គ.ជ.ប គ្រោង​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​តាម​​ប្រព័ន្ធ​​អន​​ឡា​ញ​សាក​ល្បង​​នៅ​​ឆ្នាំ​ក្រោយ​​នេះ​​

បុគ្គលស្ត្រីម្នាក់កំពុងស្វែងរកទិន្នន័យនិងរបៀបប្រើប្រាស់ផ្សេងៗពីគេហទំព័រចុះឈ្មោះបោះឆ្នោតថ្មីរបស់គ.ជ.ប។ (ហង់ សុខហុង/ ២៨ សីហា ២០២០)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប គ្រោង​រៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ (Online​) នៅ​ឆ្នាំ២០២១ ដើម្បី​សាកល្បងមុននឹង​ឈាន​ទៅ​ធ្វើការ​អនុវត្ត​ជាក់ស្តែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នា​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ២០២៣។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ គ.ជ.ប បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០២១ខាងមុខនេះ គ.ជ.ប គ្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​មួយ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រើការ​គ្រប់គ្រង​ព័ត៌មាន​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ​ទៅលើ​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយនិង​បញ្ជី​បេក្ខជន ការ​បញ្ជូន​លទ្ធផល​ការបោះឆ្នោត​បឋម ការបែងចែក​អាសនៈ ការ​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត សុទ្ធតែ​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​កុំព្យូទ័រពី​គ្រប់​ការិយាល័យ​បោះឆ្នោតដែល​មាន​ជាង២ម៉ឺន​នៅ​ទូទាំង​ប្រទេស។ 

លិខិត​ដដែល​បញ្ជាក់​ថា បើ​ការបោះឆ្នោត​សាកល្បង​ក្នុង​ឆ្នាំ២០២១ ទទួល​បាន​ជោគជ័យ នោះ​ការរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបក៏​ទទួល​បាន​ជោគជ័យ​ដែរ ដែល​ធ្វើ​ឱ្យ​គ្រប់​ភាគី​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ទាំងអស់គ្នា ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​។

តាម​របាយការណ៍​របស់ គ.ជ.ប បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន ភាគី​ជប៉ុន​បាន​ជួយ​ទាំង​បច្ចេកទេសនិង​សម្ភារ ព្រមទាំង​អ្នកជំនាញ​ការ​ផ្នែក​ច្បាប់​សម្រាប់​ជួយ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ សម្ភារនិង​បរិក្ខារ​ទាំងនោះ រួមមាន ប្រព័ន្ធ​បញ្ជូន​ទិន្ន​ន័យ​ស៊ើវើ​(Server​) សម្រាប់​ផ្ទុក​ទិន្នន័យ​អ្នកបោះឆ្នោត រថយន្ត​ភី​កអាប់ ​(Pickup​) ចំនួន៤០គ្រឿង​សម្រាប់​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន​សម្ភារនិង​បរិក្ខារ​បោះឆ្នោត ហិបឆ្នោត​ចំនួន​ជាង១ម៉ឺន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ