រដ្ឋាភិបាល​ចាប់​ផ្ដើមគម្រោង​កសាង និងកែ​លម្អ​ផ្លូវ​​ក្រុង​សៀមរាប​តម្លៃ​១៤០​លាន​ដុល្លារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០។ (រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

គម្រោង​កសាង និង​កែ​លម្អ​ផ្លូវ​នានា​ប្រវែង​សរុប​ជាង ១០០​គីឡូម៉ែត្រ​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​​បើក​ដំណើរការ​នៅ​ថ្ងៃ​នេះ ដោយ​រំពឹង​ថា ទីក្រុង​ទេសចរណ៍​មួយ​នឹង​ក្លាយ​ជា​ទីក្រុង​ឆ្លាត​វៃ។

ដំណើរការ​សាង​សង់ និង​កែ​លម្អ​ផ្លូវ ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​នេះ ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ដឹង​ថា ផ្លូវ​ទាំង ៣៨​ខ្សែ​ដែល​ត្រូវ​កសាង និង​កែ​លម្អ​នោះ មាន​ប្រវែង​ដល់​ទៅ ១០៨.៧៥​គីឡូម៉ែត្រ ហើយ​គម្រោង​មួយ​នេះ ត្រូវ​ចំណាយ​ថវិកា​ជាតិ​ដល់​ទៅ ១៤០​លាន​ដុល្លារ ខណៈ​ទំហំ​ថវិកា ៩​លាន​ដុល្លារ​ទៀត នឹង​ត្រូវ​ចំណាយ​មស្រាប់​កសាង​ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្លៀង និង​ទឹក​កខ្វក់​នៅ​ក្រៅ​គម្រោង​សាង​សង់​ផ្លូវ​ទាំង ៣៨​ខ្សែ​នោះ។

ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី​បញ្ជាក់​ថា គម្រោង​មួយ​នេះ នឹង​កែ​ប្រែ​ទីក្រុង​សៀមរាប​ ឱ្យក្លាយ​ជា​ទីក្រុង​​ឆ្លាត​វៃ​សម្រាប់​គោលដៅ​ទេសចរណ៍​ទំនើប ដែល​ទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

គម្រោង​កសាង និង​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​ក្រុង​សៀមរាប ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​មក​នេះ ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​នា​ពេល​នោះ​ថា គម្រោង​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ​១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ