អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​ថា​ កំពុង​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​​រវាង​​លោក​ ព្រាប​ សុវត្ថិ​ និង​​​សមាជិក​ក្រុម​​​ប្រឹក្សា​​ខេត្ត​

លោក​ ព្រាប សុវត្ថិ ក្នុង​​វេទិកាសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរខេត្តមណ្ឌលគិរី​ ឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធកំពុងសម្របសម្រួល​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី រវាងតារាចម្រៀង លោក ព្រាប សុវត្ថិ និងសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

អភិបាលរងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  លោក ឃន់ អូន ដែលជាអ្នកសម្របសម្រួល​​ដោះស្រាយវិវាទដីធ្លីនេះ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​​ថា ការដែលអាជ្ញាធរមិនទាន់អាចដោះស្រាយ​រឿងវិវាទដីធ្លីនេះបាន​ភ្លាមៗ ដោយសារតែប្រវត្តិ​ដីនេះមានភាពស្មុគស្មាញច្រើន។

លោកបន្តថា ភាពស្មុគ​ស្មាញដែលអាជ្ញាធរពិបាកនឹងដោះស្រាយនោះ ដោយសារ​ភាគីទាំង​សងខាងមានលិខិតកាន់កាប់ដីធ្លីដូចគ្នា ក្នុងនោះ ម្ដាយរបស់លោក ព្រាប សុវត្ថិ ទិញពីប្រជាពលរដ្ឋ​កាលពីឆ្នាំ២០១៨ ខណៈលោក ម៉ៅ ធនារក្ស បានទិញដីនោះពីប្រជាពលរដ្ឋដែរ​កាលពី​ឆ្នាំ២០១២ ហើយដីនោះពីមុន ស្ថិតក្នុងភូមិសាស្ត្រ​ស្រុកអូររាំង ប៉ុន្តែបច្ចុប្បន្ន​ ត្រូវបាន​​កាត់ចូលក្នុង​ក្រុង​សែនមនោរម្យ។

លោក ឃន់ អូន បន្ថែមថា៖ «អ្នកលក់ដីឱ្យលោក ម៉ៅ ធនារក្ស កាលពីឆ្នាំ២០១២នោះ បាន​ស្លាប់​ហើយ អ៊ីចឹងគាត់មានតែសាក្សីទេ […] លោក ធនារក្ស គាត់ទិញឆ្នាំ [២០១២] ហ្នឹង វាមុននឹង​​លោក ព្រាប សុវត្ថិ​ ប៉ុន្តែវាមានប្រែប្រួល​ដូ​ចខ្ញុំបានជម្រាបជូន»។

លោកបន្តថា៖ «[លិខិតទិញលក់ដីរបស់​] លោក ព្រាប សុវត្ថិ ក៏គាត់មានសុពលភាពដែរ។ ​អាជ្ញាធរក៏បានទទួលស្គាល់ចុះហត្ថលេខាឱ្យគាត់ដែរ ​ហើយក៏មានសាក្សីអ្នកលក់​គាត់មកបំភ្លឺនិងទទួលខុសត្រូវ បង្ហាញការពិត ហើយអាជ្ញាធរភូមិឃុំក៏ទទួលស្គាល់»។

ទោះយ៉ាងណា អភិបាលរង​ក្រុង​រូប​នេះបាន​បញ្ជាក់ថា អាជ្ញាធរក្រុងនឹងហៅ​ភាគី​ពាក់ព័ន្ធ ក្នុងនោះមាន អាជ្ញាធរភូមិ-ឃុំ សាក្សី និងប្រជាពលរដ្ឋដែលបានលក់ដីឱ្យម្ដាយលោក ព្រាប សុវត្ថិ ហើយ​និងសាក្សីដែលបានបំភ្លឺឱ្យលោក ម៉ៅ ធនារក្ស រួមទាំង​សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌល​គិរី លោក ម៉ៅ ធនារក្ស មកជួបគ្នា ដើម្បីស្វែងរកដោះស្រាយ នៅរសៀល​ថ្ងៃសុក្រនេះ។

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញវិវាទដីធ្លីនេះពីតារាចម្រៀង លោក ព្រាប សុវត្ថិ និងសមាជិកក្រុមប្រឹក្សា លោក ម៉ៅ ធនារក្ស បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។

តារាចម្រៀង លោក ព្រាប សុវត្ថិ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យជួយដោះស្រាយ​បញ្ហាវិវាទដីធ្លីនេះ។ ក្នុងលិខិតនោះ លោក ព្រាប សុវត្ថិ​ បាន​ចោទថា សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារក្ស ថា​បានប្រើប្រាស់សិទ្ធិអំណាចរំលោភ​បំពានយកដីដែលជាកម្មសិទ្ធិម្ដាយរបស់លោក ទំហំ​​ជិត២០​ហិកតា ស្ថិតនៅ​ភូមិអូរស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលម្តាយ​របស់​លោក​បានទិញពីប្រជាពលរដ្ឋ កាលពីឆ្នាំ២០១៨។

ចំណែកលោក ម៉ៅ ធនារក្ស បានចេញលិខិតបំភ្លឺ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយច្រានចោលការចោទប្រកាន់ ដែលថា លោក​ទៅរំលោភដីរបស់ភាគី ​លោក ព្រាប សុវត្ថិ។

លោក​ថា បញ្ហាដីធ្លីនេះកំពុង​ស្ថិត​ក្នុងនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ពីសំណាក់​រដ្ឋបាល​ក្រុង​សែនមនោរម្យ និងរដ្ឋបាលស្រុកអន្លង់វែង។

លោក​បន្តថា បើ​នីតិវិធីច្បាប់​រកឃើញថា ដីនោះពិតជាដីរបស់​ភាគីខាង​លោក ព្រាប សុវត្ថិ មែន នោះលោកនឹងប្រគល់ជូនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបើរកឃើញថា មានជនខិលខូច​យកដីនេះ ទៅរត់ការ​លក់ឱ្យទៅភាគីលោក ព្រាប សុវត្ថិ វិញនោះ សូម​ឱ្យ​មានការ​ទទួល​យកការពិតដើម្បីបញ្ចប់បញ្ហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ