ក្រសួងសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីអាមេរិកាំង

សាលាអន្តរទ្វីបអាមេរិកកាំង។ រូបពីហ្វេសប៊ុក American Intercon School

ក្រសួងអប់រំសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។

ការផ្អាកដំណើរការនេះ ធ្វើឡើងបន្ទាប់ពី ក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ១៩ ហើយកូនរបស់គាត់រៀននៅសាលានោះផងដែរ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយគ្រឹះស្ថានសិក្សានេះ ត្រូវបន្តបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិចវិញ។

បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវទៅបុគ្គលិកអប់រំ ​មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីសង្ស័យ ត្រូវទំនាក់ទំនងទៅសេវាសុខាភិបាល។

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៩ ខែវិច្ឆិកានេះ រកឃើញអ្នកផ្ទុកមេរោគកូវីដឆ្លងថ្មីចំនួន៧នាក់បន្ថែមទៀត  ខណៈនាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបង្កើនការប្រុងប្រយ័ត្នព្រោះមានការឆ្លងរាលដាលពីក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះបញ្ជាក់ថា  ក្រសួងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ថ្មីចំនួន​៧នាក់បន្ថែមទៀត នាំឱ្យកម្ពុជារកឃើញអ្នកផ្ទុកមេរោគកូវីដ១៩កើនឡើងដល់៣១៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ