហួរ និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយចំនួន នឹង​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០, ថ្ងៃទី១៤ ខែមករា និង​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ប្រាប់​ថា​ជាប់រវល់ ខណៈ​អ្នកនាំពាក្យ​មួយ​រូប​ទៀត លោក សួស វិទ្យា​រ៉ា​ន់​ឌី ប្រាប់​ថា​ លោក​មិនទាន់​ដឹងរឿង​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ជួប​ក្រុម​មេធាវី​របស់​លោក កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា បាន​ផ្ញើ​សារ​ថា ការសម្រប​សម្រួល​នយោបាយ​ណាមួយ​កើតឡើង វា​លុះណាតែ​អ្នក​ពាក់ព័ន្ធ​ទាំងនោះឆ្លងកាត់​នីតិវិធី​តុលាការ​ចប់​សព្វគ្រប់​ជាមុន​សិន។

លោក​ថា៖ «អត់មាន​សម្រួល​គ្នា​ខាងនយោបាយ​មុន​ផ្លូវច្បាប់​ទេ សុំ​ជូន​សារ​នេះ​ទុក​ឱ្យ​ហើយ ដំណើរការ​ផ្លូវច្បាប់​នៅតែ​បន្ត អ្នក​ត្រូវ​ជាប់គុក ត្រូវ​ជាប់គុក​ឱ្យ​ហើយ ចាំ​មក​និយាយ​គ្នា​តាម​ក្រោយ អ្នក​មិនទាន់​កាត់ក្តី​ ត្រូវ​កាត់ក្តី​ឱ្យ​ហើយ »។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា ការ​មិន​សម្របសម្រួល​នយោបាយមុន​តុលាការ​សម្រេច​ក្តី អាច​ជា​សារ​ប្រាប់​ថា តុលាការ​មិន​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ដូច​ការចោទប្រកាន់។

មួយវិញទៀត លោក​ថា ការ​ជ្រើសរើស​វិល​ចូល​កម្ពុជារបស់​ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង អាច​ថា វត្តមាន​នៅ​ក្រៅប្រទេស​មិន​មាន​ឥទ្ធិពល​ដល់​ការជំរុញ​លើ​ការ​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស។

លោក​ថា៖ «ការ​មក​ហ្នឹង ក៏​ជា​ការ​ដាក់​ទម្ងន់​បញ្ជាក់​អំពី​នយោបាយ​នៅ​កម្ពុជា នៅត្រង់​ថា កាលណា​មក ​មានការ​ចាប់​ មានការ​កាត់ទោស ឆ្លុះបញ្ចាំង​អំពី​យុត្តិធម៌​ពិតប្រាកដ អាច​ធ្វើ​ឱ្យ​អន្តរជាតិ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំងទៅលើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា ឬក៏​បរិយាកាស​នយោបាយ​នៅ​កម្ពុជា»។

សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា បាន​និយាយ​ថា ខ្លួន​កំពុងតាមដាន​ដោយ​យកចិត្ត​ទុកដាក់​លើ​ករ​ណី​បណ្តឹ​ងនៅ​តុលាការដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើង ទៅលើ​សកម្មជន​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។

សហរដ្ឋអាមេរិក គូសបញ្ជាក់​ថា សេរីភាព​ក្នុង​ការ​ជួប​ប្រមូល​ផ្តុំគ្នា សេរីភាព​ក្នុង​ការ​សម្តែង​មតិ និង​ការ​អត់ឱន​ចំពោះ​មតិ​ប្រឆាំង មាន​សារៈសំខាន់​ចាំបាច់​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ។

ប្រទេស​មហាអំណាច​មួយ​នេះក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ការពារ​សេរីភាព​ទាំងនេះ ដូចដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​ប្រកាន់​ជំហាន​ប្រកបដោយ​អត្ថន័យ ក្នុង​ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយនិង​លំហ​សម្រាប់​ពលរដ្ឋ នៅក្នុង​អំឡុង​ពេល​ឈាន​ទៅ​រក​ការបោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ