ពលរដ្ឋ​រស់​នៅ​ក្បែរ​គំនរ​សំរាម​ក្នុង​ខណ្ឌ​ដង្កោ​មាន​បញ្ហា​សុខ​ភាព​

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា

ពលរដ្ឋ​រស់នៅ​ក្បែរ​ទីលាន​ចាក់សំរាម​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ កំពុង​កើតមាន​ជំ​ងឺ​ផ្សេង​ៗ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ស្រក​ទៅវិញ​ ក្លិនស្អុយ​កាន់តែ​ខ្លាំង​ហូរ​តាម​ទឹក​ចេញពី​គំនរសំរាម។

ពលរដ្ឋ​ម្នាក់​ លោក ឃិន សា​រ៉េ​ត មានប្រសាសន៍​ថា ក្នុងអំឡុងពេល​ដែល​ទឹក​កំពុង​ជន់​លិច ពលរដ្ឋ​នៅ​ទីនោះ​បាន​បង្ខំចិត្ត​ទៅ​រស់នៅ​លើ​គំនរសំរាម ហើយក៏​ចុះ​មកវិញ​រក​នៅ​ក្បែរ​នោះ​ពេល​ទឹកស្រក។ លោក​បន្ត​ថា ក្រោយពេល​ទឹកស្រក​វិញ ​ក្លិនស្អុយ​កាន់តែ​ខ្លាំង។

លោក ឃិន សា​រ៉េ​ត៖ «ទឹកហូរ​ចេញពី​គំនរ​សំរាម​ចេញក្រៅ​មក ​គឺ​រមាស់​តែម្តង ស្អុយ​ខ្លាំង ប៉ុន្តែ​ចេះតែ​ទ្រាំ​ មិនដឹង​ធ្វើ​ម៉េច។ ស្អុយ​ដឹង​តែ​ហួសពីស្អុយ​ពេក​ហើយ ​ប៉ុន្តែ​មិនដឹង​យើង​ទៅ​រស់នៅ​កន្លែងណា និយាយរួម​ បងប្អូន​នៅ​ហ្នឹង​អត់មាន​គោលដៅ​ទៅ​នៅកន្លែង​ណា​កើត។»

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​បាន​បាត់បង់​ចំណូល​ទាំងស្រុង​ពីរ​បរ​រើស​អេតចាយ ហើយក៏ប្រឈម​ជំ​ងឺ​ផ្សេង​ៗនិង​ខ្វះ​អាហារ។

អ្នកស្រី ស៊ុំ ស្រី​យ៉ាន‍ ជា​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់នៅលើ​គំនរសំរាម៨ឆ្នាំ​មក​ហើយ​នោះ ​បាន​រៀបរាប់​ថា ដោយសារ​ទឹក​កខ្វក់​ខ្លាំង​ ធ្វើ​ឱ្យ​អ្នកភូមិ​ខ្លះ​បាន​កើតជំងឺនិង​មាន​បញ្ហា​ជីវភាព។

អ្នកស្រី ស៊ុំ ស្រី​យ៉ាន‍៖ «ទឹកស្រក​ទៅ​ មាន​បញ្ហា​ជីវភាព ​ពិបាក​រក និង​ផ្តាសាយ​តិចតួច បើ​សំរាម​នៅ​ពេញ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​នៅ​ហ្នឹង​សាំ​ហើយ បើ​អ្នក​ចម្ងាយ​ចុះ​មក ​បាន​ក្លិន ​[…] មាន​អ្នក​គ្រុន​ឈី​កនៅសល់ ហើយ​អ្នក​ឈឺ​ហ្នឹង​បែប​មក​ពី​ [មេរោគ​] តាម​ទឹក តាម​ខ្យល់ តាម​ភ្លៀង។»

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា

ចំណែក​លោក ផល ផល្លា​ តំណាង​សប្បុរសជន​ដែល​បាន​យក​អំណោយ​ជួយ​ដល់​ពលរដ្ឋ​ បានឱ្យ​ដឹង​ថា ក្រោយ​ទឹកស្រក ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​គំនរសំរាម​បាន​កើតជា​ជំ​ងឺ​ផ្សេង​ៗ ហើយ​ពួក​គេ​បាន​បាត់បង់​ទី​ជម្រក​ដោយសារ​ផ្ទះ​ត្រាំ​ក្នុងទឹក​យូរថ្ងៃ។

លោក​ ផល ផល្លា៖ «វា​ជា​ទឹកជំនន់​ដែល​កខ្វក់​ខ្លាំង​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ អ៊ីចឹង​ហើយ វា​បណ្តាល​ឱ្យ​ពួក​គាត់​កើត​ជំ​ងឺ​ផ្សេង​ៗជាច្រើន ដូចជា ទឹក​ស៊ីជើង​រហូតដល់​ដំបៅ រមាស់ រាក និងគ្រុនក្តៅ​ ជាដើម។ ដោយសារ​ការ​ដក់​ត្រាំ​នៅក្នុង​ទឹក​យូរ​ពេក វា​បាន​ធ្វើឱ្យកូនខ្ទម​របស់​ពួក​គាត់​នី​មួយ​ៗដែល​ធ្វើ​ពី​តង់​នោះ មានការ​ពុក​ផុយនិង​ខូច​ទាំងស្រុង។»

ឆ្លើយតប​នឹង​បញ្ហា​នេះ លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ​ មានប្រសាសន៍​ថា លោកស្រី​នឹង​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​អភិបាលខណ្ឌ​សិន។

លោកស្រី សឿង សេរី៖ «មីងនឹង​ធ្វើ​ររបាយការណ៍​ជូន​ទៅ​លោកស្រី​អភិបាលខណ្ឌ ព្រោះ​វា​ហួស​សមត្ថកិច្ច​សង្កាត់ ហើយ​មីង​មើល​ស្ថាន​ការ​ណ៍សិន​ ទើប​ធ្វើ​របាយការណ៍។»

បើ​តាម​លោក ឃិន សា​រ៉េ​ត ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​មាន១២៥គ្រួសារ ជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់នៅ​ពឹង​លើ​ការ​រើស​អេតចាយ។ លោក​បន្ត​ថា ក្នុងអំឡុងពេល​ទឹកជំនន់​ខ្លាំង​ ពលរដ្ឋ​នៅ​ទីនោះ​ក៏​ផ្ទុះ​ការ​ឆ្លង​រាលដាល​ជំងឺ​គ្រុន​ឈី​កដែល​រហូតដល់​ពេលនេះ​មិនទាន់​ជាសះស្បើយ​ទាំងស្រុង​នៅឡើយ​៕

សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា
សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា
សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា
សប្បុរសជនចែកអំណោយដល់ពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយលោក ផន ផល្លា
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ