អ្នក​នាំ​ពាក្យ​​ក្រសួង​​យុត្តិធម៌​​ហៅ​​ប្រធាន​បទ​​ប្រចាំ​​​ខែធ្នូ​​របស់​​ទូត​​អាមេរិក​​ថា​ «យុទ្ធនា​ការ​​ខុស​​កាលៈ​ទេសៈ»​

លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក W. Patrick Murphy បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ការិយាល័យ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា និង​អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា អ្នកស្រី Pauline Tamesis ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ U.S​. Embassy Phnom Penh​, Cambodia​)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ ប្រតិកម្ម​ទៅ​នឹង​ជំនួប​រវាង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដោយ​ចាត់ទុក​ប្រធានបទ​ប្រចាំខែ​ធ្នូ​ និយាយ​អំពី​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​ ថាជា​«យុទ្ធនាការ​ខុស​កាលៈទេសៈ»

ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​កាលពី២ថ្ងៃមុន​ថា អគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​ជួបពិភាក្សា​ជាមួយ​អ្នកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដោយ​រៀបរាប់​ថា អ្នក​ទាំងពីរ​បាន​ជជែក​អំពី​កិច្ចសហការ​ផ្នែក​អប់រំ អាហារូបត្ថម្ភ ការ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ក្ដី​សង្ឃឹម​សម្រាប់​កម្ពុជា​ទាំងអស់​មាន​សំឡេង​ផ្នែក​ប្រជាធិបតេយ្យ​នា​ពេល​អនាគត។

នៅ​ថ្ងៃនេះ​វិញ ស្ថានទូត​អាមេរិក​ក៏បាន​បង្ហោះ​វីដេអូ​រយៈពេល២នាទី​ដែល​និយាយ​អំពី​ការ​លើកកម្ពស់​តួនាទី​ស្ត្រីនិង​យុវជន​កម្ពុជា​នៅក្នុង​ការដឹកនាំ និង​ការ​រួមចំណែក​ដល់​ការ​រីកចម្រើន​របស់​ពួក​គេ។

ស្ថានទូត​អាមេរិក​បាន​រៀបរាប់​ថា វីដេអូ​នេះ​ជាផ្នែក​មួយ​នៃ​កម្មវិធី​ប្រចាំខែ​ធ្នូ​នេះ ដែល​ស្ថានទូត​អាមេរិក​ផ្ដោត​លើ​ប្រធានបទ​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស សម្រាប់​អបអរ​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក​-កម្ពុជា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ហៅ​អ្វី​ដែល​ស្ថានទូត​អាមេរិក​កំពុង​ធ្វើ​នេះ​ ថា​ជា​«យុទ្ធនាការ​ខុស​កាលៈទេសៈ»

អ្នកនាំពាក្យ​រូប​នេះបាន​រៀបរាប់​ថា៖ «ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី​ជំងឺ​កូ​វីដ១៩នោះ ស្ថានទូត​អាមេរិក រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស​ជាតិនិង​អន្តរជាតិ​ផ្សេងទៀត គួរតែ​រួមគ្នា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើសកម្មភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​កូ​វីដ១៩នេះចូល​ដល់​សហគមន៍ ដើម្បី​ទទួល​បានការ​គាំទ្រនិង​ស្វាគមន៍​ពី​ប្រជាជាតិ​ខ្មែរ​ទូទាំង​ប្រទេស»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ា​លីន ប្រាប់​បន្ថែម​ថា កម្មវិធី​របស់​ស្ថានទូត​អាមេរិក​ល្អ ប៉ុន្តែធ្វើ​នេះ​ខុស​កាលៈ​ទេសៈ​តែប៉ុណ្ណោះ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «កម្មវិធី​ទូត​អាមេរិក​ល្អ​ហើយ តែ​វា​អត់​ត្រូវ​កាលៈ​ទេស ប៉ុន្តែអ្វី​ដែល​ខ្ញុំ​ចង់​ផ្ដោត គឺ​ផ្ដោត​ទៅលើ​កម្មវិធី​អង្គការ​សិទ្ធិមនុស្ស​ជាតិនិង​អន្តរជាតិ​មួយចំនួន បម្រុង​ធ្វើការ​ប្រមូលផ្ដុំ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​សេរីភាព ទិវា​សិទ្ធិមនុស្ស១០ ធ្នូ។ល។ »។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប៉ុន្តែមិនទាន់​ទទួល​បានការ​ឆ្លើយតប​នឹង​សំណួរ​របស់​វី​អូ​ឌី​នៅឡើយ​ទេ​ នៅ​ត្រឹម​ម៉ោង៦ល្ងាច​ថ្ងៃនេះ។

ទោះជាយ៉ាងណា ក្រោយមក​ដល់​កម្ពុជា​ដើម្បី​កាន់​តំណែង​របស់​លោក​កាលពី​ចុងឆ្នាំ​មុន អគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​កំណត់​ដាក់ចេញ​នូវ​កម្មវិធី​ប្រចាំខែ​នី​មួយ​ៗ ដោយ​ផ្តោត​លើ​ប្រធានបទ​ផ្សេង​ៗពីគ្នា ក្នុង​នោះ​រាប់​ចាប់តាំងពី​វិស័យ​កសិកម្ម​នៅក្នុង​ខែមករា រហូតដល់​ប្រធានបទ​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​នៅក្នុង​ខែធ្នូ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ